ចំណេះដឹង! ស្វែងយល់ពី៣ចំណុចសំខាន់ៗនេះដើម្បីកត់សម្គាល់ល្បិចបោកប្រាស់លុយទូទៅ

ដោយៈ សាវុធ

ភ្នំពេញៈ ការបោកប្រាស់ក្លែងបន្លំ ដើម្បីកេងចំណេញកើតមានឡើង ជាញឹកញាប់ និងមានគ្រប់ទម្រង់ដូចជា ការឆបោកលុយតាមអ៊ីនធឺណេត ឬតាមរយៈសារឆ្លើយឆ្លង។

ដូច្នេះអ្នកគួរមានការប្រុងប្រយ័ត្នជានិច្ច ព្រមទាំងធ្វើការកត់សម្គាល់ និងសម្រេចចិត្តឱ្យបានច្បាស់ មុននឹងផ្ដល់ឬផ្លាស់ប្ដូរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬ Click លើតំណភ្ជាប់ណាមួយដែលគ្មានភាពប្រាកដប្រជា។

ទី១ ការទាក់ទងដែលមិនទំនង
ជាពិសេសគឺការទាក់ទងឬខលតាមទូរស័ព្ទមកអ្នកថា អ្នកបានឈ្នះរង្វាន់នេះរង្វាន់នោះ ដែលស្ដាប់ទៅមិនទំនងទាល់តែសោះ ព្រោះអ្នកមិនធ្លាប់ចូលរួមបានប្រកួតអ្វីសោះពីមុនមក។ បទពិសោធន៍ដែលខ្ញុំបានជួបផ្ទាល់តែម្ដង គឺមានលេខមួយបានខលចូលមកខ្ញុំ ហើយប្រាប់ខ្ញុំថា ខ្ញុំបានឈ្នះរង្វាន់ធំជាទឹកប្រាក់២ពាន់ដុល្លារ ហើយដើម្បីទទួលរង្វាន់នេះ ខ្ញុំត្រូវវេរលុយចំនួន២រយដុល្លារ មកកាន់គណនីក្រុមហ៊ុន។ នេះជាការក្លែងបន្លំសុទ្ធសាធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ការផ្ញើអ៊ីម៉ែលពីជនដែលអ្នកមិនធ្លាប់ស្គាល់
ជួនកាលអ្នកអាចទទួលសារដែលមានខ្លឹមសារប្លែកៗ ហើយអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកដែលផ្ញើនោះវិញទៀត គឺមានសណ្ឋានលាយឡំ លេខ សញ្ញា អក្សរច្របល់ចូលគ្នាពេញ។ មានពេលមួយនោះ មិត្តរបស់ខ្ញុំបានទទួលអ៊ីម៉ែលពីជនអនាមិកម្នាក់ ហើយអាស័យដ្ឋាន ដែលផ្ញើមកគឺមើលមិនយល់ទាល់តែសោះ។

នៅពេលដែលរូបគេចុចទៅលើតំណភ្ជាប់ក្នុងអ៊ីម៉ែល ស្រាប់តែកម្មវិធីកម្ចាត់វ៉ីរុសកុំព្យូទ័រក៏ផុសឡើង ធ្វើឱ្យប៊ិះគាំងកុំព្យូទ័រទៅហើយ។ ដូចេ្នះសូមអ្នកប្រុងប្រយ័ត្នឱ្យមែនទែនចំពោះបញ្ហានេះ។

ទី៣ ការទទូចសុំយកព័ត៌មានផ្ទាល់ខ្លួននិងលេខកូដសម្ងាត់
ក្រុមហ៊ុនដែលត្រឹមត្រូវ និងស្របច្បាប់នឹងមិនខលសុំ ឬផ្ញើសារសាកសួរអ្នក ពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនោះឡើយ។ មានពេលមួយទៀត ដែលអ្នកផ្ទះរបស់ខ្ញុំ បានទទួលទូរស័ព្ទ ពីមនុស្សម្នាក់ដែលអះអាងថា ខ្លួនមកពីក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅភ្នំពេញ ហើយបានសួរពីរឿងផ្ទាល់ខ្លួនជាច្រើន ដូចជា ផ្ញើលុយនៅធនាគារណាជាដើម។ នេះសុទ្ធតែជាល្បិចឆបោកលុយ។

នៅក្នុងសម័យទំនើបនេះ ការបោកប្រាស់លុយ អាចមានគ្រប់ទម្រង់និងបែបបទ។ អ្នកគួរតែមានការប្រុងប្រយ័ត្នជានិច្ច មុននឹងសម្រេចចិត្តផ្ដល់ ទិន្នន័យសម្ងាត់ដល់អ្នកដទៃ ដើម្បីជៀសវាងការខាតបង់ទៅថ្ងៃក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here