ការរីកចម្រើននៃវិស័យសំណង់បានស្រូបទាញពលកម្មដែលមានប្រាក់កម្រៃទាប

ដោយៈលក្ខិណា

ភ្នំពេញៈ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ឃើញថា មានសន្ទុះគួរឱ្យកត់សម្គាល់ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តសក្ដានុពលមួយចំនួន។

ការរីកចម្រើននៃវិស័យនេះ បានផ្ដល់ឱកាសការងារជាច្រើនដល់ពលរដ្ឋ ហើយក៏បានស្រូបទាញកម្លាំងពលកម្ម ដែលមានប្រាក់កម្រៃទាបមកធ្វើការងារ ក្នុងវិស័យសំណង់ផងដែរ ជាពិសេសការងារក្នុងវិស័យកសិកម្ម។

ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត លោកសុខ គឹមជឿន បានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៦ មិថុនានេះថា ការរីកចម្រើននៃវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងខេត្តកំពត និងខេត្តព្រះសីហនុ បានធ្វើឱ្យតម្រូវការកំលាំងពលកម្ម ក្នុងការងារនេះកាន់តែច្រើន ហើយបានស្រូបទាញកំលាំងពលកម្មពីការងារផ្សេងទៅធ្វើការក្នុងការដ្ឋានសំណង់ជាបន្តបន្ទាប់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ជាការកត់សម្គាល់កាលពីមុន ការងារក្នុងការផលិតអំបិលមានកំលាំងពលកម្មច្រើន ហើយប្រាក់កម្រៃក៏សមរម្យល្មម តែពេលនេះ ដោយសារតែការងារសំណង់មានតម្រូវការកំលាំងពលកម្មច្រើន និងផ្ដល់ប្រាក់កម្រៃច្រើនជាងការងារ ក្នុងស្រែអំបិល ពួកគេក៏បានចាកចេញ ពីកម្មករក្នុងស្រែអំបិលទៅធ្វើការ នៅតាមការដ្ឋានសំណង់វិញ ជាពិសេសកាលពីអំឡុងពេលខេត្តព្រះសីហនុ មានការរីកចម្រើនខាងសំណង់ច្រើន ។

លោកបន្តថា រហូតមកដល់ពេលនេះ ខេត្តកំពតមានសន្ទុះក្នុងវិស័យសំណង់ ក៏ធ្វើឱ្យតម្រូវការកំលាំងពលកម្មក្នុងខេត្តនេះ មានតម្រូវការខ្ពស់ហើយក៏ទាញ ស្រូវយកកំលាំងពលកម្មពីការងារផ្សេង ដូចជា ការងារក្នុងចំការ និងការងារក្នុងស្រែអំបិលបន្ថែមទៀត ធ្វើឱ្យការផលិតអំបិល កាន់តែប្រឈមនឹងកង្វះកំលាំងពលកម្ម ។

ជាមួយគ្នានេះ លោកខាត់ សាមឿនម្ចាស់ស្រែអំបិលក្នុងខេត្តកំពត ក៏បានឱ្យដឹងផងដែរថា ការងារក្នុងស្រែអំបិលយុវជនក្មេងៗ ពេញកំលាំងគេមិនធ្វើទេ គឺធ្វើតែអ្នករាងចំណាស់បន្តិច ដោយយុវជនគេទៅធ្វើការក្នុងរោងចក្រ សហគ្រាសដែលនៅក្នុងម្លប់វិញ ។ ក្រោយមកការងារសំណង់ ក៏ត្រូវការកំលាំងពលកម្មច្រើន ធ្វើឱ្យអ្នកធ្លាប់ធ្វើការ ក្នុងស្រែអំបិល ក៏ទៅរកការងារជាកម្មករសំណង់ជំនួសវិញ ដូច្នេះហើយទើបធ្វើឱ្យបាត់បង់កំលាំងពលកម្មបន្ថែមទៀតក្នុងការផលិតអំបិល។

យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក៏បានបង្ហាញផងដែរថា ការរីកចម្រើននៃវិស័យសំណង់ បានផ្ដល់ឱកាសការងារដល់ពលរដ្ឋ ក្នុងស្រុកជាច្រើនម៉ឺននាក់ និងទទួលបានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់គ្រួសារ និងទប់ស្កាត់ការធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here