ចំណេះដឹង! វិធីសាស្រ្ត៦យ៉ាងនេះនឹងជួយការធ្វើបទបង្ហាញអាជីវកម្មឱ្យកាន់តែមានភាពទាក់ទាញ

ដោយៈ សាវុធ

ភ្នំពេញៈ នៅក្នុងប្រទេសកម្ពុជា អ្នកនឹងអាចជួបនូវឱកាសនានា ដើម្បីនិយាយជាមួយភ្ញៀវអំពីមុខជំនួញរបស់អ្នក ឬលើកឡើងអំពីប្រធានបទអ្វីមួយ នៅមុខទស្សនិកជនជាច្រើននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនាញធ្វើបទបង្ហាញពិតជាមានសារៈសំខាន់ ដល់ភាពជោគជ័យផ្ទាល់ខ្លួន ក៏ដូចជាភាពជោគជ័យនៃអាជីវកម្ម។ ប្រជាជននៅកម្ពុជាភាគច្រើនចេះធ្វើបទបង្ហាញសាធារណៈបានយ៉ាងល្អ ប៉ុន្តែនេះជាវិធីសាស្រ្ត៦យ៉ាង ដែលកាន់តែជួយអភិវឌ្ឍន៍ជំនាញនិយាយរបស់អ្នក។

ទី១) ប្រធានបទនិងការរៀបចំ
អ្នកត្រូវស្រាវជ្រាវ និងរៀបចំទិន្នន័យជាក់ស្ដែង ដើម្បីធ្វើការគាំទ្រទៅនឹងប្រធានបទ ដែលអ្នកត្រូវធ្វើបទបង្ហាញ។ អ្នកគួរព្រាងគ្រោងឆ្អឹងនៃការធ្វើបទបង្ហាញ ហើយនៅពេលដែលរួចរាល់ចប់សព្វគ្រប់ អ្នកអាចធ្វើការពិនិត្យមើលឡើងវិញ។ ដើម្បីអភិវឌ្ឍជំនាញវោហាស័ព្ទ និងបង្កើនទំនុកចិត្តក្នុងពេលធ្វើបទបង្ហាញ អ្នកត្រូវតែរៀបចំ អនុវត្ត និងរៀនពីបទបង្ហាញនីមួយៗ ដែលអ្នកធ្លាប់បានធ្វើកាលពីពេលកន្លងទៅ។

ទី២) ចំណុចគោលដែលត្រូវផ្តោត
អ្នកមិនគួរធ្វើបទបង្ហាញអាជីវកម្ម ដែលគ្មានចំណុចគោលសម្រាប់ផ្ដោតនោះទេ ព្រោះដៃគូសហការឬអ្នកចូលរួម នឹងលែងមានការចាប់អារម្មណ៍ ដោយសារតែអ្នកធ្វើបទបង្ហាញមិនច្បាស់លាស់។

ទី៣) ស្មារតីរីករាយ
ប្រសិនបើអ្នកគ្មានចំណាប់អារម្មណ៍ ចំពោះអ្វីដែលអ្នកនិយាយ តើអ្នកដទៃទៀតដែលកំពុងស្ដាប់អ្នក មានចំណាប់អារម្មណ៍ដែរឬ? អ្នកត្រូវមានទឹកចិត្តរីករាយ នៅពេលដែលអ្នកកំពុងធ្វើបទបង្ហាញ។ នោះអ្នកស្ដាប់ក៏មានអារម្មណ៍ចង់ស្ដាប់ដែរ។

ទី៤) ប្រើប្រាស់មធ្យោបាយបង្ហាញព័ត៌មាន
រូបភាព វីដេអូ និង PowerPoint ជាមធ្យោបាយព័ត៌មានដែលមានឥទ្ធិពលបំផុត ប្រសិនបើអ្នកប្រើប្រាស់វាឱ្យបានត្រឹមត្រូវ តែមធ្យោបាយទាំងនេះអាចប្រែក្លាយជាការរំខាន កាលណាអ្នកប្រើប្រាស់ក្នុងផ្លូវខុស។ អ្នកគួរថ្លឹងថ្លែងថា តើវីដេអូឬរូបភាពពិតជាចាំបាច់ សម្រាប់ការធ្វើបទបង្ហាញរបស់អ្នកដែរឬទេ? ចំពោះ PowerPoint វិញ អ្នកគួរដាក់ពាក្យគន្លឹះមួយចំនួននៅលើស្លាយបានហើយ ជៀសវាងឃ្លាឃ្លោងច្រើន ដែលអាចបណ្ដាលឱ្យមានការច្រឡំនិងច្រំដែល។

ទី៥) មានឯកសារកត់ចំណាំ
អ្នកគួរសរសេរចំណុចគោលឬគន្លឹះនៃការធ្វើបទបង្ហាញអាជីវកម្មរបស់អ្នក តាមរយៈការកត់ចំណាំលើសន្លឹកក្រដាសតូចៗ ដើម្បីជួយឱ្យអ្នកចងចាំពីជំហាន ដែលអ្នកត្រូវរៀបរាប់ដល់ក្រុមហ៊ុនជាដៃគូ។

ទី៦) ធ្វើជាខ្លួនអ្នក
អ្នកមិនគួរធ្វើបទបង្ហាញតាម ស្ទីលឬបែបផែនរបស់អ្នកដទៃនោះទេ ដែលមិនមែនជាខ្លួនអ្នកផ្ទាល់។
អ្នកត្រូវចងចាំថា នៅពេលដែលអ្នកកាន់តែធ្វើជាខ្លួនឯង អ្នកកាន់តែមានទំនុកចិត្ត ហើយអ្នកស្ដាប់ក៏កាន់តែមានចំណាប់អារម្មណ៍។ អ្នកគួរមានកាយវិការនិងទឹកមុខធម្មជាតិ ទៅតាមអ្វីដែលអ្នកកំពុងនិយាយ៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here