រដ្ឋមន្រ្តីកសិកម្មៈផលិតផលកសិឧស្សាហកម្មកម្ពុជាបាននឹងបង្ហាញកេរ្ត៍ឈ្មោះ លើទីផ្សារអន្តរជាតិ

ដោយៈតារា
កំពង់ធំៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនបានមានប្រសាសន៍ថា ផលិតផលកសិឧស្សាហកម្មរបស់កម្ពុជា ទាំងផលិតផលសម្រេច និងពាក់កណ្តាលសម្រេច បាននិងកំពុងបោះជំហ៊ាន និងលេចកេរ្ត៍ឈ្មោះលើលើទីផ្សារអន្តរជាតិ។

មានប្រសាសន៍លើកឡើងក្នុងពិធីពិនិត្យសកម្មភាពផលិត និងនាំចេញគ្រាប់ស្វាយ​ចន្ទីរបស់សិប្បកម្ម កែច្នៃគ្រាប់ស្វាយចន្ទីរ “ជ័យសំបូរ” ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោកវេង សាខុនបានមានប្រសាសន៍ថា ការនាំចេញតាមបរិមាណបញ្ជារ ទិញរបស់ក្រុមហ៊ុន ថបភ្លែននីង (Top planing) ដែលបានកំណត់ទុកមុន គឺជាជំហ៊ានជោគជ័យរបស់ សិប្បកម្ម “ជ័យសំបូរ” នេះក៏ជាការបោះជំហ៊ានគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារក្នុងប្រទេសជប៉ុន និងផ្តល់រសជាតិទៅកាន់ជនជាតិជប៉ុនផងដែរ។

ការនាំចេញលើកទីពីរក្នុងបរិមាណជាង៩តោន លើផលិតផលសម្រេច និងពាក់កណ្តាលសម្រេច ទៅកាន់ប្រទេសជប៉ុន បញ្ជាក់ពីភាពអភិវឌ្ឍខ្លួនរបស់សិប្បកម្ម “ជ័យសំបូរ” ដែលកាលពីមុនផលិតដោយដៃ ប្រែក្លាយមកជាសិប្បកម្មពាក់កណ្តាលស្វ័យប្រវត្តិន៍ ដែលអាធានាបានក្នុង បរិមាណមួយសមល្មម និងមានគុណភាពល្អ មានការទទួលស្គាល់ពីប្រទេសជប៉ុន ធ្វើឲ្យគ្រាប់ស្វាយចន្ទីររបស់កម្ពុជា មានការទទួលស្គាល់លើទីផ្សារអន្តរជាតិ។ ផលិតផលស្វាយចន្ទីនាំចេញទាំងអស់នេះ បាននិងកំពុងលើកកម្ពស់គ្រាប់ស្វាយចន្ទីស្រស់ ផ្តល់តម្លៃខ្ពស់ដល់កសិករក្នុងតំបន់ និងកសិករដែលបានចុះ កិច្ចសន្យាផលិតកម្មកសិកម្ម ដែលធានាបាននូវគ្រាប់ចន្ទីរដែលប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ ប្រកួតប្រជែងលើទីផ្សារអន្តរជាតិ កាន់តែមានភាពប្រសើរឡើងនាពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវេង សាខុនបានបន្តថា ក្រៅពីការនាំចេញស្រូវ អង្ករ និងស្វាយចន្ទី កម្ពុជា មានដំឡូងមី សណ្តែកបាយ សណ្តែកសៀង ពោត ម្ទេស គ្រាប់ឈូក ស្វាយស្រស់ ដំណាប់ស្វាយ ផ្លែចេកស្រស់ ជាដើម ដែលផលិតខ្លះបានធ្វើការកែច្នៃរួចរាល់(ផលិតសម្រេច) នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក ដំណាំកសិឧស្សាហកម្មដែលបម្រើឲ្យការនាំចេញ ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំងប្រាំ ដូចក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥”។

តាមរយៈការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម រាជរដ្ឋាភិបាលនឹងជម្រុញផលិតផលកែច្នៃកសិកម្មឲ្យបាន១២ភាគរយ នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ខាងមុខ។

លោកវេង សាខុនបានបន្ថែមទៀតថា ទន្ទឹមនិងការនាំចេញបានតាមគោលនយោបាយនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម បាននិងកំពុងយកចិត្តទុកដាក់ លើក្រុមហ៊ុន ដែលជាអ្នកផ្សារភ្ជាប់ផលិតផលទៅកាន់ទីផ្សារ ក្នុងនោះកសិករខ្លួនឯងត្រូវដាំដុះតាមតម្រូវការ និងមានអនាម័យ ដើម្បីទទួលបានផលិតមានគុណតាមការកំណត់ ក្នុងនោះចាំបាច់ត្រូវចងក្រងជាសហគមន៍ និងឈានទៅរកការចុះបញ្ជីរឲ្យបានត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here