តើសកម្មភាពពុះដីឡូត៏បានជួយអ្វីខ្លះដល់សង្គមនិងសេដ្ឋកិច្ច?

ដោយៈលក្ខិណា

ភ្នំពេញៈ នៅរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សកម្មភាពពុះដីឡូត៏ ត្រូវបានគេមើលឃើញថា មានកំណើនកាន់តែខ្លាំង បើទោះបីជាមកដល់ពេលនេះ មានវិបត្តិនៃជំងឺកូវីដ១៩ក្ដី ក៏សកម្មភាពនេះ នៅតែមានភាពផុសផុល ដោយការពុះលក់ដីឡូត៍ ក៏កាន់តែឆ្ងាយពីរាជធានីភ្នំពេញ ជាពិសេសនៅបណ្ដាខេត្តដែលមានសក្ដានុពលខ្ពស់។

តើការពុះដីឡូត៏វាមានផ្ដល់ប្រយោជន៍អ្វីខ្លះដល់សង្គមនិងសេដ្ឋកិច្ចក៏ដូចជាពលរដ្ឋ?

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ បានលើកឡើងពីផលប្រយោជន៍ នៃការពុះដីឡូត៍ចំពោះសង្គមជាតិ ដូចជា ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការជួយដល់ពលរដ្ឋដែលមានជីវភាព ក្រោមមធ្យមក្នុងការទិញដី ដែលអាចបង់រំលស់សម្រាប់សង់ផ្ទះនៅពេលដែលមានសន្សំលុយបានគ្រប់គ្រាន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា គម្រោងដីឡូត៍មួយចំនួន មុននឹងពុះគេបានធ្វើផ្លូវចូលទៅគម្រោ​ងរបស់គេ ដើម្បីឱ្យអតិថិជនមើលទៅគម្រោងដីឡូត៍នោះ ពិតជាមានផ្លូវពិតប្រាកដមែន ដែលជាការសម្រួលដល់ពលរដ្ឋ ក្នុងតំបន់ពុះដីឡូត៏នោះ ដូច្នេះវាបានជួយដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋមួយចំណែកផងដែរ។

លោកបន្តថា “សកម្មភាពពុះដីឡូត៍ និងទិញលក់ដីឡូត៏នេះហើយ ដែលជាចំណែកក្នុងចំណូលពន្ធដារ តាមរយៈការបង់ពន្ធប្រថាប់ត្រា នៅពេលទិញផ្ដាច់ពីម្ចាស់គម្រោង ដែលអាចឱ្យទទួលបានពន្ធពីវិស័យនេះ សម្រាប់ជាចំណូលរដ្ឋ ដើម្បីប្រើប្រាស់តាមតម្រូវការ”។ លោកបន្តថា “ការពុះដីឡូត៍នេះដែរ ក៏បានជួយកែប្រែពីតំបន់ដែលមើលទៅដាច់ស្រយាលទៅជាតំបន់មួយ នឹងមានសក្ដានុពលលំនៅឋាននៅពេលអនាគត”។

ម្យ៉ាងទៀតសម្រាប់ពលរដ្ឋ ដែលមិនមានលទ្ធភាពទិញផ្ទះ ឬទិញដីដោយបង់ផ្ដាច់សម្រាប់សង់ផ្ទះ អាចទិញដីឡូត៍ ដោយបង់រំសល់ប្រចាំខែទៅម្ចាស់គម្រោង ព្រោះគម្រោងជាច្រើនបានផ្ដល់លក្ខខណ្ឌបង់រំលស់ដល់អតិថិជនរបស់ខ្លួន ។

ជាមួយគ្នានេះ លោកឧកញ៉ាគីម ហ៊ាង ប្រធាន KW Cambodia បានឱ្យដឹងថា ទីផ្សារដីឡូត៍ នៅតែមានសក្ដានុពលនិងមានតម្រូវការ ពីព្រោះថាប្រជាពលរដ្ឋមួយចំនួនធំនៅតែមិនទាន់មានលទ្ធភាព ទិញផ្ទះសម្រាប់ស្នាក់នៅ សមរម្យនៅឡើយទេ។ ដូច្នេះជម្រើ​សរបស់ពួកគេ មានតែទិញដីឡូត៍ ដើម្បីទុកសង់ផ្ទះនៅពេលពួកគេមានលទ្ធភាពសង់ផ្ទះ សំរាប់រស់នៅ ។

លោកបន្តថា ម្យ៉ាងទៀត ការទិញដីឡូត៏គឺអត់ចេះខុសនោះទេ ព្រោះដីដែលយើងទិញហើយ វានៅតែជាដីរបស់យើង ហើយនៅពេលអនាគត បើសិនជាយើងមានលទ្ធភាពទិញផ្ទះ ក៏អាចលក់ដីនោះចេញវិញយកចំណេញបានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here