កម្ពុជាគួរត្រៀមធនធានមនុស្សនិងអ្វីខ្លះទៀតដើម្បីទទួលវិនិយោគិនបរទេសក្រោយពេលចប់វិបត្តិ

ដោយៈលក្ខិណា

ភ្នំពេញៈ បើទោះបីជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែកម្ពុជានៅតែរំពឹងថាវិបត្តិនេះ នឹងបញ្ចប់នៅពេលឆាប់ ហើយទទួលបាននូវការវិនិយោគ ពីវិនិយោគិនបរទេសលើវិស័យជាច្រើន ជាពិសេសវិស័យអចលនទ្រព្យ ដែលកំពុងតែមានសកម្មភាព និងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ដូច្នេះតើកម្ពុជាគួរត្រៀមខ្លួនយ៉ាងដូចម្ដេច ដើម្បីទទួលវិនិយោគិនបរទេសនឹងចូលមកស្វែងរកការបណ្ដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យនិងវិស័យផ្សេងទៀត?។

យោងតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន ក៏ដូចជា សេដ្ឋវិទូប្រចាំប្រទេ​ស ក៏បានផ្ដល់ជាទស្សនទានផ្សេងៗពីការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីទទួលស្វាគមន៍វិនិយោគ ដែលនឹងចូលមកកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា លោកជឿជាក់ថា វិបត្តិនៃជំងឺកូវីដ១៩ វានឹងចប់នៅពេលណាមួយ ដោយសារតែរដ្ឋាភិបាល មានផែនការច្បាស់លាស់ ក្នុងការគ្រប់គ្រងការរាលដាល ហើយក៏ជឿជាក់ថា រដ្ឋាភិបាលនឹងអាចបញ្ចប់វានៅពេលឆាប់ៗខាងមុខនេះដែរ ។

លោកបន្តថា “អ្វីដែលកម្ពុជាត្រូវត្រៀមខ្លួន ក្នុងការទទួលយកវិនិយោគិនបរទេសចូលមកស្វែងរកការវិនិយោគនៅកម្ពុជានោះ គឺធនធានមនុស្សក្នុងវិស័យនីមួយៗ”។លោក​បន្តថា “ជាក់ស្ដែងវិស័យអចលនទ្រព្យ គឺត្រូវតែមានធនធានមានជំនាញ ប្រកបដោយវិជ្ជាជីវៈ និងភាពស្របច្បាប់នៃអ្នកជំនាញទាំងនោះ ដូចជា មានការចុះបញ្ជីរកស៊ីត្រឹមត្រូវ នៅក្រសួង និងមានតម្លាភាព ក្នុងការប្រកបអាជីវកម្ម”។

លោកបន្ថែមថា យើងជាអ្នកវិនិយោគិនក្នុងស្រុក ក៏គួរតែធ្វើឱ្យរួចរាល់នូវបញ្ហានានា ដូចជាទំនាស់ដីធ្លី ផ្សេងៗត្រៀមតែដោះស្រាយ មុនពេលដែលវិនិយោគិនចូលមក ហើយក៏ត្រៀមខ្លួន ក្នុងការទទួលបាននូវវិនិយោគថ្មីៗជាបន្តបន្ទាប់។

លោកបណ្ឌិតម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិក៏បានលើកឡើងកន្លងមកថា ដើម្បីស្វាគមន៍វិនិយោគិនបរទេសចូលមកកម្ពុជា អ្នកខាងក្នុងត្រូវតែត្រៀមខ្លួនឱ្យរួចរាល់ ដោយត្រូវពង្រឹងសមត្ថភាពអ្នកខាងក្នុង ជំនាញវិជ្ជាជីវៈ ធ្វើយ៉ាងណាពេលដែលវិនិយោគិនចូលមក គឺមិនចាំបាច់យកធនធានពីគេមកនោះទេ ព្រោះយើងនឹងមានធនធានមនុស្សសម្រាប់ផ្គត់ផ្គង់ទីផ្សារជូនគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here