ដោយលក្ខិណា
ភ្នំពេញៈ យោងតាមគេហទំព័របរទេសមួយ Africa Trendy បានចាត់ចំណាត់ថ្នាក់មហាសេដ្ឋីកំពូលទាំង១០ របស់កម្ពុជា ក្នុងឆ្នាំ២០២០នេះ និងបានបង្ហាញមុខជំនាញនិងអាជីវកម្មរបស់ពួកគាត់ផងដែរ។
គេហទំព័រនេះបានបង្ហាញថាមហាសេដ្ឋីទាំង១០រូបដែលមានឥទ្ឋិពលនៅកម្ពុជា រួមមាន
១.អ្នកឧកញ៉ាគិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនវិនិយោគធំមួយក្នុងប្រទេសកម្ពុជា និងវិនិយោគទៅលើវិស័យទូរគមនាគមន៍ វិស័យដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ សណ្ឋាគារ អចលនទ្រព្យ វិស័យអប់រំ និងវិស័យកសិកម្មជាដើម។
២.អ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអណិជកម្ពុជា ( OCIC ) ដែលក្រុមហ៊ុននេះ ភាគច្រើនវិនិយោគទៅលើវិស័យអចលនទ្រព្យ និងមានគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា ដូចជាខុនដូ បុរី ផ្សារទំនើប មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ជាដើម។
៣ លោកជំទាវ ភាព ហៀក ក្រុមហ៊ុនជីបម៉ុងគ្រុប ដែលក្រុមហ៊ុននេះ បានវិនិយោគទៅលើអចលនទ្រព្យ វិស័យភេសជ្ជៈ ផ្សារទំនើប និងវិស័យសំណង់ផងដែរ។
៤. លោកជំទាវ លឹម ឈីវហូ ក្រុមហ៊ុន អ៊ែតវូដ អាហរ័ណ នីហរ័ណ ។ លោកជំទាវ បច្ចុប្បន្នបានវិនិយោគទៅលើការនាំចូលម៉ាកស្រា និងភេសជ្ជៈល្បីៗ នៅលើពិភពលោក និងវិនិយោគទៅលើ តំបន់សេដ្ឋកិច្ច ដែលមានសកម្មភាពខ្លាំងជាងគេនៅកម្ពុជាផងដែរ។
៥. អ្នកឧកញ៉ា លី យ៉ុងផាត់ ជាម្ចាស់ក្រុមហ៊ុន LYP Group ៖ ក្រុមហ៊ុននេះ បានវិនិយោគទៅលើអចលនទ្រព្យ ការនាំចូល និងវិនិយោគទៅលើវិស័យកសិកម្មផងដែរ។
៦. អ្នកឧកញ៉ាសុខ គង់ អគ្គនាយកក្រុមហ៊ុនសុខាគ្រុប ដែលវិនិយោគទៅលើសណ្ឋាគារ ថាមពល អចលនទ្រព្យនិងកាស៊ីណូ ផងដែរ ។
៧.អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជាម្ចាស់ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប ដែលក្រុមហ៊ុនបានផ្ដោតទៅលើវិស័យកសិកម្ម។
៨. លោកឧកញ៉ា សៀ ឬទ្ធី ម្ចាស់ក្រុមហ៊ុនWorldbridge Group ដែលក្រុមហ៊ុនគេដឹងថាបានវិនិយោគភាគច្រើន ទៅលើវិស័យអចលនទ្រព្យ ក្នុងនោះមានគម្រោងធំៗជាច្រើននៅកម្ពុជា ដូចជា អគារ The Bridge អគារកំពុងសាងសង់ The Peak និងលំនៅឋានតម្លៃសមរម្យនៅស្រុកស្អាងខេត្តកណ្ដាល។
៩. លោកឧកញ៉ាលី ហួរ អគ្គនាយក្រុមហ៊ុនលី ហួរគ្រុប ដែលវិនិយោគទៅលើអចលនទ្រព្យ ហិរញ្ញវត្ថុ និងកសិកម្ម។
១០. លោកឧកញ៉ាសំ អាង ក្រុមហ៊ុនវឌ្ឍនៈគ្រុប ដែលកំពុងវិនិយោគលើអចលនទ្រព្យ និងកំពុងសាងសង់លើក្រុមហ៊ុនស្រាបៀរតម្លៃរាប់រយលានផងដែរ ៕