ដោយៈម៉ាណេត
អន្តរជាតិៈ ប្រភពពីទូរទស្សន៍CNNបានរាយការណ៍ថា ម្ចាស់ក្រុមហ៊ុន 7-Eleven របស់ជប៉ុនបានប្រកាសទិញ ខ្សែសង្វាក់អាជីវកម្មស្ថានីយ៍ប្រេងឥន្ធនៈ Speedway ពីក្រុមហ៊ុនប្រេងម៉ារ៉ាតុង (Marathon Petroleum) (MPC) របស់អាមេរិកក្នុងតម្លៃ២១ពាន់លានដុល្លារ។
ក្រុមហ៊ុនទាំងពីរ បានប្រកាសកិច្ចព្រមព្រៀងសាច់ប្រាក់នេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ។ វាជាការទិញដ៏ធំបំផុតមួយ នៅលើពិភពលោកមិនធ្លាប់មាន ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីដើមឆ្នាំនេះ។ (ស្ថានីយ៍ប្រេងឥន្ធនៈ Speedway ភ្ជាប់ជាមួយអាជីវកម្មហាងទំនើប)។
ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន Seven & i Holdings (SVNDF) ដែលជាម្ចាស់ហាង 7-Eleven និងហាងផ្សេងទៀតរួមទាំងផ្សារទំនើប Ito-Yokado និងហាង Sogo និង Seibu និយាយថា វាគឺជាការប្រកាសទិញធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Seven & i គឺជាប្រតិបត្តិករខ្សែសង្វាក់អាជីវកម្ម ហាងទំនើបដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុន ដែលមានហាងចំនួន២១,០០០នៅទីនោះ។ ក្រុមហ៊ុនក៏មានហាងជិត ៩,៨០០កន្លែងនៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ។ ក្រុមហ៊ុនបាននិងកំពុងពង្រីកខ្លួននៅក្រៅប្រទេស ខណៈទីផ្សារក្នុងប្រទេសរបស់ខ្លួនកាន់តែរីកដុះដាល។
តាមរយៈការទិញអាជីវកម្ម Speedway អ្នកលក់រាយជនជាតិជប៉ុននឹងយកហាងចំនួន៤០០០កន្លែង និងជំរុញប្រតិបត្តិការនៅអាមេរិកខាងជើង។
ជាមួយនឹងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន 7-Eleven នឹងមានវត្តមាននៅក្នុងតំបន់ចំនួន៤៧ ក្នុងចំណោមតំបន់ចំនួន៥០ ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។
លោកJoe DePinto ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន 7-Eleven បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យយើងបន្តរីកចម្រើន និងធ្វើពិពិធកម្មវត្តមាន របស់យើងនៅសហរដ្ឋអាមេរិក ជាពិសេសនៅតំបន់កណ្តាលខាងលិច និងខាងកើត”។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនចម្រាញ់ប្រេងម៉ារ៉ាតុងម៉ារ៉ាតធីធី បានប្រកាសពីចេតនាលក់ចេញអាជីវកម្ម Speedway របស់ខ្លួនពីខែតុលា។ ការសម្រេចចិត្តនោះបានកើតឡើង បន្ទាប់ពីវិនិយោគិន Elliott Management បានជំរុញឱ្យក្រុមហ៊ុនម៉ារ៉ាតុង ចែកចេញជាបីក្រុមហ៊ុនដើម្បី“ ដោះស្រាយភាពមិនប្រក្រតីរបស់ក្រុមហ៊ុន” ។ ក្រុមហ៊ុន Elliott បានស្នើឱ្យមានកែប្រែអាជីវកម្ម Speedway ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះ។
ហាងទំនើបភាគច្រើននៅសហរដ្ឋអាមេរិក មានទីតាំងនៅស្ថានីយ៍ប្រេងឥន្ធនៈ។ ប៉ុន្តែអ្នកវិភាគ បានអះអាងជាយូរយារមកហើយថា ក្រុមហ៊ុនSeven & i អាចទទួលបានអត្ថប្រយោជន៍ តាមរយៈការយកគំរូតាមបែបជប៉ុន នៃអគារផ្ទាល់ខ្លួននៅកណ្តាលទីក្រុង៕ CNN៕