មហាវិថីសហព័ន្ធរុស្ស៊ីក្លាយជាតំបន់ទាក់ទាញការវិនិយោគអចលនទ្រព្យរយៈពេលវែង

ដោយៈ លក្ខិណា

ភ្នំពេញៈ តំបន់នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបានកំណត់ថាជាតំបន់ ដែលមានដែលការទាក់ទាញការវិនិយោគទៅលើអចលនទ្រព្យដែលមានរយៈពេលវែង ដោយបច្ចុប្បន្ននៅតាមបណ្ដោយមហាវិថីនេះ កំពុងតែមានគម្រោងអចលនទ្រព្យជាច្រើនលេចរូបរាងជាបន្តបន្ទាប់។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ថា មហាវិថីសហព័ន្ធរុស្ស៊ីនៅតែមានសក្ដានុពលក្នុងការទាក់ទាញការវិនិយោគលើគម្រោងអចលនទ្រព្យធំនិងមានរយៈពេលវែង ដូចជាការវិនិយោគទៅលើអគារពាណិជ្ជកម្ម ផ្សារទំនើប ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ថ្មីៗនេះ ក៏មានគម្រោងអចលនទ្រព្យជាច្រើនទៀតបាននិងកំពុងត្រៀមខ្លួន ក្នុងការវិនិយោគនៅតាមបណ្ដោយមហាវិថីមួយនេះដែរ ដែលជំរុញឱ្យសក្ដានុពលអចលនទ្រព្យកាន់តែមានសន្ទុះ និងទាក់ទាញមួយកម្រិតទៀត។

លោកបានបន្តទៀតថា កត្តាដែលជំរុញឱ្យបណ្ដោយមហាវិថីនេះ មានសក្ដានុពលបែបនេះ ដោយសារតែវាជាផ្លូវអន្តរជាតិ ហើយគ្រប់ថ្នាក់ដឹកនាំកម្ពុជា ធុរជន វិនិយោគិនមកពីក្រៅប្រទេស ពេលចុះពីលើយន្តហោះ នឹងធ្វើដំណើរតាមបណ្ដោយមហាវិថីនេះ ដូច្នេះពួកគេនឹងមើលឃើញនូវរាល់ការអភិវឌ្ឍនានាតាមបណ្ដោយមហាវិថីមួយនេះដែរ។

លោកបន្ថែមថា គ្រប់ម៉ាកយីហោ ប្រែនធំៗ គេនឹងរកទីតាំងនៅតាមបណ្ដោយផ្លូវណាដែលអាចឱ្យអតិថិជនរបស់គេបានឃើញ ហើយផ្លូវមួយនេះ គឺស័ក្តិសមបំផុតសម្រាប់ការបង្ហាញនូវម៉ាកយីហោនិងប្រែនរបស់គេទៅកាន់អតិថិជន ដូច្នេះការអភិវឌ្ឍផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្មគឺពិតជាល្អខ្លាំងណាស់។

ជាការកត់សម្គាល់បណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីពេលនេះ មានផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារពាណិជ្ជកម្ម ខុនដូជាច្រើនបានចាប់ផ្ដើមសាងសង់និងកំពុងសាងសង់ជិតរួចរាល់ ដូច្នេះមិនយូរវានឹងកាន់តែទាក់ទាញថែមទៀត ដល់បណ្ដាវិនិយោគិនក្នុងនិងក្រៅប្រទេសក្នុងការសម្លឹងលើតំបន់នេះ ដើម្បីជាការវិនិយោគរបស់ខ្លួននៅពេលអនាគត ជាពិសេសនៅពេលចប់វិបត្តកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here