តើនរណាជាមហាសេដ្ឋីអចលនទ្រព្យមានលុយច្រើនជាងគេនៅសហរដ្ឋអាមេរិក?

ដោយៈឧត្តម

អាមេរិកៈ អ្នកជំនួញអចលនទ្រព្យនៅកម្ពុជា ស្គាល់លោក Donald Trump ច្រើនជាងគេ ក្នុងនាមជាអ្នកជោគជ័យផ្នែកអចលនទ្រព្យនៅអាមេរិក និងក្រោយមកលោកបានជាប់ឆ្នោតជាប្រធានាធិបតី។

ប៉ុន្តែអ្នកជោគជ័យ និងមានទ្រព្យសម្បត្តិជាប់លេខ១ផ្នែកអចលនទ្រព្យ មិនមែនលោក Donald Trump ទេ គឺលោក Donald Bren វ័យ៨៩ឆ្នាំ ដែលបច្ចុប្បន្នជាប្រធាន និងជាម្ចាស់ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនៅសហរដ្ឋអាមេរិក ដែលមានឈ្មោះថា Irvine Company។

ជាមួយនឹងទ្រព្យសម្បត្តិ សរុបរហូតដល់ទៅ១៧ពាន់លានដុល្លារ លោកបានក្លាយជាកំពូលមហាសេដ្ឋីអចលនទ្រព្យលេខ១ នៅសហរដ្ឋអាមេរិក និងជាប់ចំណាក់ថ្នាក់ជាកំពូលមហាសេដ្ឋីអចលនទ្រព្យលេខ៣២ ក្នុងពិភពលោកក្នុងឆ្នាំ២០២១នេះ។ នេះបើយោងតាទស្សនាវដ្ដី Forbes។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

*តើលោកមានប្រវត្តិ និងដំណើរជីវិតតស៊ូបែបណា មុននឹងក្លាយជាស្ដេចអចលនទ្រព្យនៅសហរដ្ឋអាមេរិក?
យោងតាម Business Insider ឱ្យដឹងថា កុមារា Donald Bren បានប្រសូត្រនៅក្រុងឡូសអ៊ែនជើឡេស សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៣២។ គាត់មានឪពុកជាផលិតករភាពយន្ត និងម្តាយជាអ្នកជួយឧបត្ថម្ភដល់សិល្បៈសម្ដែង ប៉ុន្តែពួកគាត់បានលែងលះគ្នា នៅពេលគាត់មានអាយុទើបតែ១០ឆ្នាំ។ ក្រោយបែកបាក់ ឪពុករបស់គាត់បានរៀបការភរិយា ក្រោយដែលជាតារាសម្តែង។ ចំណែកឯម្តាយរបស់គាត់ក៏បានរៀបការជាមួយស្វាមីក្រោយ ដែលជាម្ចាស់ឧស្សាហកម្មមានទ្រព្យស្ដុកស្ដម្ភ។

យុវជន Donald Bren និងបងប្រុសរបស់គាត់បានចូលរៀននៅវិទ្យាល័យ Beverly Hills High School ហើយអំឡុងពេលវិស្សមកាលនារដូវក្ដៅ ពួកគាត់ក៏ឆ្លៀតទៅធ្វើការជាជាងឈើឱ្យអាជីវកម្ម អភិវឌ្ឍន៍អចលនទ្រព្យរបស់ឪពុកពួកគាត់។

លោក Donald Bren បានប្រាប់កាសែត Los Angeles Times ក្នុងឆ្នាំ២០១១ មេរៀនដ៏សំខាន់មួយ ដែលគាត់បានរៀនពីឪពុករបស់គាត់គឺថា “នៅពេលកូនឯងប្រឡូកក្នុងវិស័យអចលនទ្រព្យយូរទៅ កូនឯងនឹងមានសមត្ថភាពបង្កើតគុណតម្លៃ កាន់តែប្រសើរ ហើយកូនឯងនឹងមានអ្វីបង្ហាញថា កូនអាចធ្វើបាន”។

យុវជន Donald Bren ទទួលបានអាហារូបករណ៍ផ្នែកកីឡាស្គី នៅសាកលវិទ្យាល័យ University of Washington។ តាមដឹងមកថា គាត់គឺជាកីឡាកស្គីដ៏ទាន់សម័យ និងចូលចិត្តប្រកួតប្រជែង។

គាត់ត្រូវចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ១៩៥៦ ប៉ុន្តែជាកុសលគាត់មិនអាចចូលរួមបាន ដោយសារតែរបួសកជើង។

ទន្ទឹមនេះ គាត់បានបញ្ចប់ការសិក្សា ដោយទទួលបានសញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ចពីសាកលវិទ្យាល័យ University of Washington ក្នុងឆ្នាំ១៩៥៥។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានចូលបម្រើយោធា ក្នុងជួរកងទាហានម៉ារីនសហរដ្ឋអាមេរិករយៈពេល៣ឆ្នាំ ដោយដឹកនាំក្រុមឈ្លបយកការណ៍សម្ងាត់ នៅមូលដ្ឋានទ័ព Camp Pendleton។

*ការចូលប្រឡូកក្នុវិស័យមុខជំនួញ
នៅឆ្នាំ១៩៥៨ ស្ថិតក្នុងវ័យ២៥ឆ្នាំ យុវជន Donald Bren បានសម្រេចចិត្តខ្ចីប្រាក់ពីធនាគារចំនួន១០,០០០ដុល្លារ ដើម្បីបង្កើតក្រុមហ៊ុន Bren Company ហើយបានសាងសង់ផ្ទះដំបូងរបស់គាត់ លើកោះសិប្បនិមិត្ត Lido Isle នៅឆ្នេរខ្សាច់ Newport Beach រដ្ឋកាលីហ្វរញ៉ា។ គាត់បានសាងសង់ផ្ទះលក់ ជាបន្តបន្ទាប់នៅតំបន់ Orange County អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលកាលនោះវិស័យអចលនទ្រព្យចាប់ផ្ដើមរីកចម្រើនខ្លាំង។

ចាប់ពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៧ លោក Donald Bren ក៏មមាញឹកខ្លាំងណាស់ដែរក្នុងឋានៈជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Mission Viejo Company នៅតំបន់ Orange County ដែលបានឌីហ្សាញផែនការមេ សម្រាប់សហគមន៍រស់នៅដ៏ធំមួយលើផ្ទៃដីប្រមាណ៤.៤៥០ហិកតា។

នៅឆ្នាំ១៩៧០ ក្រុមហ៊ុន International Paper Co. បានទិញយកក្រុមហ៊ុន Bren Company របស់លោកDonald Bren ក្នុងតម្លៃ៣៤លានដុល្លារ។ ប៉ុន្តែត្រឹមតែ២ឆ្នាំក្រោយមក បន្ទាប់ពីវិបត្តិសេដ្ឋកិច្ច និងដាំក្បាលចុះក្នុងទីផ្សារអចលនទ្រព្យ លោក Donald Bren បានទិញយកក្រុមហ៊ុនរបស់លោកមកវិញ ក្នុងតម្លៃត្រឹមតែ២២លានដុល្លារប៉ុណ្ណោះ​។

បន្ទាប់ពីរស់នៅ និងធ្វើការនៅតំបន់ Orange County អស់រយៈពេលជិត២ទសវត្សរ៍ លោក Donald Bren បានកំណត់ចក្ខុវិស័យរបស់លោក លើគម្រោអភិវឌ្ឍន៍ដីធ្លីដ៏ធំបំផុតនៅក្នុងតំបន់នេះ នោះគឺគម្រោងអចលនទ្រព្យ Irvine Ranch នៅលើផ្ទៃដី៣៧.៦៣៥ហិកតាដែលរួមបញ្ចូល ទាំងឆ្នេរសមុទ្រប្រវែង១៤,៥គីឡូម៉ែត្រ តាមបណ្ដោយមហាសមុទ្រប៉ាស៊ីហ្វិក និងគ្របដណ្ដប់២០%នៃតំបន់នេះផងដែរ។

បង្កើតឡើងដោយលោក James Irvine និងមនុស្ស២នាក់ទៀតនៅក្នុងឆ្នាំ១៨៦៤ គម្រោងអចលនទ្រព្យនៅតំបន់ដាច់ស្រយាល និងញ៉ាំញីដោយគ្រោះរាំងស្ងួតនេះ ដំបូងឡើយគឺជាផ្នែកមួយ នៃដែនដីរបស់ប្រទេសម៉ិកស៊ិក និងប្រទេសអេស្ប៉ាញ ដែលលាតសន្ធឹងពីជួរភ្នំ Santa Ana Mountains ដល់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក។

នៅឆ្នាំ១៩៧៧ លោក Donald Bren បានទិញយកក្រុមហ៊ុន Irvine Company ដែលជាម្ចាស់គម្រោង Irvine Ranch រួមជាមួយភាគហ៊ុនិក៥រូបទៀតក្នុងតម្លៃ៣៣៧,៤លានដុល្លារ។ ដំបូងឡើយលោក Donald Bren បានកាន់កាប់ភាគហ៊ុន១ភាគ៣នៃក្រុមហ៊ុននេះ ប៉ុន្តែនៅឆ្នាំ១៩៨៣ លោកបានទិញភាគហ៊ុនពីភាគហ៊ុនិកប៉ុន្មានរូបទៀត ធ្វើឱ្យលោកកាន់កាប់ភាគហ៊ុន៨៦% នៃក្រុមហ៊ុនទាំងមូល។

ក្នុងឆ្នាំ១៩៩៦ លោកDonald Bren បានក្លាយជាម្ចាស់ក្រុមហ៊ុននេះផ្តាច់មុខ ក្រោយទិញយកភាគហ៊ុន ដែលនៅសេសសល់យ៉ាងតិច៨០លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here