ដោយ ម៉ាណេត
ភ្នំពេញៈ ធនាគារ (The Roles of Banks) គឺជាគ្រឹះស្ថានសេវាហិរញ្ញវត្ថុ ដែលផលិត និងលក់មូលធនជាសាធារណៈ ប្រកបទៅដោយវិជ្ជាជីវៈ និងបានដើរតួយ៉ាងសំខាន់នៅក្នុងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ធនគារមានតួនាទីសំខាន់ៗដូចខាងក្រោម៖
តួនាទីអន្តរការីៈ បង្វែរការសន្សំជាសាច់ប្រាក់ពីសាធារណៈជន ឲ្យទៅជាឥណទានសម្រាប់សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសផ្សេងទៀត ដើម្បីវិនិយោគនៅក្នុងការសាងសង់ សម្ភារបរិក្ខារ ឧបករណ៍ប្រើប្រាស់និងសន្និធិ។ល។
តួនាទីទូទាត់ៈ ជាការអនុវត្ដនូវការទូទាត់ផ្សេងៗ សម្រាប់ទំនិញនិងសេវាកម្ម ក្នុងនាមជាអតិថិជនរបស់ពួកគេ ដូចជាការចេញនិងការទូទាត់ជំរះ មូលប្បទានបត្រផ្ទេរសាច់ប្រាក់ ការទូទាត់តាមប្រពន្ធ័អេទ្បិត្រូនិច និងការដកប្រាក់តាមប្រព័ន្ធម៉ាស៊ីនទំនើបអេធីអឹម(ATM)។
តួនាទីជាអ្នកធានាៈ ឈរពីខាងក្រោយអតិថិជនរបស់គេ ដើម្បីធ្វើការទូទាត់ ឬសងនូវបំណុលរបស់អតិថិជន នៅពេលដែលអតិថិជនទាំងនោះ មិនអាចសងឲ្យទៅម្ចាស់បំណុលរបស់គេក្នុងកាលៈទេសៈចៃដន្យ ដោយធនាគារ គ្រាន់តែចេញនូវលិខិតឥណទាន ដើម្បីបង្ហាញនូវទឹកប្រាក់នៅក្នុងគណនីអតិថិជនរបស់គេ។
តួនាទីគ្រប់គ្រងហានិភ័យៈ ជួយទៅដល់អតិថិជន ក្នុងការរៀបចំនូវការគ្រប់គ្រងប្រតិបត្ដិការហិរញ្ញវត្ថុ សម្រាប់ការកើតមានហានិភ័យ នៃការបាត់បង់ទ្រព្យសម្បត្ដិ និងជីវិតមនុស្ស។
តួនាទីជាទីប្រឹក្សាលើការសន្សំៈ ជួយដល់អតិថិជន លើការផ្ដល់ការប្រឹក្សាយោបល់សម្រាប់គោលដៅរយៈពេលវែង ក្នុងការធ្វើឱ្យមានជីវិតល្អប្រសើរ ដូចជា គម្រោងសាងសង់ឬគម្រោងអាជីវកម្មផ្សេងៗ ដើម្បីជៀសវាងទុកប្រាក់សន្សំមិនចរាចរនៅលើទីផ្សារ។
តួនាទីជាអ្នកថែរក្សាវត្ថុមានតម្លៃៈ ទុកដាក់វត្ថុមានតម្លៃរបស់អតិថិជន និងវាយតម្លៃប្រកបដោយភាពសុក្រិតភាព នូវតម្លៃរបស់ទ្រព្យសកម្មឬទ្រព្យសម្បត្ដិ ដែលធ្វើប្រតិបត្ដិការនៅលើទីផ្សារ។
តួនាទីជាភ្នាក់ងារៈ ក្នុងនាមជាអ្នកតំណាងឲ្យអតិថិជន ដើម្បីចាត់ចែង និងការពារនូវទ្រព្យសកម្មរបស់ពួកគេឬចេញ និងរំលស់ឬទទួលទូទាត់លក់ចេញ និងទិញចូលនូវប័ណ្ណភាគហ៊ុននានា។ ជាធម្មតា សកម្មភាពទាំងនេះ ត្រូវបានផ្ដល់ឲ្យដោយនាយកដ្ឋានសច្ចភាពរបស់ធនាគារ។
តួនាទីអ្នកអនុវត្តគោលនយោបាយៈ ធ្វើប្រតិបត្តិការស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងឲ្យមានកំណើនសេដ្ឋកិច្ច និងឈានទៅដល់គោលដៅដែលសង្គមចង់បាន៕