សមាគមហិរញ្ញវត្ថុបីនៅកម្ពុជារួមគ្នាជំរុញទីផ្សារវិស័យធានារ៉ាប់រងកាន់តែប្រសើរ

ដោយៈលក្ខិណា
ភ្នំពេញៈ ស្ថាប័នហិរញ្ញវត្ថុចំនួនបីនៅកម្ពុជា រួមមានសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានរួមគ្មានក្នុងការរៀបចំនូវកិច្ចពិភាក្សាមួយស្ដីពីមុខងារ ប៊េងកាសួរេននៅកម្ពុជា ដែលជាអាជីវកម្មថ្មីមួយ ចេញដោយធនាគារជាតិនៃកម្ពុជា កាលពីចុងខែមីនា ២០២១សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុធ្វើប្រតិបត្តិការ។

ប្រធានសមាគមធនាគារនៅកម្ពុជា លោកអ៊ិន ចាន់នីបានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី៣ មិថុនានេះថា នេះគឺជាលើកទី១ ដែលសមាគមទាំងបី បានរួមសហការគ្នារៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវមុខងារBank insurance  ដើម្បីកសាងនូវទំនុកចិត្តដល់សាធារណជន និងលើកកម្ពស់ចំណេះដឹងផ្នែកទីផ្សារធានារ៉ាប់រង ដោយផ្តល់ឲ្យសាធារណជននូវមូលដ្ឋានគ្រឹះ នៃការយល់ដឹងពីភាពចាំបាច់នៃវិស័យធានារ៉ាប់រង និងទិដ្ឋភាពនៃទីផ្សារធានារ៉ាប់រងនិងផលិត ផលរបស់ខ្លួន ដែលផ្សារភ្ជាប់រវាងវិស័យធនាគារនិងវិស័យធានារ៉ាប់រង។

លោកបណ្ឌិតបញ្ជាក់ថា “កិច្ចពិភាក្សានេះ ធ្វើឡើងស្របតាមប្រកាស និងក្រប​ខ័ណ្ឌបទប្បញ្ញត្តិ របស់ធនាគារជាតិនៃកម្ពុជា សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការធ្វើអាជីវកម្មប៊េងកាសួរេន ក្នុងគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការបង្កើនលទ្ធភាពឲ្យសាធាណជន ទទួលបានសេវាធានារ៉ាប់រង នឹងពង្រឹងកិច្ចការពារអតិថិជន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកលោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)បានថ្លែងថា សិក្ខាសាលានេះ នឹងដើរតួនាទីយ៉ាងសំខាន់ ស្របតាមយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និតរវាងភាគីពាក់ព័ន្ធ ក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង ដើម្បីឲ្យប្រតិបត្តិការBank insurence កាន់តែមានការរីកចំរើនទៅមុខជាលំដាប់។

លោកបន្តថា “ការភ្ជាប់ទំនាក់ទំនងនៃវិស័យទាំងពីរ ក៏នឹងចូលរួមបង្កើនការយល់ដឹង និងទំនុកចិត្តដល់អតិថិជន សាធារណជន មកលើសេវាធានារ៉ាប់រងនៅកម្ពុជាផងដែរ”។

លោកបូរាណបន្តថា ផ្អែកតាមបទពិសោធន៍តាមគ្រឹះស្ថានហិរញ្ញវត្ថុកន្លងមក ហេតុផលដែលអតិថិជនមួយចំនួនជួបការក្ស័យធន់ ឬបរាជ័យគឺរួមមាន បញ្ហាសុខភាព គ្រោះថ្នាក់ដោយចៃដន្យ រួមទាំងគ្រោះធម្មជាតិផងដែរ។ ដូច្នេះដើម្បីចូលរួមពង្រឹងការកាពារអតិថិជនបន្ថែមទៀត តាមរយៈផលិតផល និងសេវាកម្មធនារ៉ាប់រង ពិតជាមានសារៈសំខា​ន់ណាស់ ក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យទាំងអស់នេះ។

ជាមួយគ្នានេះលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា មានប្រសា​សន៍ថា សេវាធានារ៉ាប់រង គឺជាឧបករណ៍គ្រប់គ្រងហានិភ័យ សម្រាប់ការពារសុវត្ថិភាពនិងស្ថិរភាព ហិរញ្ញវត្ថុរបស់បុគ្គល និងធុរជននៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។

លោកបន្តថា “ វិស័យធានារ៉ាប់រង និងធនាគារនិងហិរញ្ញវត្ថុ គឺជាសរសរស្តមដែលមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត នៅក្នុងវិស័យហិរញ្ញវត្ថុ”។ លោកបន្ថែមថា “សេវាធានារ៉ាប់រង ផ្តល់ជាសំណាញ់សុវត្ថិភាព សម្រាប់ការពារស្ថិរភាពហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នធុរកិច្ច គាំទ្រដល់ការធ្វើពាណិជ្ជកម្ម ជំរុញការធ្វើវិនិយោគនិងការផ្តល់ឥណទានធនាគារ ដោយសារហានិភ័យឥណទាន ត្រូវបានកាត់បន្ថយក្រោមការការពាររបស់ ប័ណ្ណសន្យារ៉ាប់រង”។

អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា លោក គិត សុវណ្ណារិទ្ធបានមានប្រសាសន៍ថា នាពេលកន្លងមកធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យធនាគារចំនួន ១៨និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន២ផ្តល់សេវាប៊េងកាសួរេន តាមរយៈម៉ូដែលណែនាំអតិថិជនឬ Referral តែប៉ុណ្ណោះ មានន័យថាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អាចណែនាំអតិថិជន ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងជាដៃគូ ដោយគ្មានសិទ្ធិលក់ផលិតផលធានារ៉ាប់រងដោយផ្ទាល់ទេ។

លោកបន្តថា “ការអនុញ្ញាតតែម៉ូឌែលណែនាំអតិថិជននេះ ជាឧបសគ្គដល់ក្រុមហ៊ុនធានារ៉ាប់រង មិនអាចផ្តល់សេវាBank insurence ឲ្យបានទូលំទូលាយដល់អតិថិជន ហើយការអនុញ្ញាតនេះ មិនទាន់មានបទប្បញ្ញត្តិច្បាស់លាស់នៅឡើយទេ ព្រោះជាដំណា ក់កាលសាកល្បងទីផ្សារ”។

ធនាគារជាតិនៃកម្ពុជា យល់ពីសារៈសំខាន់នៃប៊េងកាសួរេន ចំពោះវិស័យធនាគារនិងវិស័យធានារ៉ាប់រង អតិថិជន និងសង្គមទាំងមូល ហើយជារួមធនាគារជាតិនៃកម្ពុជា គាំទ្រដល់ការផ្តល់សេវាBank insurence របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប៉ុន្តែក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ យើងតែងតែមានការព្រួយបារម្ភអំពីហានិភ័យ ដែលអាចកើតមានពីសេវានេះ ជាពិសេសហានិភ័យកេរ្តិ៍ឈ្មោះ ប្រសិនបើបុគ្គលិកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ពន្យល់អតិថិជនអំពីផលិតផលធានារ៉ាប់រង មិនបានត្រឹមត្រូវនិងប្រកបដោយវិជ្ជាជីវៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here