តើបំណុលនិងទ្រព្យមានភាពខុសគ្នាដូចម្តេច?

ដោយៈ លក្ខិណា

ភ្នំពេញៈ បច្ចុប្បន្ននេះ មានមនុស្សមិនតិចទេ ដែលយល់ច្រលំ និងមិនអាចបែងចែកនូវអ្វី ដែលជាទ្រព្យ ហើយអ្វីជាបំណុល ហើយមានមនុស្សមិនតិចទេបានយល់ច្រលំបំណុលថាជាទ្រព្យទៅវិញ។ អ្នកជំនាញហិរញ្ញវត្ថុមួយរូបបានបកស្រាយលើបំណុលនិងទ្រព្យនេះដើម្បីឱ្យអស់ចម្ងល់ផងដែរ។

លោកង៉ែត ជូអ្នកជំនាញហិរញ្ញវត្ថុមួយរូបបានបកស្រាយកាលពីល្ងាចថ្ងៃទី១ ខែមិថុនាក្នុងកម្មវិធីសម្ភាសន៍មួយដោយបានលើកឡើង មនុស្សជាច្រើនបានយល់ថា ផ្ទះ រថយន្តម៉ូតូ គ្រឿងអេឡិចត្រូនិកគឺជាទ្រព្យ តែតាមពិតបើក្នុងន័យហិរញ្ញវត្ថុផ្ទាល់ខ្លួនគេហៅវាថាជាបំណុល។ ជាក់ស្ដែងដូចជារថយន្ត ពេលដែលទិញវាមកហើយ យើងត្រូវការថែទាំ ចាក់សាំង ហើយតម្លៃរបស់រថយន្តគឺធ្លាក់ថ្លៃជានិច្ច ដូច្នេះហើយទើបគេហៅថាវាបំណុល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា “ក្នុងន័យហិរញ្ញវត្ថុ ទ្រព្យទាំងឡាយណា ដែលមិនបាននាំមកនូវភាពចំណេញ នោះគេចាត់ទុកវាថាជាបំណុល ហើយទ្រព្យទាំងឡាយណា ដែលធ្វើឱ្យយើងកើនចំណូល ឬចំណេញនោះគេហៅវាថាជាទ្រព្យ”។

លោកបានបន្តថា អ្នកខ្លះបានចាត់ទុក រថយន្ត គ្រឿងអេឡិត្រូនិកផ្សេងៗថាជាទ្រព្យ ហើយគេគិតថាគេបានចំណេញពីវាដោយបានប្រើវា តែក្នុងន័យសេដ្ឋកិច្ចវាមិនមែនបែបនេះនោះឡើយ ព្រោះបាមិនបានធ្វើឱ្យចំណេញទ្រព្យ តែបើសិនជាយើងទិញដោយបង់រំលស់ទៀតនោះវារឹតតែខាតថែមគឺខាតការប្រាក់។ សម្រាប់ផ្ទះ នៅក្នុងពេលបច្ចុប្បន្ននេះ ក៏ត្រូវបានចាត់ទុកថាបំណុលដែរ។

លោកបានបន្តថា កាលពី១០ឆ្នាំមុន អ្នកទិញផ្ទះទុកលក់បន្តគេហៅវាថាជាទ្រព្យ ព្រោះវាអាចចំណេញមែន តែសម្រាប់ពេលនេះ ផ្ទះអាចជាបំណុល ហើយមានអ្នកលក់ខ្លះទិញផ្ទះដោយបង់រំលស់ ដូច្នេះបើសិនជាចង់លក់ផ្ទះនោះវិញ ពេលខ្លះមិនបានរួចថ្លៃការប្រាក់បង់ប្រចាំខែផង ។

លោកបន្ថែមថា ការយល់ច្រលំបំណុលគឺជាទ្រព្យនេះ គឺជាបច្ច័យមួយនាំឱ្យសេដ្ឋកិច្ចគ្រួសារនីមួយៗ មិនមានភាពរីកចម្រើន។ យើងតែលឺថា រកស៊ីយូរហើយ បានសល់ត្រឹមតែផ្ទះ ម៉ូតូ ឬឡាន ប៉ុន្តែវាមិនអាចធ្វើឱ្យទ្រព្យកើនបន្តទៀតទេ បើសិនជាអ្នកឈប់រកស៊ីឬឈប់ធ្វើការ។ លោកថា “មនុស្សយើងម្នាក់ៗ ខំធ្វើការ ដើម្បីរកទ្រព្យ ប៉ុន្តែទ្រព្យសម្បត្តិទាំង វាមិនបានធ្វើឱ្យកើនទ្រព្យបន្ត ដូច្នេះហើយវាជាចំណុចមួយ ដែលធ្វើឱ្យមនុស្សជាច្រើនបែងចែកមិនដាច់ស្រេច”។

លោកបានបន្តថា អ្នកដែលមានការយល់ច្រលំបែបនេះ គឺងាយនឹងរងគ្រោះណាស់ នៅពេលប្រទេស ឬពិភពលោកបានជួបវិបត្តិម្ដងៗ។ អ្នកខ្លះទៀតមានដំណែងខ្ពស់ក្នុងក្រុមហ៊ុនធំៗ ហើយគិតតែពីធ្វើការ ដើម្បីប្រាក់ខែ និងយកប្រាក់ខែចាយមួយខែៗ នៅពេលក្រុមហ៊ុនជួបវិបត្តិណាមួយ មនុស្សជំពូកនេះក៏ងាយគ្រោះថ្នាក់ដែរ។ ការយល់ច្រលំ ឬមិនមានចំណេះដឹងហិរញ្ញវត្ថុច្បាស់លាស់នឹងធ្វើឱ្យមនុស្សងាយនឹងមានវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here