ការសិក្សា: តម្លៃផ្ទះថ្មីនៅប្រទេសចិន ហក់ឡើង៣ខែជាប់គ្នាក្នុងខែឧសភា

សុខុម

ប៉េកាំង: ការសិក្សាមួយបានបង្ហាញនៅថ្ងៃអង្គារ ទី០១ មិថុនា នេះថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បានហក់ឡើងក្នុងខែឧសភា ពោលគឺរយៈពេល៣ខែជាប់ៗគ្នានៅក្នុងទីក្រុងជាច្រើន ខណៈបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បានជំរុញការលក់លឿនជាងមុន។ នេះបើយោងតាមសារព័ត៌មាន CNA។

យោងតាមទិន្នន័យពីវិទ្យាស្ថាន China Index Academy ដែលជាស្ថាប័នឯករាជ្យស្រាវជ្រាវផ្នែកទីផ្សារអលនទ្រព្យបានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន១០០បានហក់ឡើង០,៣៤%ក្នុងខែឧសភា បើធៀបនឹង០,២៣%ក្នុងខែមេសា។

លោក Cao Jingjing នាយកផ្នែកស្រាវជ្រាវនៅវិទ្យាស្ថាន China Index Academy បានលើកឡើងថា “ចំនួនគម្រោងលំនៅដ្ឋានថ្មីៗ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍នៅតែកើនឡើងខ្ពស់ក្នុងខែឧសភា”។ លោកបានបន្ថែមទៀតថា ដោយសារពលរដ្ឋដែលមានផ្ទះរួចសម្លឹងរកទិញផ្ទះដែលធំទូលាយជាងមុនបានជំរុញឱ្យមានតម្រូវការសម្រាប់គម្រោងថ្មីៗ ហើយនោះជាមូលហេតុដែលធ្វើឱ្យតម្លៃហក់ឡើង។

ទន្ទឹមនេះ តម្លៃផ្ទះមួយទឹកបានហក់ឡើង០.៥%ក្នុងខែឧសភា។ តម្លៃផ្ទះនៅក្នុងទីក្រុងលំដាប់ទី១ បានហក់ឡើង០,៩៥%ក្នុងខែឧសភា គឺកើនឡើងទ្វេដងបើធៀបទៅនឹងកំណើនជាមធ្យមនៅក្នុងទីក្រុងដែលមានលំដាប់ទាបជាង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចាប់តាំងពីដើមឆ្នាំ២០២១នេះ អាជ្ញាធរចិន បានពង្រឹងយុទ្ធនាការរបស់ខ្លួនដើម្បីគ្រប់គ្រងការឡើងថ្លៃផ្ទះឥតឈប់ឈរ។ គោលនយោបាយនានាដែលអាជ្ញាធរចិន បានដាក់ចេញរួមមានការដាក់កម្រិតលើតម្លៃដែលកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ និងការរារាំងទីភ្នាក់ងារអចលនទ្រព្យមួយចំនួនមិនឱ្យកំណត់តម្លៃខ្ពស់ហួសហេតុសម្រាប់ផ្ទះមួយទឹកជាដើម។ ការសិក្សាបានរកឃើញថា ធនាគារនៅក្នុងទីក្រុងធំៗក៏បានឆ្លៀតឱកាសដំឡើងអត្រាប្រាក់លើកម្ចីទិញផ្ទះផងដែរ។

ការទិញលក់នៅក្នុងទីក្រុងធំៗចំនួន១៨ដែលវិទ្យាស្ថាន China Index Academy បានសង្កេតតាមដានបង្ហាញថា ស្ថិតក្នុងសភាពនៅទ្រឹងក្នុងខែឧសភា បើធៀបទៅនឹងខែមេសា។

ទិន្នន័យរបស់វិទ្យាស្ថាន China Index Academy បង្ហាញថា ទំហំនៃការលក់ដីក្នុងទីក្រុងចំនួន៣០០បានធ្លាក់ចុះ១២%ក្នុងខែឧសភា បើធៀបទៅនឹងខែមេសា ហើយបានធ្លាក់ចុះ១៩%បើគិតជាអត្រាប្រចាំឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here