ហានិភ័យៈវិនិយោគិនជាច្រើននាក់ប្រមូលផ្តុំគ្នាស្វែងរកដំណោះស្រាយ ពីក្រុមហ៊ុន GFX

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រុមវិនិយោគិនដែលបណ្តាក់ទុនវិនិយោគ តាមរយៈក្រុមហ៊ុនGOLDFX INVESTMENT CO.,LTD ហៅកាត់GFX ដែលជាក្រុមហ៊ុនភា្នក់ឈ្មួញជើងសារឧបករណ៍និស្សន្ទ ទាមទារការបាត់បង់ប្រាក់ ពីគណនីវិនិយោគជាមួយក្រុមហ៊ុន។

ការតវ៉ាទាមទារនេះ ធ្វើឡើងនៅមុខក្រុមហ៊ុន GFX ស្ថិតនៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមការឲ្យដឹងពីតំណាងរបស់ក្រុមវិនិយោគិនទាំងនោះ បានលើកឡើងស្រដៀងគ្នាកាលពីថ្ងៃទី៣១ ឧសភាកន្លងមកថា មុននឹងឈានដល់ការតវ៉ាបែបនេះ ដោយសារនិយ័តករមូលបត្រកម្ពុជា កាលពីពេលកន្លងមក បានចេញសេចក្តីជូនដំណឹង ក៏ដូចជាប្រាប់ថា កំពុងស្វែងរកដំណោះស្រាយជុំវិញ សំណុំរឿងគណនីរបស់អតិថិជន ដែលធ្វើការវិនិយោគជាមួយក្រុមហ៊ុន GFX ដែលបានបាត់បង់លុយនេះ ប៉ុន្តែរហូតមកដល់ពេលនេះ រយៈពេល២ខែហើយនៅតែស្ងាត់ដំណឹងសូន្យឈឹង ទាំងប្រាក់ចំណេញនិងប្រាក់ដើម ក៏មិនអាចដកបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

ពួកគាត់បាននិយាយថា “គាត់បានវិនិយោគ ដោយទិញឧបករណ៍និស្សន្ទ តាមរយៈក្រុមហ៊ុន GFXជាយូរឆ្នាំហើយដែរ ខណៈដែលក្រុមហ៊ុននេះ បានបើកដំណើរការតាំងពីឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែកាលពីខែមីនា ឆ្នាំ២០២១កន្លងទៅនេះ គណនីវិនិយោគរបស់ពួកគាត់បានបាត់បង់លុយ ហើយពួកគាត់បានសុំឱ្យក្រុមហ៊ុនដោះស្រាយជូនវិញ”។

ពួកគាត់បានបញ្ជាក់ទៀតថា “ការតវ៉ាទាមទារថ្ងៃនេះ មិនមែនចេតនាមកបង្កររឿង រឺប្តឹងផ្តល់អ្វីទេ គោលបំណងដែលស្នើរនេះ គឺទាមទារជួបម្ចាស់ក្រុមហ៊ុនដើម្បីចចារបន្ថែម និងស្នើឲ្យទូទាត់សងប្រាក់ក្នុងគណនី ឬប្រាក់ដើមវិញប៉ុណ្ណោះ”។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅ អគ្គនាយកដ្ឋាននិយ័តករមូលបត្រកម្ពុជា បានជូនដំណឹងដល់វិនិយោគិន ដែលមានបំណងដាក់ពាក្យបណ្តឹងមកនិយ័តករមូលបត្រកម្ពុជាជាមួយទម្រង់ពាក្យប្តឹង។ ការជូនដំណឹងនេះ ធ្វើឡើងក្រោយនិយ័តករមូលបត្រកម្ពុជា បានទទួលលិខិតស្នើសុំព្យួរប្រតិបត្តិការ ជួញដូរបណ្តោះអាសន្នរបស់ក្រុមហ៊ុន GFX ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក៏បានឃើញសារប្តឹងពីវិនិយោគិន របស់ក្រុមហ៊ុននៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ និយ័តករមូលបត្រកម្ពុជា។

ក្រុមហ៊ុន GFX ជាភ្នាក់ងារឈ្មួញជើងសារឧបករណ៍និស្សន្ទ ដែលទទួលអាជ្ញាប័ណ្ណស្របច្បាប់ពីគណៈកម្មាការមូលបត្រកម្ពុជា។

លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់នៅថ្ងៃទី៣១ ខែឧសភានេះថា “ការងារនេះស្ថិតក្រោមការដោះស្រាយ ក្នុងគោលដៅការពារប្រយោជន៍វិនិយោគិន។ សូមអធ្យាស្រ័យដោយស្ថិតក្រោមចំណាត់ការ ខ្ញុំអាចជម្រាបជូនប៉ុណ្ណឹង”។

តាមអះអាងរបស់ក្រុមវិនិយោគិន ដែលធ្វើការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញនេះ ក្នុងម្នាក់បានចំណាយប្រាក់ ដើម្បីវិនិយោគរួមជាមួយក្រុមហ៊ុនGFX រហូតដល់ខ្ទង់ពាន់ដុល្លារ និងរាប់ម៉ឺនដុល្លារអាម៉េរិកឯណោះ ហើយប្រាក់ចំណេញ ដែលទទួលបានកន្លងមក ត្រូវបានបែងចែកជូនក្រុមហ៊ុនចំនួន៣០ភាគរយ ហើយប្រាក់ចំណេញ៧០ភាគរយដែលនៅសល់ គឺផ្តល់ជូនអតិថិជន។

អ្នកជំនាញផ្នែកជួញដូរឧបករណ៍និស្សន៍មួយរូប បាននិយាយក្នុងលក្ខខ័ណ្ឌមិនប
ញ្ចេញឈ្មោះថា ការជួញដូរឧបករណ៍និស្សន៍ សំដៅដល់ការយកប្រាក់ទៅទិញមាស លុយដុល្លារ អឺរ៉ូ និងទិញប្រេងជាដើម ប៉ុន្តែការទិញឬការវិនិយោគបែបនេះ គឺមានហានិភ័យខ្ពស់បំផុតដោយសារតម្លៃផលិតផលខាងលើនេះ ឡើងចុះលឿន ដែលទាមទារឲ្យវិនិយោគិនត្រូវតាមដាន ឬស្ថិតនៅលើកុំព្យូទ័រ ដើម្បីតាមដានចរន្តឡើងចុះនៃផលិតផលទាំងនេះ ក្នុងការសម្រេចចិត្តលក់ចេញ ឬរក្សាទុក។

លោកបន្តថា “អ្វីដែលកាន់តែគ្រោះថ្នាក់ គឺការជួញដូរបែបនេះ តាមរយៈបុគ្គលិកយកកម្រៃជើងសារ តែងតែអអះអាងពីផលចំណេញ ដោយមិនបានលើកឡើងពីហានិភ័យឬការខាតបង់ឡើយ ហើយពួកគេមួយចំនួនបានធានាជួយតាមដាន ការវិនិយោគជូនអតិថិជនផងដែរ ដែលការអះអាងបែបនេះ មានហានិភ័យខ្ពស់ណាស់”លោកបន្តថា “ហេតុនេះប្រជាពលរដ្ឋដែលគ្មានចំណេះដឹងច្បាស់លាស់ និងមិនមានពេលវេលាគ្រប់គ្រាន់មិនគួរវិនិយោគលើការជួញដួរបែបនេះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here