ក្រុមហ៊ុនVISAគ្រោងជួយអាជីវកម្មខ្នាតតូចចំនួន១០លានកន្លែងនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក

ដោយលក្ខិណា

        ភ្នំពេញៈ ក្រុមហ៊ុន Visa បានបើកដំណើរការវិទ្យាស្ថានថ្មី ដើម្បីជំរុញការងើបឡើងវិញនៃអាជីវកម្មខ្នាតតូចនឹងផ្ដល់ធនធាន ដើម្បីជួយឲ្យអាជីវកម្មទទួលយកការទូទាត់ប្រា​ក់តាមបែបឌីជីថល ក្នុងការបង្កើតវត្តមាននៅលើបណ្ដាញអ៊ីនធើណេត។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Visa កាលពីពេលថ្មីៗនេះ បានប្រកាសពីការប្តេជ្ញាចិត្ត ក្នុងការគាំទ្រអាជីវកម្មខ្នាតតូចចំនួន១០លានកន្លែង នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការត្រឡប់មកធ្វើអាជីវកម្មឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់នៃការរីករាលដាលពីជំងឺរាតត្បាត COVID-19 ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Visa កំពុងណែនាំកម្មវិធី ព្រមទាំងផ្តល់នូវដំណោះស្រាយជាច្រើន ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីជំរុញការលក់ប្រកបដោយប្រសិទ្ធភាព តាមរយៈការទទួលយកការទូទាត់តាមបែបឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ ទាំងតាមប្រព័ន្ធអ៊ីនធើណេត និងនៅក្នុងហាងលក់ទំនិញនានា។ ក្រុមហ៊ុននេះ ក៏បានបង្កើតវិទ្យាស្ថានពង្រឹងវិស័យសេដ្ឋកិច្ច Visa (VEEI) ដែលផ្តោតលើបញ្ហាសេដ្ឋកិច្ច និងសង្គម រួមទាំងបញ្ហាដែលសហគ្រាសធុនតូចនិងមធ្យមកំពុងប្រឈមជាមួយផល់ប៉ះពាល់នៃមេរោគរាតត្បាត ព្រមទាំងការបញ្ឈប់ ការរើសអើងជាតិសាសន៍ និងគម្លាតនៃយេនឌ័រ ។

ការគាំទ្រអាជីវកម្មចំនួន១០លានកន្លែង គឺជាផ្នែកមួយនៃកម្មវិធីទូទាំងពិភពលោករបស់ក្រុមហ៊ុនVisa ដែលផ្ដល់ការគាំទ្រដល់ អាជីវកម្មខ្នាតតូចសរុបចំនួន ៥០លានកន្លែងនៅជុំវិញពិភពលោក។ អាជីវកម្មខ្នាតតូច ដើរតួយ៉ាងសំខាន់ក្នុងការជួយសហគមន៍ឱ្យដំណើរការឡើងវិញព្រោះថា អាជីវកម្មនេះ បានផ្ដល់ការងារជាងពាក់កណ្តាលនៃការងារសរុបនៅជុំវិញពិភពលោក ហើយស្ថិតក្នុងចំណោមអាជីវកម្ម ដែលងាយទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីជំងឺរាតត្បាត1។ នៅអាស៊ីប៉ាស៊ីហ្វិក សហគ្រាសធុនតូច និងមធ្យម មានច្រើនជាង៩០ភាគរយ នៃអាជីវកម្មទាំងអស់ ហើយចំនួន៥០ភាគរយ ជាការងារដែលប្រើកម្លាំងពលកម្ម ។

ក្រៅពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ជំងឺ COVID-19 កំពុងជួយជម្រុញឲ្យមានការប្រើប្រាស់តាមរយៈប្រព័ន្ធឌីជីថល ហើយប្រជាជនចាប់ផ្តើមស្វែងរកមធ្យោបាយថ្មីៗ ក្នុងការទូទាត់ដោយមិនចាំបាច់ប៉ះពាល់ផ្ទាល់ ជាមួយម៉ាស៊ីនគិតប្រាក់ រហូតធ្វើឲ្យមានកើនឡើងនៃការទិញទំនិញតាមប្រព័ន្ធអីនធឺណេត (eCommerce) ដោយសារតែមិនអាចចាកចេញពីផ្ទះ អតិថិជនជ្រើសរើសការបព្ជារទិញ តាមរយៈប្រព័ន្ធអ៊ីនធឺណេតជំនួសឲ្យការចេញទៅទិញនៅហាងនានាវិញ។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអតិថិជន៤១ភាគរយ បានធ្វើប្រតិបត្តិការទិញទំនិញ តាមរយៈប្រព័ន្ធអ៊ីនធឺណេតចំនួន៥ដង ឬញឹកញាប់ជាងនេះក្នុង   រយៈពេល៣ខែចុងក្រោយ។

អតិថិជនចំនួនបីភាគបួននៅក្នុងតំបន់បាននិយាយថា ពួកគេនឹងបន្តប្រើប្រាស់ការទូទាត់តាមរយៈឌីជីថល ជំនួសឱ្យការត្រលប់ទៅប្រើប្រាស់សាច់ប្រាក់សុទ្ធវិញ បើទោះ​បីជាមានការថយចុះនៃការរីករាលដាល នៃជំងឺរាតត្បាតនៅជុំវិញពិភពលោកក៏ដោយ។

លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា “ពាណិជ្ជកម្មនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក បានធ្វើការកែប្រែ ទៅកាន់ការទូទាត់តាមបែបឌីជីថល នៅក្នុងកំឡុងពេលការរីករាលដាលនៃជម្ងឺ COVID-19 ព្រោះអតិថិជនព្យាយាមស្វែងរកមធ្យោបាយទូទាត់ ដែលមានសុវត្ថិភាព និងមិនប៉ះដោយផ្ទាល់ ដោយធ្វើការបញ្ជាទិញទំនិញដែលចាំបាច់ តាមរយៈប្រព័ន្ធអ៊ិនធឺណេត” ។

លោកបន្តថា “តួនាទី និងបទពិសោធន៍របស់ក្រុមហ៊ុនVisa ក្នុងវិស័យទូទាត់អាចជួយផ្តល់នូវមធ្យោបាយ ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យមសម្របខ្លួនទៅនឹងវិធីសា​ស្រ្តថ្មីៗដើម្បីគ្រប់គ្រង និងធ្វើឲ្យអាជីវកម្មរបស់ពួកគេ មានការរីកលូតលាស់នៅក្នុងវិស័យឌីជីថល ក្នុងដំណាក់កាលងើបឡើងវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here