ចំណេះដឹងផ្សារហ៊ុន! ហេតុផល៤យ៉ាងធំៗដែលអ្នកត្រូវវិនិយោគលើភាគហ៊ុន នៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ភាគហ៊ុន គឺជាប្រភេទមូលបត្រកម្មសិទ្ធិ ដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែកនៅក្នុង ក្រុមហ៊ុនសាជីវកម្មមួយ និងសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមមាត្រភាគហ៊ុន ដែលវិនិយោគិនម្នាក់មាន។

ឧទាហរណ៍៖ លោកចាន់មានភាគហ៊ុន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន ១.០០០ភាគហ៊ុន។ បន្ទាប់មកក្រុមហ៊ុន ប្រកាសចែកភាគលាភជាសាច់ប្រាក់ចំនួន២៥០រៀលក្នុងមួយភាគហ៊ុន។

ដូច្នេះភាគលាភជាសាច់ប្រាក់សរុប ដែលលោកចាន់នឹងទទួលបាន មានចំនួន២៥០.០០០រៀល។
ហេតុផល ៤យ៉ាងធំៗ ដែលអ្នកត្រូវវិនិយោគលើភាគហ៊ុននៅកម្ពុជា មានដូចខាងក្រោមនេះ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) ឱកាសវិនិយោគ និងប្រាក់ចំណេញ
ជំនួសឱ្យ ឬបន្ថែមលើការបើកអាជីវកម្មផ្ទាល់ខ្លួន ការកាន់កាប់ភាគហ៊ុនផ្តល់ឱ្យវិនិយោគិននូវឱកាស ដើម្បីចូលរួមក្នុងអាជីវកម្ម ដោយមិនចាំបាច់មានជំនាញ និងបទពិសោធន៍ជាក់លាក់ ឬការគ្រប់គ្រងដោយផ្ទាល់នោះទេ។ ទន្ទឹមនឹងនេះ ការកាន់កាប់ភាគហ៊ុនអាចផ្តល់ផលចំណេញខ្ពស់ ដែលបានមកពីការចែកភាគលាភ និងការចំណេញពីការជួញដូរភាគហ៊ុន។

ទី២) ផ្តល់លទ្ធភាពសម្រាប់វិនិយោគិនតូចៗ
ទីផ្សារភាគហ៊ុនអនុញ្ញាតឱ្យវិនិយោគិន ដែលមានប្រាក់សមល្មម អាចវិនិយោគលើក្រុមហ៊ុនធំ ហើយទទួលបានផលចំណេញមកវិញ ដូចទៅនឹងបុគ្គល ឬ ស្ថាប័នដែលមានប្រាក់ច្រើន ដោយផ្អែកលើចំនួនភាគហ៊ុនដែលពួកគេកាន់កាប់។

ទី៣) ការធ្វើពិពិធកម្មវិនិយោគ
ក្រៅពីប្រភពចំណូលសំខាន់ៗ របស់អ្នកដូចជាប្រាក់ខែ ឬប្រាក់ចំណេញពីអាជីវកម្ម និងប្រាក់ចំណូលបន្ថែមផ្សេងទៀត ដូចជា ការប្រាក់ពីប្រាក់បញ្ញើសន្សំនៅធនាគារ ការជួលផ្ទះ ឬការវិនិយោគលើអចលនទ្រព្យ អ្នកអាចវិនិយោគនៅក្នុងផ្សារហ៊ុន ដើម្បីធ្វើពិពិធកម្មវិនិយោគ។

ទី៤) មានទីផ្សារដែលអាចទិញលក់ប្រចាំថ្ងៃ
ការវិនិយោគលើភាគហ៊ុន មានលក្ខណៈពិសេស ជាងការវិនិយោគលើទ្រព្យសកម្មដទៃ ដោយហេតុថាទីផ្សារភាគហ៊ុន មានរចនាសម្ព័ន្ធពេញលេញ ដែលអនុញ្ញាតឱ្យវិនិយោគិន ទិញ លក់ បានប្រចាំថ្ងៃ។

ក្នុងន័យនេះ វិនិយោគិនអាច បង្វែរភាគហ៊ុន ទៅជាសាច់ប្រាក់បានយ៉ាងងាយ តាម រយៈការជួញដូរ ដែលធ្វើឡើងជារៀងរាល់ថ្ងៃ។ ផ្ទុយទៅវិញ ការវិនិយោគដោយផ្ទាល់ទៅក្នុងអាជីវកម្ម ឬអចលនទ្រព្យ មិនបានផ្តល់លក្ខណៈងាយស្រួល ក្នុងការបង្វែរជាសាច់ប្រាក់ ដូចការវិនិយោគលើភាគហ៊ុនឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here