អាជ្ញាធរសម្រេចផ្អាកដំណើររោងចក្រចំនួន៤បណ្តោះអាសន្នបន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩

ដោយ: សាវុធ
ភ្នំពេញៈ អាជ្ញាធរខណ្ឌមានជ័យ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចផ្អាកដំណើរការរោងចក្រចំនួន៤ ក្នុងខណ្ឌមានជ័យ ជាបណ្តោះអាសន្នរយៈពេល២ថ្ងៃ ពីថ្ងៃទី២៨ ដល់២៩ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញមានអ្នកឆ្លងវីរុសកូវីដ១៩។

លោកឌី រ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យ បានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះថា រោងចក្រចំនួន៤ ដែលត្រូវផ្អាកដំណើរការបណ្តោះអាសន្ន រួមមាន៖ ទី១.រោងចក្រ WND (ដាប់ប៊ិលយូ អ៊ែនដ៍ ឌី កម្ពុជា ខូអិលធីឌី(W&D CAMBODIA CO,LTD) មានទីតាំងស្ថិតនៅផ្លូវចំការដូង ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ដែលមានកម្មករសរុបចំនួន៨៦៤នាក់ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១២នាក់ ៨ករណីថ្មី ក្នុងនោះ ៤ករណីចាស់ និង៨ករណីថ្មី។

ទី២.រោងចក្រ អេសអ៊ិលជេ (SLJ) ដេ ស៊ី ណៃ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ មានកម្មករនិយោជិតសរុបចំនួន ៦៣០នាក់ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ២២៣នាក់ ក្នុងនោះ ១០៩ករណីថ្មី ១១៤ករណីចាស់ និង១០៩ករណីថ្មី

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣.រោងចក្រ គូ តាយហ័រ សេងស៊ីងហ្វេងជីង ស្ថិតលើផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ មានកម្មករសរុបចំនួន ៧១០នាក់ អ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៩នាក់ ក្នុងនោះ ៦ករណីថ្មី និង៣៣ករណីចាស់។

ទី៤.ក្រុមមហ៊ុន ជុង ហាវ ហ្គាមេន CHOUNG HAO GARMENT CO., LTD. ស្ថិតនៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ មានកម្មករសរុបចំនួន ៥៧០នាក់។ អ្នកវិជ្ជមានកូវីដ១៩ចំនួន ១៨នាក់ ១៦ករណីថ្មី និង១៨ករណីចាស់។

ក្រោយពីបានពិនិត្យរួច លោកអភិបាលរងខណ្ឌមានជ័យ និងលោក ទូច សុទ្ធមុត ប្រធានអន្តរាគមន៍ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកដំណើរការរោងចក្រទាំង៤ខាងលើ ហើយក្រោយផ្អាករយៈពេល២ថ្ងៃ រោងចក្រត្រូវរង់ចាំ ក្រសួងការងារចុះមកពិនិត្យវាយតម្លៃ និងហានិភ័យជាក់ស្តែងនៅក្នុងរោងចក្រផ្ទាល់ ទើបអនុញ្ញាតឲ្យដំណើរការការធម្មតាវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here