ដំណឹងល្អៈក្រុមហ៊ុនចិនធំៗជាច្រើនបានត្រៀមឈានជើងចូលទីផ្សារកម្ពុជាជាថ្មី

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រុមហ៊ុនចិនធំៗលំដាប់យក្សបាន និងកំពុងឈានជើង និងត្រៀមខ្លូនចូលមកកាន់ទីផ្សារកម្ពុជាឡើងវិញបណ្តើរៗហើយ ខណៈដែលកម្ពុជាចាប់ផ្តើមមានសភាពធូរស្រាលពីវិបត្តិជំងឺកូវីដ១៩។

យោងតាមប្រភពព៌តមានពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានឲ្យដឹងងថា បច្ចុប្បន្ននេះក្រុមហ៊ុនចិនជាច្រើន មកពីគ្រប់វិស័យពិសេសក្រុមហ៊ុនផលិត ដើម្បីនាំចេញបាននិងកំពុងផ្តោតលើការវិនិយោគ និងស្វែងរកដីធំៗ ដើម្បីផលិតផលិតផលកសិកម្ម ដើម្បីនាំចេញទៅកាន់ប្រទេសចិន។

តាមប្រភពព៌តមានច្បាស់ការណ៍ដទៃទៀត បច្ចុប្បន្ននេះក្រុមហ៊ុនចិនធំៗជាច្រើនបាននិងកំពុងស្វែងរកដីរាប់រយពាក់ហិកតា ដើម្បីដាំដំណាំកសិកម្មសំរាប់កែច្នៃនាំចេញទៅកាន់ប្រទេសចិន និងប្រទេសធំៗដទៃទៀត ដោយកសិផលជាច្រើនបានចាប់ផ្តើមនិងនាំចេញទៅកាន់ប្រទេសចិន ដូចជា ចេកអំបូងលឿន ស្វាយកែវរមៀត ហើយផលិតផលកសិកម្មជាច្រើនទៀតដូចជា មៀនប៉ៃលិន គ្រាប់ស្វាយចន្ទីរជាដើម បាននិងកំពុងត្រៀមនាំចេញទៅកាន់ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្នក្រុមហ៊ុនចិនធំៗជាច្រើន បាននិងកំពុងចាប់ផ្តើមទិញដី និងប្រមូលទិញដី ដើម្បីវិនិយោគលើវិស័យកសិកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់ចិន និងប្រទេសជាច្រើនទៀតផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ ឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងចូលមកកម្ពុជាហើយ ប៉ុន្តែការចូលមករបស់អ្នកវិនិយោគធំៗ អាចធ្វើឡើងនៅពេលឆាប់ៗនេះ ដោយវ៉ាក់សាំងកូវីដ១៩ប្រកាសប្រើប្រាស់ជាផ្លូវការ ព្រោះអ្នកវិនិយោគធំៗពួកគេ ក៏លំបាកផងដែរ ប្រសិនជាពួកគាត់ចូលមក ត្រូវធ្វើចត្តាឡីស័ក្តិរយៈពេល១៤ថ្ងៃ។

លោកបន្តថា “ហេតុនេះការចូលមករបស់អ្នកវិនិយោគធំៗបាន និងកំពុងចាប់ផ្តើមបណ្តើរៗ និងមកកាន់តែច្រើនបន្ថែមទៀតក្រោយវិបត្តិCovid-19”។លោកបន្តថា “ការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)នៅថ្ងៃទី១មករា ឆ្នាំ២០២១ កម្ពុជានឹងក្លាយជាទីតាំងផលិត និងចែកចាយទំនិញចិនសំរាប់តំបន់អាស៊ាន ហើយយើងនឹងរីកចម្រើនមិនចាញ់សឹង្ហបុរីនោះឡើយ”។

លោកឧកញ៉ាលឹម ហេងបានបន្តថា ដូចនៅអឺរ៉ុប ទំនិញភាគច្រើនហូរចូលប្រទេសបារាំង ហើយបារាំងជាអ្នកដើរតួចែកចាយ ទៅកាន់ប្រទេសជាង២០ទៀត ក្នុងសហគមន៍អឺរ៉ុប។

លោកបានបន្តថា និន្នាការនេះនឹងបង្កើតតម្លៃបន្ថែម ដល់សេដ្ឋកិច្ចកម្ពុជា ហើយចំណូលរបស់រដ្ឋាភិបាលក៏កើនឡើងខ្លាំងផងដែរ។ ដូច្នេះបើកម្ពុជាយើងធ្វើបានល្អ យើងនឹងក្លាយជាទីផ្សារបោះដុំ សំរាប់ចែកចាយទៅតំបន់អាស៊ាន ហើយក្រុមហ៊ុនអាមេរិកធំៗ នឹងចូលមកកម្ពុជា ដើម្បីផលិតទំនិញនាំចេញទៅកាន់់ប្រទេសចិន ក៏ដូចជាទីផ្សារអាមេរិក ដោយសារកម្ពុជាទទួលបានប្រព័ន្ឋអនុគ្រោះពន្ឋ(GSP) ពីសហរដ្ឋអាមេរិកផងដែរ។

លោកបន្តថា “ខ្ញុំជឿថាសេដ្ឋកិច្ចកម្ពុជា នឹងមានភាពរីកចម្រើនខ្លាំងនៅពេលខាងមុខ ដោយសារកិច្ចព្រមព្រៀងFTA និងគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគរបស់ រដ្ឋាភិបាលជាច្រើនទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here