វិស័យSMEត្រូវបានលើកកំពស់ក្នុងអំឡុងវិបត្តិកូវីដ១៩?

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ វិបត្តិកូវីដ១៩ វិស័យសហគ្រាសធុនតតូច ​និងមធ្យម(SME) ត្រូវបានលើកកំពស់ តាមរយៈការផ្តល់ឥណទានជាមួយការប្រាក់សមរម្យ។នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម។

លោកហេង សុខគង់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បច្ចេក​វិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍៍ឲ្យដឹងថា ទន្ទឹមនឹងបញ្ហានេះកម្ពុជាបានលើកស្ទួយសហគ្រាសធុនតូច និងមធ្យមក្នុងបរិបទកូវីដនេះ ដោយធ្វើយ៉ាងណាអាចឱ្យសហគ្រាសទាំងអស់នោះអាចនៅឈរជើងបាន ដោយមានការផ្ដល់កញ្ជប់ពិសេស និងការលើកលែងជាច្រើន។ ក្រៅពីការលើកលែងពិសេសនេះ គឺខាងក្រសួងពាក់ព័ន្ធ ក៏បានបង្កើតនូវធនាគារSME ដែលមានដើមទុនដំបូង១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការផ្ដល់នៅកម្ចីទុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារនេះបានផ្តល់ឥណទាន ជាមួយអត្រាការប្រាក់ទាបត្រឹមកម្រិត៧ភាគរយសម្រាប់សហគ្រាសធុនតូច និងមធ្យម អាចយកទៅពង្រីក ឬទ្រទ្រង់អាជីវកម្មឱ្យដំណើរការ និងបង្កើនផលិតភាពក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ និងក្រោយកូវីដត្រូវបានបញ្ចប់ផងដែរ។

លោកបន្តថា “ជាមួយគ្នានោះ ក្រសួងឧស្សាហកម្ម និងក្រសួងពាក់ព័ន្ធបានផ្ដល់ជូននូវលក្ខណៈពិសេសជាច្រើន ដូចជាការលើកលែងពន្ធអាករមួយចំនួន និងការផ្ដល់នូវកម្ចីពិសេស ដោយពន្យារពេលបង់ការប្រាក់ និងប្រាក់ដើមទៅរោងចក្រសហគ្រាស ដែលទទួលផលប៉ះពាល់ដោយសារតែកូវីដ១៩”។

ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើកំណែទម្រង់ក្នុងការគ្រប់គ្រងនិងការចុះបញ្ជី រោងចក្រ សិប្បកម្ម ការអភិវឌ្ឍស្វ័យប្រវត្តិកម្ម ដើម្បីជួយសម្រួលក្នុងការផ្នែកកិច្ចការរដ្ឋបាល ដើម្បីចំណេញពេលវេលានិងការសន្សំសំចៃផ្សេងៗដើម្បីគាំទ្រដល់ការបង្កើនលទ្ធភាព និងប្រសិទ្ធភាពការងារផែនការ។ ក្រៅពីនេះក្រសួង ក៏បានជំរុញ ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់កម្ពុជា ដោយធ្វើប្រព្រឹត្តិកម្មនូវមុខទំនិញ ដែលអាចផលិតក្នុងស្រុក ច្រើនជាងការនាំចូលមកពីខាងក្រៅ ជាពិសេសលើទំនិញយុទ្ធសាស្ត្រនិងផលិតផលកសិឧស្សាហកម្ម។

លោកហេង សុខគង់បានបន្តថា ថ្វីត្បិតតែប្រទេសកម្ពុជាមានបញ្ហាប្រឈមនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ កម្ពុជាសង្ឃឹមថា នឹងមានការងើបឡើងវិញនៃខ្សែចង្វាក់ផលិតកម្មវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម ព្រោះកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ និងមានដៃគូរទីផ្សារដ៏ធំគឺប្រទេសចិន។

ក្រៅពីនេះ កម្ពុជារំពឹងថានឹងអាចចុះអនុស្សារណៈ នៃការយោគយល់ជាមួយនឹងប្រទេសកូរ៉េខាងត្បូង ដែលជាប្រភពទីផ្សាររបស់កម្ពុជា សម្រាប់ការនាំចេញបន្ថែមទៀត ដើម្បីរកទីផ្សារបន្ថែមឲ្យរោងចក្រ សហគ្រាសធុនតូច និងមធ្យម ដែលជាក្ដីសង្ឃឹមបន្ថែមទៀតនៅក្នុងការពង្រឹងខឿនសេដ្ឋកិច្ច៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here