ក្រុមអ្នកជំនាញលើកឡើងពីកត្តាសំខាន់ៗដែលវិនិយោគិនដីធ្លីបោះទុនច្រើននៅតាមជាយក្រុង?

ដោយៈ សហការី

ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា ការប្រតិបត្តិការលើកវិនិយោគលើវិស័យដីធ្លីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង និងជាយក្រុងកំពុងមានសន្ទុះរីកចំរើនច្រើន ជាងនៅក្នុងក្រុង ខណៈដីធ្លីនៅក្នុងក្រុងស្ថិតនៅក្នុងតម្លៃខ្ពស់។

អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោកស្រីអាន សុធិតា បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះថា ការធ្វើប្រតិបត្តិការ និងការវិនិយោគដីធ្លីនៅតាមជាយក្រុង ជាពិសេសនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ហាក់មានសន្ទុះរីកចម្រើនខ្លាំងជាងនៅក្នុងទីក្រុងភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបន្តថា “មានកត្តាជាច្រើន ដែលធ្វើឱ្យការធ្វើប្រតិបត្តិការវិនិយោគលើវិស័យដីធ្លីនៅតាមជាយក្រុង និង នៅតាមផ្លូវក្រវ៉ាត់ក្រុងមានការកើនឡើង ដោយសារតែតម្លៃដីនៅក្នុងទីក្រុងមានការកើនឡើងខ្ពស់ និងមានតម្រូវការកើនឡើងជាបន្តបន្ទាប់កក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។

ជាមួយគ្នានេះ លោក ស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុន Chailin Sear Realty Co., Ltd បានឯកភាពជាមួយលោកស្រីអាន សុធីតាដែរថា នាពេលបច្ចុប្បន្ននេះសន្ទុះ នៃការប្រតិបត្តិការទិញលក់អចលនវត្ថុនៅតាមជាយក្រុង គឺមានសន្ទុះរីកចំរើនខ្លាំងជាង នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសដីធលីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង។

លោកពន្យល់ថា “មូលហេតុដែលធ្វើឱ្យដីធ្លី នៅតាមជាយក្រុងមានសន្ទុះរីកចំរើនខ្លាំងជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ គឺដោយសារមានហេដ្ឋារចនាសម្ព័ន្ធល្អ តម្លៃដីធ្លីស្ថិតនៅក្នុងតធូថ្លៃជានៅក្នុងក្រុង និងជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលរដ្ឋាភិបាលបាននឹងកំពុងអនុវត្ត ដោយមិនមែនស្ថិតនៅក្នុងគម្រោង”។

លោកបន្តថា “មូលហេតុដែលការទិញលក់ដីធ្លី នៅក្នុងក្រុងធ្លាក់ចុះ ដោយសារតែតម្លៃដីខ្ពស់ អ្នកដែលចង់ទិញហើយខ្វះទីផ្សារ ក្នុងការវិនិយោគ ដូចជាការសាងសង់អគារខ្ពស់ៗ និងមនុស្សមួយចំនួនសម្រុកទិញផ្ទះក្នុងបុរី ជាដើម”។

ទោះជាយ៉ាងណា លោក ហៃ រ៉ាវី នាយកក្រុមហ៊ុន Daily Realty Group បានឱ្យដឹងថា សន្ទុះនៃការវិនិយោគដីធ្លីនៅក្នុងទីក្រុងភ្នំពេញ ហាក់មានសន្ទុះរីកចំរើនខ្លាំ​ង ជាងនៅតាមជាយក្រុង ដោយសារតែនៅទីក្រុងភ្នំពេញមានការតម្រូវការច្រើន ដូចជាសាងសង់ខុនដូ អគារពាណិជ្ជកម្ម និងអគារការិយាល័យជាដើម។

លោកបន្តថា “ដីធ្លីនៅតាមតំបន់ឆ្ងាយៗពីជាយក្រុង ហាក់មិនសូវមានសន្ទុះ ដោយសារតែវានៅឆ្ងាយ ពិបាកធ្វើដំណើរមកធ្វើការនៅក្នុងក្រុង និងមិនសូវមានតម្រូវការ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here