អ្នកជំនាញព្រមានពីហានិភ័យនៃការប្រើប្រាស់កម្ចីក្រៅផ្លូវការ

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងវិស័យហិរញ្ញវត្ថុគេឃើញថា អ្នកដែលមានវិបត្តិហិរញ្ញវត្ថុ និងត្រូវហិរញ្ញវត្ថុមកប្រើប្រាស់បន្ទាន់ បានទៅរកកម្ចីក្រៅផ្លូវការពីបុគ្គលផ្សេងៗ ដោយមិនបានទៅយកម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុស្របច្បាប់នោះឡើយ។
អ្នកជំនាញហិរញ្ញវត្ថុបានណែនាំ មិនឱ្យប្រើប្រាស់បំណុលក្រៅផ្លូវការ ឬពីបំណុលឯកជនមកប្រើប្រាស់នោះទេ បើអាចជៀសបានគួរជៀសវាង។

អ្នកជំនាញហិរញ្ញវត្ថុម្នាក់នៅក្នុងប្រទេសកម្ពុជា លោកង៉ែត ជូបានលើកឡើងថា មានបុគ្គលមួយចំនួន បានយកកម្ចីពីធនាគារនិងមីក្រូហិរញ្ញវត្ថុ មកប្រើប្រាស់សម្រាប់ដោះស្រាយជីវភាព និងអាជីវកម្ម តែដោយសារតែដំណើរការអាជីវកម្ម ត្រូវគាំងឬបង្វិលប្រាក់មកមិនទាន់ តម្រូវឱ្យម្ចាស់អាជីវកម្មឬបុគ្គលនោះ ត្រូវការប្រើប្រាស់លុយបន្ទាន់។

ជាដំណោះស្រាយមានបុគ្គលជាច្រើនទៅរកកម្ចី ពីឯកជនក្រៅផ្លូវការ ហើយអ្នកខ្លះទៀតគេមានជំនាញ និងបទពិសោធន៍ ក្នុងការប្រើប្រាស់កម្ចីនេះគេអាចធ្វើទៅបាន តែសម្រាប់បុគ្គល ដែលមិនមានបទពិសោធន៍ គួរតែជៀសវាងប្រើប្រាស់កម្ចីពីឯកជន ឬកម្ចីក្រៅផ្លូវការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកង៉ែត ជូបានបន្តថា កម្ចីក្រៅផ្លូវការ វាមានអត្រាការប្រាក់ខ្ពស់ជាងធនាគារនិងមីក្រូហិរញ្ញវត្ថុ ហើយអ្នកផ្ដល់កម្ចីក្រៅផ្លូវការនេះដែរ មិនបានវាយតម្លៃពីប្រាក់ចំណូលរបស់អ្នកខ្ចីនោះទេ ដូច្នេះទាមទារឱ្យអ្នកដែលខ្ចីប្រាក់ក្រៅផ្លូវការ ត្រូវការវាយតម្លៃដោយខ្លួនឯង។

លោកបន្ថែមថា នៅពេលដែលមានបំណុល កូនបំណុលគឺមានកាតព្វកិច្ចលើការសងបំណុលទៅម្ចាស់បំណុលវិញជាអាទិភាព។ ដូច្នេះហើយកូនបំណុលត្រូវចាយវាយដោយត្បិតត្បៀតបំផុត និងចាយវាយទៅលើតែចំណាយណា ដែលសំខាន់ៗនិងអាទិភាព ។ មនុស្សដែលមានចំណេះដឹងហិរញ្ញវត្ថុ ពេលមានបំណុល គេត្រូវបង្កើនចំណូលពីប្រភពផ្សេងៗ ដើម្បីឱ្យប្រាក់បន្ថែមសងបំណុលទៅម្ចាស់បំណុលវិញ។

មួយវិញទៀត ដើម្បីទទួលបានបំណុលមកប្រើប្រាស់ នៅពេលបន្តបន្ទាប់ កូនបំណុ​ល គួរតែលៃពេលវេលាបង់សងត្រលប់ ទៅម្ចាស់បំណុលវិញបានទាន់ពេលវេលា និងអាចមុនពេលវេលា ដូច្នេះពេលត្រូវការលើកក្រោយៗ មិនថាធនាគារ ឬមីក្រូហិរញ្ញវត្ថុនឹងអាចផ្ដល់ជូនដោយមិនសិក្សាច្រើន។

នៅក្នុងប្រទេសកម្ពុជា ការយកកម្ចីមកប្រើប្រាស់មានច្រើនប្រភេទ ដូចជា ខ្ចីពីស្ថាប័នស្របច្បាប់ដូចជាធនាគារ មីក្រូហិរញ្ញវត្ថុ ខ្ចីពីឯកជន ឬកម្ចីក្រៅផ្លូវការ និងមួយទៀតដែលកំពុងនិយម គឺការលេងតុងទីនដែលជាហានិភ័យមួយផងដែរ សម្រាប់អ្នកលេងតុងទីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here