អ្នកជំនាញអន្តរជាតិៈ ល្បឿននៃការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជាបានផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេស

 ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានលើកឡើងថា កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា ដែលមានល្បឿនបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងអាស៊ាន នឹងក្លាយជាមធ្យោ​បាយមួយដ៏សំខាន់ ក្នុងការផ្តល់ទំនុកចិត្តដល់ទីផ្សារវិនិយោគ ពិសេសបង្កើនទំនុកចិត្តដល់អ្នកវិនិយោគិនអចលនទ្រព្យ។

នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia លោក James Hodge បានថ្លែងប្រាប់ឲ្យដឹងតាមអ៊ីម៉េលកាលពីថ្ងៃទី១៨ ឧសភាកមន្លងមកថា កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា បានកើនលើសប្រទេសផ្សេងៗទៀតនៅក្នុងអាស៊ាន ហើយនឹងក្លាយជាមធ្យោបាយមួយដ៏សំខាន់ ក្នុងការផ្តល់ទំនុកចិត្តដល់ទីផ្សារវិនិយោគ។

លោកបានឱ្យដឹងថា “ដៃគូវិនិយោគដែលក្រុមហ៊ុនCBRE បានពិភាក្សាជាមួយ បា​នសំដែងការកោតសរសើរ ចំពោះវិធានការរបស់រដ្ឋាភិបាល ដែលបានអនុវត្តកន្លងមក ហើយពួកគេមានជំនឿចិត្តថា ការពន្លឿនការចាក់វ៉ាក់សាំងបែបនេះ នឹងជួយឱ្យប្រទេសកម្ពុជាងើបឡើងវិញ ពីវិបត្តិជំងឺរាតត្បាតលឿនជាងប្រទេសប្រកួតប្រជែង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងបន្តថា ប្រសិនបើកម្មវិធីចាក់វ៉ាក់សាំងជូនពលរដ្ឋបញ្ជាក់ថា ទទួលបានជោគជ័យ ក្នុងការគ្រប់គ្រងបានការផ្ទុះឡើងនៃជំងឺកូវីដ១៩ វានឹងនាំមកនូវលទ្ធភាពមួយ ដែលប្រទេសកម្ពុជាអាចវិលត្រឡប់ ទៅរកកម្រិតប្រក្រតីឡើងវិញ លឿនជាងប្រទេ​សផ្សេងៗ ដែលអាចធ្វើឱ្យកម្ពុជាទាញយកអត្ថប្រយោជន៍ពីវា មុនពេលប្រទេសដទៃទៀត។

លោកបានឱ្យដឹងទៀតថា នេះអាចមានន័យថា នឹងមានការលេចចេញជាថ្មី និងងើបឡើងវិញលឿនជាងមុននៅក្នុងឧស្សាហកម្មទេសចរណ៍បែបនេះ និងបង្កើនទំនុកចិត្តដល់វិនិយោគិន ក្នុងប្រទេសក្នុងរយៈពេលមធ្យម ដែលនឹងជួយលើកកម្ពស់សកម្មភាពនៅក្នុងវិស័យអចលនទ្រព្យផងដែរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា ជារឿងល្អសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានខិតខំនាំយកវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ។ ប៉ុន្តែយ៉ាងណាក៏ដោយ បន្ថែមពីលើការចាក់វ៉ាក់សាំងប្រជាពលរដ្ឋ ក៏ត្រូវតែបន្តការរក្សាបង្កើនការប្រុងប្រយ័ត្ន រក្សាអនាម័យ ដដែលទើបហានីភ័យមួយនេះអាចផុតរលត់ក្នុងពេលដ៏ខ្លី។

លោកបញ្ជាក់ថា “ប្រសិនបើបញ្ហាត្រូវបានកាត់បន្ថយបានល្អប្រសើរ នៅត្រឹមពាក់កណ្តាលឆ្នាំនេះ នោះកំណើនទីផ្សារអចលនទ្រព្យកម្ពុជា អាចនឹងចាប់ផ្តើមដំណើរការល្អឡើងវិញនៅត្រឹមចុងឆ្នាំ ឬដើមឆ្នាំ២០២២ ជាពិសេសបន្ទាប់ពីស្ថានភាពនៃបណ្តាប្រទេសជាដៃគូវិនិយោគជាមួយកម្ពុជា មានភាពល្អប្រសើរឡើងវិញ ហើយកំណើនសេដ្ឋកិច្ចរបស់ពួកគេក៏ចាប់ផ្តើមមានកំណើនឡើងវិញ”។

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ រហូតមកដល់ពេលនេះ ពលរដ្ឋកម្ពុជាចំនួនជាង២លាននាក់បានចាក់វ៉ាក់សាំងរួចរាល់។ ចំនួននេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅចំណាត់ថ្នាក់លេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន និងច្រើនជាងគេ ខណៈប្រទេសសិង្ហបុរីឈរនៅលេខរៀងទី១។

រាជរដ្ឋាភិបាលកម្ពុជា មានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានខ្ទង់ ១០លាននាក់ និងឱ្យរួចរាល់នៅដំណាច់ឆមាសទី១ ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here