ចំណេះដឹង! តើ​ធ្វើយ៉ាងណា​ដើម្បី​រក្សាបាន​នូវ​កម្លាំងចិត្ត​សម្រាប់​សម្រេចគោលដៅ​ក្នុង​ជីវិត?

ដោយៈ សាវុធ

ភ្នំពេញៈ អាយុ​កាន់តែច្រើន ភាពស្មុគស្មាញ​កាន់តែ​កើនឡើង ហើយពី​មួយថ្ងៃ​ទៅមួយថ្ងៃ ត្រូវ​ងើបឡើង​ជាមួយ​កាតព្វកិច្ច ដែល​ត្រូវ​សម្រេច ពេលខ្លះ​ក៏​បាក់​ទឹកចិត្ត មិនដឹងថា​តស៊ូ​ដើម្បី​អ្វី? គំនិត​អវិជ្ជមាន​រួមរឹត ស្ទើរតែ​បោះបង់ចោល​អ្វីដែល​កំពុង​ធ្វើ និង​ផ្លូវ​ដែល​កំពុង​ដើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អា​ស្រ​យ័​ហេតុនេះហើយ ទើប​យើង​សម្រេចយក​អត្ថបទ​នេះ មក​សរសេរ​ក្នុង​គោលបំណង​ជួយ​លើកទឹកចិត្ត​យុវជន​ខ្មែរ និង​ផ្ដល់​ដំបូន្មាន​ខ្លះ ក្នុង​ការរក្សា​កម្លាំងចិត្ត​សម្រាប់​បំពេញ​គោលដៅ​នា​ថ្ងៃមុខ៖

ទី១) រក​មូល​ហេតុដែល​អ្នក​ចាប់ផ្ដើម

ពេលខ្លះ​អ្នក​គិតថា​ចង់​បោះបង់​ពាក់កណ្ដាល​ផ្លូវ ព្រោះ​វា​ពិបាក​ពេក​ហើយ​សម្រាប់​អ្នក តែ​កុំ​ភ្លេច​ណា!! ចូរ​ព្យាយាម​រក​មូលហេតុល្អៗ ដែល​ជំរុញ​អ្នក​ឲ​ចាប់ផ្ដើម​តាំងពី​ដំបូង​មកដល់​ចំណុច​នេះ។ ដើម្បី​ជាការ​ក្រើនរំលឹក អ្នក​គួរ​សម្លឹងមើល​ផលប្រយោជន៍ ដែល​នឹង​ហុច​ឲ្យ​ពេលដែល​អ្នក​ជោគជ័យ ចំណុច​នេះ​ក៏​អាចជា​កម្លាំងចលករ ក្នុងការ​ជំរុញ​អ្នក​ឲ្យ​ដើរ​ទៅមុខ ដើម្បី​រង្វាន់​និង​ផល​តបស្នង​សម្រាប់​ការ​ខំប្រឹង។

ទី២) រៀន​កែលម្អ

ខ្សែជីវិត​មនុស្ស​ខុសគ្នា អ្នកខ្លះ​ជោគជ័យ​នៅ​អាយុ​តិច អ្នកខ្លះ​ចំណាយពេល១០ ២០ឆ្នាំ​ទម្រាំ​ជោគជ័យ។ ដូចនេះហើយ បើ​ដើរ​ផ្លូវ​នេះ​មិន​អំណោយផល មិនបាន​នាំ​អ្នក​ទៅរក​អ្វី​តាម​គម្រោង នោះ​អ្នក​គួរ​ថយក្រោយ​មួយ​ជំហាន និង​ពិនិត្យមើល​ឡើងវិញ​ថា អ្វី​ជា​កំហុស​ដែល​គួរ​កែលម្អ​ដើម្បី​ភាព​រីកចម្រើន។

ឧទាហរណ៍៖ ក្នុងការ​សិក្សា បើ​ខែ​នេះ​អ្នក​មិន​ទទួលបាន​ចំណាត់ថ្នាក់ ជាទី​គាប់ចិត្ត​នោះទេ ចូរ​កុំ​បោះបង់ ហើយ​សម្លឹងមើល​ចំណុច​ខ្វះខាត​និង​កែលម្អ​ឡើងវិញ។

ទី៣) រៀន​សម្រាក​តែ​កុំ​បោះបង់

មនុស្ស​មិនមែន​មនុស្ស​យន្ត​ទេ អ្នកចេះ​ហត់ ចេះ​ខូចចិត្ត បាក់​ទឹកចិត្ត បាត់បង់​កម្លាំងចិត្ត​នៅពេលដែល​ដើរ​ដល់​ចំណុច​ណាមួយ។ កុំ​តឹងតែង​ចំពោះ​ខ្លួនឯង​ពេក​អី អ្វីៗនឹង​ល្អប្រសើរ។ ឈប់​គិត​ហើយ​សម្រាក​បណ្ដោះអាសន្ន​សិន សន្សំ​កម្លាំង​និង​ប្រមូល​គំនិត​វិ​ជ្ជ មាន​ដែល​បាត់បង់​ទៅមក​ទុក​ម្ដងទៀត​មុននឹង​បន្ដ។

ទី៤) ទទួលស្គាល់​ពី​ល្បឿន​ខ្លួនឯង

ត្រូវ​ដឹងថា ខ្លួន​ដើរ​ដល់​ចំណុច​អ្នក នៅលើ​ខ្សែជីវិត​ដែល​បានរៀបចំ​ណេះ។ បើ​យឺត​គួរ​បន្ថែម​ល្បឿន បើ​លឿន​ពេក​គូរ​បង្អង់​បន្ដិច ដើម្បី​ពិនិត្យ​លើ​អ្វីដែល​ខ្វះចន្លោះ។ ការដែល​ដឹងថា ខ្លូន​ឯង​កំពុង​ធ្វើ​អ្វី ដើរ​ដល់​ណា ជំហាន​បន្ទាប់​ត្រូវ​បោះ​ទៅណា គឺជា​គន្លឹះ​មួយ​ដែល​ជួយ​អ្នករក្សា​កម្លាំងចិត្ត និង​មិនមាន​អារ​ម្ម​ណ៌​ថា​វង្វេងផ្លូវ។

ទី៥) លើកទឹកចិត្ត​ខ្លូន​ឯង

គ្មាន​នរណាម្នាក់​ស្រលាញ់​អ្នក​ជាង​ខ្លួនឯង​នោះទេ កុំ​ចាំ​អ្នកដទៃ​មក​ចាប់​អារ​ម្ម​ណ៌​និង​លើកទឹកចិត្ត​អ្នក។ រៀន​ធ្វើ​ដើម្បី​ខ្លួនឯង លើកទឹកចិត្ត​និង​ឲ្យ​រង្វាន់​ខ្លួនឯង ដូចជា ការទិញ​របស់​ណាមួយ​ដែល​ខ្លូន​ស្រលាញ់ ញាំ​អាហារឆ្ងាញ់ៗ មើល​កុន ឬ​ចំណាយពេល​សម្រាក៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here