កំណើននៃការនាំចេញរបស់កម្ពុជាទៅកូរ៉េបង្ហាញពីការស្ទុះងើបឡើងវិញនៃតម្រូវការផលិតផលរបស់កម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការនាំចេញរបស់កម្ពុជាទៅកូរ៉េខាងត្បូង បានរក្សាកំណើនវិជ្ជមានក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ដែលបង្ហាញពីការស្ទុះងើបឡើងវិញ នៃតម្រូវការផលិតផលរប​ស់​ប្រទេសកម្ពុជា ខណៈប្រទេសទាំងពីរត្រៀម ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ក្នុងពេលឆាប់ៗខាងមុខ។

យោងតាមរបាយការណ៍របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ចេញផ្សាយកាលពីចុងសប្តាហ៍នេះ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសាឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញទៅកូរ៉េខាងត្បូង គិតជាទឹកប្រាក់ប្រមាណ១២៤លានដុល្លារ កើនឡើង៨,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្ពុជាបាននាំចូលទំនិញពីប្រទេសកូរ៉េ មានទំហំទឹកប្រមាណ១៩៤លានដុល្លារ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ កើនឡើង៦,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ សម្រេចបានទំហំទឹកប្រាក់៣១៨លានដុល្លារ បានកើនឡើង៧,៥ភាគរយ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ។

ផលិតផលសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅកូរ៉េខាងត្បូង រួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្ម ខណៈដែលការនាំចូលសំខាន់ៗ រួមមានយានយន្ត គ្រឿងអេឡិចត្រូនិច ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិច។

កំណើននាំចេញរបស់កម្ពុជា កំពុងស្ទុះងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះក្នុងឆ្នាំ២០២០ ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here