ដោយៈ ម៉ាណេត
ភ្នំពេញៈ ធនាគារ និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុចំនួន៤ ដែលឈានមុខគេនៅកម្ពុជា បានបង្ហាញពីការទទួលបានចំណូលវិជ្ជមាន នៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ។ នេះបើយោងតាមការរបាយការណ៍ ដែលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាផ្សាយជូនសាធារណៈជននៅថ្ងៃ១៧ ខែឧសភា ឆ្នាំ២០២១ ។
ធនាគារភ្នំពេញពាណិជ្ជ (PPC Bank)
ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ៧៦,៩០៨លាន រៀល កើនជាងត្រីមាសទី១ ឆ្នាំ២០២០ ចំនួន៧.៩២៤លាន រៀល ស្មើនឹង១១,៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៣.៦០៦លាន រៀល ថយចុះ ចំនួន ២.១១៣លាន រៀល ស្មើនឹង ១៣,៤% បើធៀប នឹងត្រីមាសទី១ ឆ្នាំ២០២០ ។
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤.២៣៦.២៨៧ លានរៀល កើនចំនួន ៥៧.០០១លានរៀល ស្មើនឹង១,៤% និងមូលធនសរុបមានចំនួន៦៤៣.១១២លានរៀល កើនចំនួន ១៣.៥៥៩លានរៀល ស្មើនឹង ២,២% ។
ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA)
សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ទទួលបានចំណូលពីការប្រាក់សរុបចំនួន ៣៥៥.០១១ លានរៀល ដែលកើនឡើងប្រមាណ២៧% និងប្រាក់ចំណេញចំនួន១៩៣.៦៤១លានរៀល ដែលកើនឡើងប្រមាណ៤៣% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ទ្រព្យសកម្មសរុបមានចំនួន ២៦.៥២៨.៨០៥ លានរៀល កើនឡើង៧% និងមូលនិធិភាគទុនិកសរុមមានចំនួន ៣.២៩៧.៧៣៥ លានរៀល កើនឡើង៦% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២០ ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
ក្នុងត្រីមាសទី១ ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ម.ក មានចំណូលការប្រាក់សរុបចំនួន៤៨២.២៨៤លានរៀល កើនជាងត្រីមាសទី១ ឆ្នាំ២០២០ ចំនួន ៥៨.៨៩៩ លានរៀល ស្មើនឹង១៣,៩១% និងប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទបញ្ជប់៣ខែ ក្នុងត្រីមាសទី១ ឆ្នាំ២០២១ សរុបចំនួន ១៤៥.៩៧៨ លានរៀល កើនឡើងចំនួន៤៦.៤៨២លានរៀល ស្មើនឹង៤៦,៧២% បើធៀបនឹងត្រីមាសទី១ឆ្នាំ២០២០ ។
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះដែរ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរ ញ្ញវត្ថុ ប្រាសាក់ ម.ក មានចំនួន១៥.១៥៣.៤២៥ លានរៀល កើនចំនួន៥២៥.៣៨៤ លានរៀល ស្មើនឹង៣,៥៩% និងមូលធនសរុបមានចំនួន២.២៤៤.១៧៥លានរៀល កើនចំនួន ១៤៥.៤៧៥ លានរៀល ស្មើនឹង ៦,៩៣% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។
គ្រឹះស្ថានមីក្រហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC)
ក្នុងត្រីមាសទី១ ឆ្នាំ២០២១ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំណូលការប្រាក់សរុបចំនួន១៧១.៦៥៥លានរៀល កើនឡើងចំនួន ៣.០៤១លានរៀល ស្មើនឹង ២% និងចំណេញសុទ្ធ ក្នុងការិយបរិច្ឆេទសរុបចំនួន ៤៧.២២៦លានរៀល កើនឡើង ចំនួន ៩.២៥៨ លានរៀល ស្មើនឹង ២៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ។
នាថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុប របស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំនួន ៤.៣៤៥.៩៨៤ លានរៀល កើន ចំនួន ១១.៦៤៩ លានរៀល ស្មើនឹង ០.២៧% និងមូលធនសរុប មានចំនួន ៧៨០.០៨៣ លានរៀល កើនចំនួន ៤៧.២២៦ លានរៀល ស្មើនឹង ៦% បើធៀបនឹង ៣១ ខែធ្នូ ឆ្នាំ២០២០ ៕ (១ដុល្លារ=ប្រមាណ៤១០០រៀល) ៕