ដោយប៊ី
ភ្នំពេញ៖ ចាប់តាំងពីកម្ពុជាជួបវិបត្តិនៃការឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ ទីផ្សារខុនដូនិងការលក់ចេញនៃខុនដូនៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ និងធ្លាក់ចុះយ៉ាងគំហុកនៅពេលចុងក្រោយនេះ ។
បើតាមលោក រិន ច័ន្ធរឹទ្ធ ប្រធានក្រុមហ៊ុន DNZ Realty បានឱ្យដឹងថា ជាការពិតណាស់ ចាប់តាំងពីកម្ពុជាជួបប្រទះនឹងការឆ្លងរាលដាលក្នុងសហគមន៍២០កុម្ភៈ ២០២១ ការលក់ខុនដូ ការលក់ខុនដូពិតជាបានជួបប្រទះនឹងបញ្ហាមែន ។ ក្រុមខ្លះគឺលក់អត់បានសោះ ឬលក់បានត្រឹមតែ១យូនីតឬ២យូនីតក្នុងមួយខែ ខណៈកាលពីមុនព្រឹត្តិការណ៍២០កុម្ភៈ២០២១ ការលក់ចេញអាចបានក្នុងរង្វង់១០យូនីតដែរ។ លោកថា៖«ក្នុងអំឡុងពេលនេះ មិនថាក្រុមហ៊ុនធំឬក្រុមហ៊ុនពូកែលក់យ៉ាងណាក្ដីគឺលក់បានតិចបំផុត ជាក់ស្ដែងក្រុមហ៊ុនធំមួយដែលជាដៃគូរបស់យើង ពីមុនអាចលក់បាន៥០យូនីត តែក្រោយមកក៏ធ្លាក់មកសល់ត្រឹម៤ឬ៥យូនីតប៉ុណ្ណោះ ហើយអ្នកដែលទិញខុនដូក្នុងចំនួនបួនប្រាំយូនីតគឺជាសាច់ញាតិភ្ញៀវចាស់ៗ ដោយមិនមានភ្ញៀវថ្មីៗចូលមកមើលឡើយ » ។
លោកបន្តថា អ្នកលក់ទាំងអស់ពិតជាពិបាកក្នុងការអញ្ជើញភ្ញៀវមកមើលគម្រោងផ្ទាល់ណាស់ ព្រោះក្នុងអំឡុងពេលនៃការឆ្លងខ្លាំងនេះ ខណៈការលក់កន្លងមកគឺបានដោយសារតែការរៀបចំនូវកម្មវិធីជួបជុំនានា ដូចជាកម្មវិធីជួបភ្ញៀវពិសេស កម្មវិធីរាត្រីស្រមោលសរជាដើម ។ តែក្រោយថ្ងៃទី២០ កុម្ភៈ ២០២១មក យើងមិនអាចធ្វើអ្វីបានទាល់តែសោះ ព្រោះបម្រាមរបស់រដ្ឋាភិបាលក្នុងការជួបជុំដើម្បីកាត់បន្ថយនូវការឆ្លងរាលដាល ។ម្យ៉ាងទៀតកុំថាឡើយដល់រៀបចំកម្មវិធីជួបជុំធំៗ សូម្បីតែអញ្ជើញភ្ញៀវមកផ្ទាល់ក៏ពិបាកដែរ ព្រោះពួកគាត់ក៏ខ្លាចដូចគ្នា ហើយគួបផ្សំនឹងការបិទខ្ទបទៀតផងដែរ ។
លោកបន្ថែមថា តាមរយៈរបាយការណ៍លក់របស់ក្រុមហ៊ុនលោកនិងក្រុមហ៊ុនជាដៃគូបានបង្ហាញថាការលក់ខុនដូ ក្រោយថ្ងៃទី២០ កុម្ភៈ ២០២១មក ការលក់ខុនដូ អាចនិយាយបានថាធ្លាក់ចុះ៩០ភាគរយ ពោលក្រុមហ៊ុនដែលធ្លាប់លក់បាន១០០នៅសល់ត្រឹម១០ប៉ុណ្ណោះ ហើយក្រុមហ៊ុនធ្លាប់លក់បាន១០នៅសល់ត្រឹម១ប៉ុណ្ណោះក្នុងមួយខែ បើទោះបីជាយើងនៅបន្តលក់និងជួបភ្ញៀវតាមអនឡាញក្ដី ។
បើតាមលោកគុយវ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Cambodia បានឱ្យដឹងថា នៅប្រទេសកម្ពុជាការលក់អចលនទ្រព្យតាមអនឡាញវាមិនទាន់អាចធ្វើទៅបាននោះឡើយ បើទោះបីជាបច្ចេកវិទ្យារីកចម្រើនយ៉ាងណាក៏ដោយ ។ តែសម្រាប់ប្រទេសអភិវឌ្ឍន៍ និងរីកចម្រើនដូចជានៅសហរដ្ឋអាមេរិកជាដើម ការទិញលក់គឺអាចធ្វើឡើងតាមអនឡាញដោយមិនបាច់មានការិយាល័យនោះឡើយ ។ ក្រៅពីកម្ពុជាប្រទេសជិតខាងរបស់យើង ការទិញលក់តាមអនឡាញ នៅតែមិនទាន់អាចធ្វើទៅបានដូចគ្នា ៕