អ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងទទួលបានប្រយោជន៍ពីការ បន្តងើបឡើងវិញនៃសេដ្ឋកិច្ចចិន

ដោយៈម៉ាណេត

ភ្នំពេញៈ យោងតាមទិន្នន័យថ្មីមួយបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានបន្តងើបឡើងវិញ ជាមួយនឹងកំណើនឡើងនៅក្នុងខែកក្កដា ខណៈអ្នកជំនាញអចលនទ្រព្យក្នុងស្រុកអះអាងថា វាជាសញ្ញាក៏ល្អសម្រាប់វិស័យអចលនទ្រព្យកម្ពុជា។

សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផលិតកម្ម(PMI) សម្រាប់ខែកក្កដាមានចំនួន ៥១,១ ដោយសន្ទស្សន៍ខ្ពស់ជាង៥០,០ បង្ហាញពីកំណើនផលិតកម្មរបស់រោងចក្រ។ នេះបើយោងតាមចុះផ្សាយរបស់South China Morning Post នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះល្អប្រសើរជាងកំណើន នៅខែមិថុនាចំនួន ៥០.៩ ហើយវាប្រសើរជាងការរំពឹងទុករបស់អ្នកវិភាគ ខណៈលទ្ធផលជាមធ្យម នៃការស្ទង់មតិរបស់Bloomberg មានចំនួន ៥០,៨។

សន្ទស្សន៍ PMI គឺជាសន្ទស្សន៍មួយ ដែលធ្វើឡើងតាមរយៈការស្ទង់មតិពីម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រងការទិញ។ វាផ្តល់នូវរូបភាព នៃស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងមានកំណើននៅខែក្រោយបន្តទៀត។

ជាមួយគ្នានេះដែរ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានប្រាប់គេហទំព័រPropertyarea.asia ថា ចិនបានបោះទុនវិនិយោគច្រើនជាងគេ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ខណៈវិនិយោគចិនមានភាពវ័យឆ្លាត និងដឹងច្បាស់ពីសក្តានុពលរបស់វិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបានថ្លែងថា “មុននឹងវិនិយោគក្នុងវិស័យអ្វីមួយ អ្នកវិនិយោគបរទេស មិនថាតែចិននោះទេ ពួកគេសុទ្ឋតែបានសិក្សាច្បាស់លាស់ជាមុនសិន។ ដូចបានឃើញគម្រោងជាច្រើន ដែលវិនិយោគដោយជនជាតិចិននៅកម្ពុជា ជាគំរោងដែលផ្តល់ផលប្រយោជន៍ និងចំណេញយ៉ាងច្រើននាពេលអនាគត”។លោកបានថ្លែងថា “ នៅពេលអ្វីៗត្រឡប់មក រកសភាពធម្មតាឡើងវិញ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងកំណើនកាន់តែខ្លាំងជាងមុនទៅទៀត” ។

លោកបានបន្តថា “ការងើបឡើងវិញសេដ្ឋកិច្ចចិន គឺជារឿងល្អមួយសម្រាប់អចល​នទ្រព្យនៅកម្ពុជា ព្រោះគាត់នឹងមកបន្តការវិនិយោគនៅកម្ពុជា”។

ចិនឈរក្នុងលំដាប់ទី១ ដែលបានចាក់បញ្ចូលការវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ខណៈទុនវិនិយោគរបស់ចិនមានប្រមាណជាង១០០០ពាន់ប៊ីលានរៀល ស្ថិតនៅនាំមុខក្នុងចំណោមប្រទេសធំៗចំនួន៤ផ្សេងទៀត ដែលកំពុងវិនិយោ​គលើវិស័យនេះ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់ធនាគារជាតិនៃកម្ពុជាដែលចេញកាលពីដើមខែនេះ។

ជាមួយគ្នានេះ នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការងើបឡើងសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងផ្តល់ផលវិជ្ជមាន ដល់វិស័យអចលនទ្រព្យនៅកម្ពុជា ខណៈបច្ចុប្បន្នវិបត្តិការ COVID-19 ធ្វើឱ្យមានផលប៉ះពាល់ជាសកល មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ។

លោកស្រីបានបន្តថា “ការបើកសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងផ្តល់ប្រយោជន៍ដល់វិស័យអចលនទ្រព្យនៅកម្ពុជា ប៉ុន្តែវាទាមទាររយៈពេលទៅខាងមុខ សម្រាប់កម្ពុជាទទួលបានចំហាយកំណើនសេដ្ឋកិច្ចរបស់ចិន” លោកបានលើកឡើងថា “យើងដឹងហើយ ចិនឈរនៅលំដាប់កំពូលនៃអ្នកវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា”។

ជាក់ស្តែង វិនិយោគិន និងប្រជាជនចិន បានត្រឡប់ចូលមកខេត្តព្រះសីហនុវិញ ដើម្បីបន្តការអភិវឌ្ឍន៍គម្រោងរបស់គេ។

លោកនង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃរដ្ឋបាលខេត្តព្រះសីហនុ​បានឱ្យដឹងដែរថា វិនិយោគិនចិន និងប្រជាជនចិនដែលធ្លាប់បំរើការ​ងារនៅក្នុងខេត្តព្រះសីហនុ បានបន្តធ្វើដំណើរមកកាន់ខេត្តជាបន្តបន្ទាប់ ជាមួយគ្នានេះ ក៏មានជនជាតិចិនចាកចេញផងដែរ ។

លោកបានថ្លែងថា “ ប្រជាជនចិនមកពីទីម៉ាកាវ  ហ្គង់ចូវ  គួនមិញ ជាដើម ច្រើនគួរសម ប៉ុន្តែកុំអរពេកមានចេញទៅវិញ ក៏ច្រើនដែរ  ដូច្នេះថ្លៃឈ្នូលផ្ទះ -ជួលដី ។ ល។  គួរបន្ធូរបន្ថយសម្រួលបានសម្រួលខ្លះទៅ”។ លោកបន្តថា “បុគ្គលជាច្រើនតែងសួរខ្ញុំថា កា​លណាបានតំលៃដី  និងការជួលផ្ទះបានថ្លៃដូចឆ្នាំមុន? សំណួរនេះសួរខ្លួនឯង  ឆ្លើយខ្លួនឯងទៅ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here