ការទូទាត់ជាអេឡិចត្រូនិកនៅកម្ពុជាទទួលបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់

ដោយៈ សាវុធ

ភ្នំពេញៈ បច្ចុប្បន្ន វិស័យធនាគារមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយការផ្តល់សេវាទូទាត់ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការទូទាត់ជាអេឡិចត្រូនិក។ នេះបើយោងតាមការលើកឡើងក្នុងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ស្តីពីប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ដែលចេញផ្សាយនៅថ្ងៃនេះ។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ស្ថិតក្នុងបរិបទនេះ ធនាគារជាតិនៃកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ ដើម្បីជំរុញការប្រើប្រាស់ការទូទាត់ជាអេឡិចត្រូនិក ដែលក្នុងនោះរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធទូទាត់ ការរៀបចំបទប្បញ្ញត្តិ និងការត្រួតពិនិត្យ។

ការកសាង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាត់ ជាកត្តាសំខាន់មួយក្នុងការ លើកកម្ពស់លទ្ធភាពធ្វើប្រតិបត្តិការឆ្លងគ្នារវាងគ្រឹះស្ថានធនាគារដែលនឹងរួមចំណែកបង្កើន ប្រសិទ្ធភាពនៃការទូទាត់អន្តរធនាគារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅខែធ្នូ ឆ្នាំ២០១២ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធផាត់ទាត់ជាតិ ដែលធ្វើការផាត់ទាត់ និងទូទាត់ប្រតិបត្តិការអន្តរធនាគារ តាមរយៈមូលប្បទានបត្រ និងបញ្ហាទូទាត់អេឡិចត្រូនិក មានដូចជាការផ្ទេរឥណទាន ឥណទានផ្ទាល់ និងឥណពន្ធផ្ទាល់។

ក្នុងឆមាសទី១ ឆ្នាំ២០២០ ប្រតិបត្តិការមូលប្បទានបត្រមានចំនួន ៦២៥.៤៧៦ ថយចុះ៥,៩២% និងប្រតិបត្តិការតាមរយៈការផ្ទេរឥណទានមានចំនួន ១៤៤.៤៦៤ កើនឡើង ២៥,៤៧% ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩។

ទន្ទឹមនោះ នៅខែកក្កដា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធសេវាទូទាត់រហ័ស ដោយមានការចូលរួមទាំងគ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលធ្វើឱ្យបណ្តាញផ្ដល់សេវាទូទាត់កាន់តែទូលំទូលាយ និងរួមចំណែកលើកកម្ពស់ការប្រើប្រាស់ សេវាទូទាត់តាមបណ្តាញផ្លូវការ។
ការទូទាត់តាមរយៈប្រព័ន្ធសេវាទូទាត់រហ័សក្នុងឆមាសទី១ ឆ្នាំ២០២០ មានចំនួន ២១.៣៦៣ ប្រតិបត្តិការ កើនឡើង ៣៧៣,៦៨% ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩។

ចំនួនប្រតិបត្តិការទូទាត់តាមរយៈសេវាទូទាត់រហ័សមានការ កើនឡើងជាលំដាប់ ជាពិសេសក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ។ ប្រព័ន្ធ NBC Platform ត្រូវ បានដាក់ឱ្យដំណើរការដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការជួញដូររូបិយប័ណ្ណ និងមូលបត្ររបស់ ធនាគារជាតិនៃកម្ពុជា ព្រមទាំងប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO)។

ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានដាក់ឱ្យដំណើរការប្រព័ន្ធ Online Banking System នៅ ឆ្នាំ២០១៦ និងកំពុងដាក់ឱ្យដំណើរការជាបឋមនូវប្រព័ន្ធខេមបូឌានស៊ែស្វីច និងប្រព័ន្ធទីធែលផេ ហើយក៏កំពុងបន្តអភិវឌ្ឍប្រព័ន្ធទូទាត់ដុលភ្លាមៗ។ ប្រព័ន្ធបាគងដែលប្រើប្រាស់បច្ចេកវិទ្យា Blockchain ក៏កំពុងដាក់ឱ្យដំណើរការសាកល្បង និងគ្រោងដាក់ឱ្យអតិថិជនប្រើប្រាស់ក្នុង ពេលឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here