តើអ្វីទៅជាលំហូរសាច់ប្រាក់ ហើយត្រូវបានបែងចែកយ៉ាងដូចម្តេច?

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងវិស័យហិរញ្ញវត្ថុគេតែងតែលឺពាក្យថាលំហូរសាច់ប្រាក់ ហើយក៏តែងតែប្រើញឹកញាប់ផងដែរ សម្រាប់ការវិនិយោគ សម្រាប់អ្នកធ្វើអាជីវកម្ម ឬបុគ្គលិកនិយោជិតជាដើម តើពាក្យលំហូរសាច់ប្រាក់នេះ មានន័យថាដូចម្ដេច ហើយគេបែងចែកយ៉ាងម៉េចទៅលើលំហូរសាច់ប្រាក់?

លំហូរសាច់ប្រាក់គឺជារបាយការណ៍បង្ហាញអំពីការព្យាករឬការត្រួតពិនិត្យជាក់ស្ដែងទៅលើប្រាក់ហូរចូលនិងហូរចេញ។ ការប្រមូលប្រាក់បានពីការលក់ដូរទំនិញ ឬប្រាក់បានមកពីការធ្វើអាជីវកម្ម ក៏ដូចជាប្រាក់ខែ ឬប្រាក់បានមកពីការជួលអចលនទ្រព្យជាដើម គេហៅថាលំហូរសាច់ប្រាក់ចូល។ ហើយប្រាក់ដែលចេញដូចជាសងបំណុល បង់ថ្លៃបុគ្គលិក បង់ថ្លៃទឹកភ្លើង ឬសាលាកូនរៀនជាដើម គឺជាលំហូរសាច់ប្រាក់ចេញ។

តើវាចាំបាច់ទេដែលមនុស្សម្នាក់ៗ ត្រូវការធ្វើរបាយការណ៍ក៏ដូចជាផែនការហិរញ្ញវត្ថុរបស់ខ្លួន?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកង៉ែត ជូអ្នកជំនាញហិរញ្ញវត្ថុមួយរូបបានថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី៩ ឧសភា ២០២១ឱ្យដឹងថា ការគ្រប់គ្រងលំហូរសាចប្រាក់ទាំងលំហូរសាច់ប្រាក់ចូល និងលំហូរសាច់ប្រាក់ចេញគឺមានសារសំខាន់ណាស់ ព្រោះវាប្រៀបបានដូចជាចលនាឈាមក្នុងខ្លួនដូច្នោះដែរ ហើយលំហូរសាច់ប្រាក់ធានាបាននូវសុខុមាលភាពរបស់អាជីវកម្ម ឬក៏សុខុមាលភាពរបស់ក្រុមគ្រួសារមួយ ដើម្បីធានាថាយើងមានលទ្ធភាព ក្នុងការទូទាត់បំណុលឬចំណាយដែលចាំបាច់។

លោកបានថ្លែងថា សម្រាប់ម្ចាស់អាជីវកម្មលំហូរសាច់ប្រាក់ចូលត្រូវតែធានាថាអាចគ្រប់គ្រាន់សម្រាប់បើកប្រាក់ខែជូនបុគ្គលិក សម្រាប់បង់ថ្លៃការិយាល័យទឹកភ្លើង និងសេវាកម្មផ្សេងទៀត ពោលគឺត្រូវបានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំខែ។

លោកបន្តថា លំហូរសាច់ប្រាក់ជាលក្ខណៈបុគ្គលនិងអាជីវកម្មគឺវាមិនខុសគ្នាទេ គ្រាន់តែលំហូរសាច់ប្រាក់របស់អាជីវកម្មមានភាពស្មុគ្រស្មាញច្រើន ហើយអ្នកដែលអាចធ្វើរបាយការណ៍និងព្យាករលំហូរសាច់ប្រាក់បានល្អ គឺជាអ្នកដែលមានបញ្ហាប្រឈមតិចបំផុតសម្រាប់វិបត្តិហិរញ្ញវត្ថុ។

ការរៀបចំលំហូរសាច់ប្រាក់បានត្រឹមត្រូវ និងច្បាស់លាស់ វានឹងយើងអាចគ្រប់គ្រងចំណូលនិងចំណាយបាននិងទប់មិនឱ្យមានបញ្ហានៅពេលជួបវិបត្តិហិរញ្ញវត្ថុណាមួយ ព្រោះគេបានព្យាករមុនរួចហើយពីលំហូរសាច់ប្រាក់ចូលនិងសាច់ប្រាក់ចេញរបស់គេទាំងអាជីវកម្ម និងជាលក្ខណៈគ្រួសារ។

ដូចគ្នានេះដែរ សម្រាប់ប្រទេសជាតិទាំងមូល ក៏មិនខុសដែរ ការគ្រប់គ្រងចំណូលនិងចំណាយគឺជាកត្តាសំខាន់ ។ កាលពីប៉ុន្មានថ្ងៃ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយការចំណាយទៅលើក្រសួងស្ថាប័នណាដែលមិនចាំបាច់ដោយយកថវិកាពីនោះទៅបំពេញបន្ថែមលើអ្វីដែលចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here