ក្រុង​ឌូ​បៃ​ទាក់ទាញ​មហាសេដ្ឋី​ទៅ​រស់នៅ​កាន់តែច្រើន ដើម្បី​គេច​ពី​វិបត្តិ​កូ​វីដ-១៩

ដោយៈ​ឧ​ត្ត​ម

ឌូ​បៃ: បន្ទាប់ពី​រស់នៅក្នុង​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស​អស់​រយៈ​ជិត៣ទសវត្សរ៍ លោក Christophe Reech ដែលជា​ប្រធាន​ក្រុមហ៊ុន​បារាំង​ដ៏​ធំ​មួយ មាន​អារម្មណ៍​ធុញទ្រាន់ ចំពោះ​ការបិទ​ខ្ទប់​ទីក្រុង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅ​រដូវ​ផ្កា​រីក​ឆ្នាំនេះ គាត់​បាន​លក់​ផ្ទះ​ប្រណីត​របស់គាត់​នៅ​ក្រុង​ឡុង​ដ៍ ហើយ​បាន​ចាកចេញ​ទៅកាន់​ក្រុង​ឌូ​បៃ ដើម្បី​កសាង​ជីវិត​ថ្មី​នៅ​ទីនោះ​ជាមួយ​គ្រួសារ​របស់គាត់។

មហាសេដ្ឋី​រូបនេះ​និយាយថា គ្មាន​ថ្ងៃ​ដែល​គាត់​ត្រលប់​ទៅ​រស់នៅ​ទីក្រុង​ឡុង​ដ៏​វិញ​ឡើយ។ ហើយ​មិត្តភក្ដិ​ជាច្រើន​របស់គាត់ ដែល​សុទ្ធតែជា​ស្ដេច​លុយ ក៏បាន​ផ្លាស់​ទៅ​រស់នៅក្នុង​ទីក្រុង​ឌូ​បៃ​ដូចគ្នា​ដែរ ដោយ​ធ្វើឱ្យ​ការលក់​ផ្ទះប្រណីតៗនៅក្នុង​ទីក្រុង នៃ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត នេះ​មាន​សន្ទុះ​កើនឡើង​ខ្លាំង​មិន​ធ្លាប់មាន។

អ្នកជំនួញ​ដែល​កាន់កាប់​ក្រុមហ៊ុន​ជាច្រើន នៅក្នុង​វិស័យ​អចលនទ្រព្យ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​រូបនេះ​បាន​លើកឡើងថា “នៅទីនេះ​ក្នុង​ក្រុង​ឌូ​បៃ មាន​យុទ្ធសាស្ត្រ​តែមួយគត់​គឺ​ធ្វើ​ជំនួញ​ដូច​ធម្មតា។ វិធី​សាមញ្ញ​បំផុត​គឺត្រូវធ្វើ​ឱ្យ​ប្រាកដថា គ្រប់គ្នា​ត្រូវបាន​ចាក់​វ៉ាក់សាំង ហើយ​រក្សា​ឱ្យអ្វីៗបើក​ដំណើរការ” ។

គាត់​បាន​និយាយទៀតថា “ពិតណាស់ កត្តា​នោះបាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ដូច​រូបខ្ញុំ​ជាដើម” ។

ខណៈ​ការ​ចែកចាយ​វ៉ាក់សាំង​មិន​ស្មើគ្នា នៅ​ទូទាំង​ពិភពលោក និង​ការឆ្លង​វីរុស​កូ​វីដ-១៩ រលក​ថ្មី​នៃ​ការរីក​រាលដាល​ជំងឺ​នេះ បាន​បង្ខំ​ឱ្យ​ប្រទេស​នានា​បង្កើន​វិធានការ​រឹតបន្តឹង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត ក្រុម​អ្នកទិញ​ជា​ជនបរទេស ដែលមាន​លុយ​ច្រើន បាន​សម្រុក​ចូលក្នុង​ទីផ្សារ​ផ្ទះ​ប្រណីត​នៅ​ក្រុង​ឌូ​បៃ។ អ្នកមាន​ទាំង​នោះបាន​សម្រុក​ទិញ​ផ្ទះ​វីឡា និង​ផ្ទះ​ជាន់​លើប្រណីតៗដែលមាន​តម្លៃ​ថ្លៃ ដោយ​ធ្វើឱ្យ​តម្លៃ​ផ្ទះ​ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់មាន។

ការលក់​អចលនទ្រព្យប្រណីតៗនៅ​ក្រុង​ឌូ​បៃ ដែល​ធ្លាប់​តែមាន​សន្ទុះ​យឺត បាន​កើនឡើង​រហូតដល់២៣០%ក្នុង​ត្រីមាស​ទី១ ដើមឆ្នាំ២០២១នេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

យោងតាម Property Finder ដែលជា​គេហទំព័រ​អចលនទ្រព្យ​ធំ​បំផុត របស់​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​បានឱ្យដឹងថា តម្លៃ​អចលនទ្រព្យប្រណីតៗ នៅ​តំបន់​មួយចំនួន​បាន​ហក់​ឡើង៤០% ។

យោងតាម​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​អចលនទ្រព្យ Property Monitor បានឱ្យដឹងថា ផ្ទះ​ប្រណីត​ចំនួន៩០ផ្ទះ ដែលមាន​តម្លៃ២,៧លាន​ដុល្លារ​អាមេរិក ត្រូវបាន​លក់ដាច់​កាល​ពី​ខែ​មុន បន្ថែម​ពីលើ៨៤ផ្ទះ​ដែល​លក់ដាច់​ក្នុង​ខែមីនា ដោយ​វ៉ា​ឈ្នះ​កម្រិត​កើនឡើង​ខ្ពស់បំផុត​កាលពី៨ឆ្នាំមុន។

ក្រុមហ៊ុន​នេះ​បានឱ្យដឹង​ទៀតថា នៅក្នុង​ឆ្នាំ២០២០ទាំងមូល ផ្ទះ​ប្រណីត​លក់ដាច់​បានតែ៥៤ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here