គម្រោង​វិនិយោគថ្មីៗតម្លៃ​រាប់រយ​លាន​ដុល្លារ​កំពុង​សម្រុក​ទៅកាន់​នៅ​ខេត្តស្វាយរៀង

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ខេត្តស្វាយរៀង កំពុង​ទទួលបាន​គម្រោង​វិនិយោគថ្មីៗជា​បន្តបន្ទាប់ ដោយបាន​ប្រកាស​បោះទុន​រាប់រយ​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ បើទោះបីជា​ស្ថិតក្នុង​វិបត្តិ​កូ​វីដ១៩ ។

ជាក់ស្តែង រដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន៤ ដែល​បាន​បោះ​ទីតាំងនៅ​ខេត្តស្វាយរៀង ក្នុង​កុម្ភៈ​កន្លងមកនេះ ខណៈ​គម្រោង​ថ្មី​ចំនួន៤នេះ បានប្រកាស​ទុនវិនិយោគ​ប្រមាណ៩៨,២លាន​ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោង​ទាំងនេះ រួមមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត សំបក​កង់​យានយន្ត គម្រោង​បង្កើត​រោងចក្រ​ផលិត​សា​ឡុង គ្រែ និង​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​សម្រាប់​ចង្ក្រាន BBQ, ផ្គុំ​តម្លើង​បរិក្ខារ​អេឡិចត្រូនិក និង​អំពូល​ភ្លើង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រណាត់ និង​កាត់ដេរ​សម្លៀកបំពាក់ ជាដើម។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Sailun Group កាលពី​ខែមីនា ឆ្នាំ២០២១ បាន​ពិចារណា បង្កើត​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​ដឹក​អ្នកដំណើរ ដែលមាន​តម្លៃ​ជាង១៨០លាន​ដុល្លារ​នៅ​កម្ពុជា។

កាលពីថ្មីៗនេះ ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD. បានប្រកាស​ពី​គម្រោង​បង្កើត រោងចក្រ​ដំឡើង​ទោចក្រយាន ទោចក្រយាន​អគ្គិសនី (កង់​អាគុយ) និង​គ្រឿង​បង្គុំ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​ស្ថិត នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង និង​បោះទុន​វិនិយោគ​ប្រមាណ១.៧លាន​ដុល្លារ​អាមេរិក។

លោក​ម៉ែន វិបុល​អភិបាល​ខេត្តស្វាយរៀង ធ្លាប់មាន​ប្រសាសន៍​នាពេល​កន្លងមកនេះ​ថា នៅ​តំបន់​មាន​សក្ដានុពលសំខាន់ៗ និង​សមិទ្ធផល ដែល​រដ្ឋបាល​ខេត្តស្វាយរៀង​សម្រេចបាន​រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និង​កសិកម្ម​ជាដើម ជាពិសេស​ខេត្ត បាន​ក្លាយជា​ប្រភព​ការងារ ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​ប្រមាណ​ជាង៨ម៉ឺន​នាក់ បម្រើ​នៅក្នុង​វិស័យ​ឧស្សាហកម្ម រោងចក្រ​សហគ្រាស សេវាកម្ម និង​កាស៊ីណូ​ជាដើម។

លោក​បាន​បន្តថា “ជាមួយនឹង​ភាព​រីកចម្រើន និង​ការអភិវឌ្ឍន៍​បង្កើតបាន​ជា​សមិទ្ធផល​នានា​ជាច្រើន​នៅក្នុង​ខេត្ត ជាពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឱ្យ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​មាន​ភាព​រីកចម្រើន។លោក​បន្តថា “វិស័យ​អចលនទ្រព្យ និង​លំនៅដ្ឋាន​ក៏​កំពុងមាន​ប្រជាប្រិយភាព និង​ទទួលបាន​ការវិនិយោគ​ជាច្រើន​គម្រោង​ដែរ ហើយ​ក្នុងនោះ​គម្រោង​លក់​ដី​ឡូ​តិ៍​កំពុងមាន​ភាព​ផុសផុល​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here