ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ លោកមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជូនថា ការងារផ្គត់ផ្គង់ និងលក់ស្បៀងអាហារ ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ ហើយការងារនេះក្រសួងនឹងបន្តធ្វើរហូត ទាល់តែទីក្រុងភ្នំពេញក្លាយជាតំបន់លែងបិទខ្ទប់។
ក្នុងវេទិកាពិសេសស្តីពី សកម្មភាពនិងលទ្ធផល នៃការអនុវត្តរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេស លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា រាល់មុខទំនិញទាំងអស់ដែលដឹកចូលមកលក់នៅតាមស្តង់ ក៏ដូចជា ចុះមកលក់នៅតាមទីតាំងចែកចាយ ក៏ដូចជាដាក់លក់នៅតាមរថយន្តចល័ត ដែលជាមុខទំនិញបន្លែ ត្រី សាច់ យកមកពីខាងក្រៅត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយមន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដើម្បីធានាថាទំនិញទាំងអស់នោះ គឺថាមានគុណភាព មានសុវត្ថិភាពអាចប្រើប្រាស់បាន និងមានសុពលភាពអាចប្រើប្រាស់បាន។
លោកបន្តថា “មកទល់ពេលនេះថា ការផ្កត់ផ្គង់របស់យើងនៅតាមតំបន់ក្រហម និងតំបន់លឿងទុំ បានប្រព្រឹត្តទៅយ៉ាងរលូន ហើយក៏អាស្រ័យដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ ដែលគោរពបានយ៉ាងល្អនូវវិធានការណ៍សុខាភិបាល នៅក្នុងរយៈពេលកន្លងមកនេះផងដែរ”។
លោកបានឆ្លើយតបទៅនិងការអធិប្បាយ ការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួន ដោយលើកងឡើងជាការផ្តល់មតិខ្លះ ក៏ដូចជាការផ្តល់មតិល្អ ដែលអាចនឹងជាការតិះទៀន ប្រកបដោយន័យស្ថាបនា ការផ្តល់មតិខ្លះទៀតក៏មានលក្ខណៈយោគយល់ លក្ខណៈផ្សព្វផ្សាយអុជអាល អំពីការងារដែលក្រសួងពាណិជ្ជកម្មបានធ្វើកន្លងមក ដូចជាការវាយតម្លៃ ថាក្រសួងបានដណ្តើមការលក់ពីប្រជាពលរដ្ឋ ក៏ដូចជាលើកលែងការអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ ហេតុដូចម្តេចមានការប្រគល់ឲ្យតែ ២-៣ក្រុមហ៊ុនដូចជាលក្ខណៈផ្តាច់មុខ។ល។
ការផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគ បរិភោគ ចាំបាច់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម រហូតមកដល់ពេលនេះក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងឱ្យចរាចរក្នុងទីផ្សារ តាមរយៈទីផ្សារអនឡាញ (shop.moc.gov.kh) និងរថយន្តចល័តរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និងរថយន្តក្រសួងចំនួន៨គ្រឿង ព្រមទាំងបើកស្ដង់លក់ទំនិញចំនួន១១ទីតាំង ដែលមាន២៥ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញដែលជាស្បៀងមូលដ្ឋាន ក្នុងនោះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមូលដ្ឋានមួយចំនួនទៀត៕