ភ្នំពេញៈ ពេលវេលា ដែលយើងបានចាយជារៀងរាល់ថ្ងៃនេះ គឺនឹងមិនអាចត្រឡប់មកវិញ ប្រៀបដូចជាទឹកដែលហូរពីទីខ្ពស់ចុះទៅទាប ហើយមិនអាចហូរឡើងមកពីទីខ្ពស់វិញបានអ៊ីចឹង។
អាយុរបស់យើងគឺមានតែកើតពីតិចទៅច្រើន ពីមួយឆ្នាំទៅពីរឆ្នាំ ពីពីរឆ្នាំទៅបីឆ្នាំ ពីក្មេងដល់ពេញវ័យ ពីពេញវ័យដល់ចាស់ជរា ពីចាស់ជរាដល់ស្លាប់។ មនុស្សយើងមុននិងក្រោយ គឺគង់តែស្លាប់ដូចគ្នា ប៉ុន្តែមុននឹងយើងត្រូវស្លាប់ យើងក៏គួរតែរស់នៅឱ្យមានតម្លៃជាមុនសិន។ ប៉ុន្តែតើត្រូវរស់នៅយ៉ាងណាឱ្យមានតម្លៃ? មនុស្សដែលរស់នៅប្រកបដោយគុណធម៌គឺជាមនុស្សដែលមានតម្លៃ។
មនុស្សដែលមានគោលដៅច្បាស់លាស់ គឺជាមនុស្សដែលមានតម្លៃ។មនុស្សដែលដឹងថា ខ្លួនត្រូវស្លាប់ដើម្បីអ្វី ឬសុខចិត្តស្លាប់ដើម្បីបុព្វត្រឹមត្រូវមួយ គឺជាមនុស្សដែលមានតម្លៃ។ មនុស្សយើង បើគ្មានគោលដៅមួយច្បាស់លាស់ទេ ប្រាកដជាចំណាយពេលឥតប្រយោជន៍ មានអារម្មណ៍ថាតែលតោល គ្មានទីពឹង អស់សង្ឃឹម នៅក្នុងជីវិតជាក់ជាមិនខានឡើយ។
បើយើងនិយាយពីការកំណត់គោលដៅវិញ មនុស្សម្នាក់ៗគឺមានគោលដៅ មានក្ដីស្រមៃ មានបំណងប្រាថ្នាខុសៗគ្នា។ ការមានក្ដីស្រមៃខុសៗគ្នានេះ អាចមកពីចំណងចំណូលចិត្ត បរិបទនៃការរស់នៅ ឬក៏ចំណេះដឹងដែលម្នាក់ៗមាន។ យ៉ាងណាក៏ដោយ មនុស្សយើងគប្បីមានក្ដីស្រមៃឱ្យធំ ប៉ុន្តែសូមចាប់ផ្ដើមពីការប្រឹងប្រែងធ្វើរឿងតូចៗឱ្យបានផលច្រើនសិន។
ខាងក្រោមនេះ ជាវិធីសាស្ត្រសម្រាប់ឱ្យយើង យកទៅធ្វើជាគ្រឹះក្នុងការកំណត់គោលដៅជីវិត។ វាត្រូវបានគេហៅថា Smart Goal។
១- S = Specific ៖ (មានភាពច្បាស់លាស់) គឺត្រូវប្រាកដប្រជាជាមួយនឹងគោលដៅដែលខ្លួនបានកំណត់។ បំណងប្រាថ្នាគឺជាអ្វីដែលយើងចង់បាន ប៉ុន្តែគោលដៅគឺអ្វីដែលយើងបានកំណត់យ៉ាងច្បាស់លាស់ថា នឹងសម្រេចវាឱ្យបាន ដូច្នេះ យើងវាទាមទារឱ្យយើងច្បាស់លាស់ ជាមួយនឹងគោលដៅរបស់ខ្លួនឯង ដោយមិនងាករេទៅខាងឆ្វេងឬទៅខាងស្ដាំដូចចុងស្រល់ដែលត្រូវខ្យល់បោកបក់ឡើយ។
២- M = Measurable ៖ (អាចវាស់វែងបាន) គឺជាការដាក់គោលដៅឱ្យសមល្មមឬលើសពីសមត្ថភាពរបស់យើងបន្ថិច ពោលគឺមិនតូចពេកឬធំពេកឡើយ។ គោលដៅតូចពេក វាងាយនឹងសម្រេចជោគជ័យ ធ្វើឱ្យសក្ដានុពលពិតប្រាកដរបស់យើង មិនបានចេញមកក្រៅទាំងអស់។ ហើយគោលដៅធំពេក វានឹងមិនអាចសម្រេចបាន នាំឱ្យយើងបាក់ទឹកចិត្ត គ្មានអារម្មណ៍ប្រឹងប្រែងបន្ត។
៣- A = Achievable៖ ដែលអាចសម្រេចបាន គឺសំដៅដល់ការកំណត់គោលដៅឱ្យសមស្របឬស៊ីគ្នានឹងច្បាប់ធម្មជាតិ។ បុគ្គលដែលប្រឹងប្រែងប្រឆាំងនឹងធម្មជាតិ ដោយសេចក្ដីងប់ងល់ ពោលគឺពុំយល់សភាពនៃធម្មជាតិ បុគ្គលនោះនឹងរងនូវការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត។
៤- R = Realistic៖ ភាពប្រាកដនិយម គឺសំដៅលើភាពប្រាកដនិយមជាមួយនឹងគោលដៅ ដោយពុំមែនចេះតែស្មានផ្ដេសច្បាស់លាស់នោះទេ។
៥- T = Time ៖ កំណត់ពេលវេលា គឺសំដៅដល់ការកំណត់កាលបរិច្ឆេទនៃការចាប់ផ្ដើមនិងបញ្ចប់គោលដៅ។ បើមានគោលដៅ គឺត្រូវតែមានផែនការ កាលបើមានផែនការហើយ ត្រូវតែហ៊ានចាប់ផ្ដើមធ្វើ។ ចេញសកម្មភាពកាន់តែលឿន យើងក៏ឆាប់ទទួលបានលទ្ធផលដូចគ្នា ផ្ទុយទៅវិញ បើយើងរវល់តែដេកចាំពេលវេលា ឬនៅស្ងៀមមិនព្រមធ្វើអ្វីសោះគោលដៅមួយនោះក៏មិនអាចសម្រេចបានដែរ។
លោកWinston Churchill អតីតនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា “បើអ្នករវល់តែរើសដុំថ្មគប់ឆ្កែ ដែលព្រុសនៅតាមផ្លូវ នោះអ្នកមិនអាចដើរដល់គោលដៅអ្នកបានឡើយ។
មុនពេលដែលយើងចេញដំណើរ យើងត្រូវត្រៀមខ្លួននិងកំណត់ពីទិសដៅ ដែលត្រូវទៅឱ្យបានច្បាស់ជាមុនសិន។ បន្ទាប់បានត្រៀមខ្លួន និងកំណត់ពីទិសដៅរួចហើយ វាជាពេលដែលយើងត្រូវធ្វើដំណើរ។ នៅក្នុងការធ្វើការងារ វាប្រាកដណាស់ដែលយើងត្រូវជួបឧបសគ្គ ត្រូវគេប្រមាថ ត្រូវគេមើលងាយ ត្រូវគេរិះគន់ថាយើងជាមនុស្សឆ្គួតជាដើម។
នៅក្នុងសង្គមរស់នៅគឺវាបែបហ្នឹង បើយើងធ្វើអ្វីមួយខុសពីគេ គេនឹងគិតថាយើងឆ្គួត។ ប៉ុន្តែបើមនុស្សយើងចេះឆ្គួតនឹងធ្វើរឿងល្អ ឆ្គួតនឹងធ្វើរឿងមានតម្លៃ នោះយើងក្លាយទៅជាមនុស្សល្អ។ មនុស្សល្អ គឺជាមនុស្សដែលចេះ និងទូន្មានខ្លួនឯងឱ្យធ្វើរឿងល្អ ធ្វើរឿងត្រឹមត្រូវបាន។
បើយើងបានធ្វើរឿងល្អ ធ្វើរឿងត្រឹមត្រូវ នោះគឺបានសេចក្ដីថាយើងបាន និងកំពុងតែលះបង់នូវអំពើអាក្រក់ទាំងឡាយចោល។ ដូចគ្នាដែរ ក្នុងការធ្វើដំណើរឆ្ពោះទៅរកគោលដៅជីវិត យើងគប្បីចេះអត់ធ្មត់ ចេះទ្រាំនឹងឧបសគ្គ។ រឿងខ្លះយើងមិនគួរចំណាយពេលទៅបកស្រាយឡើយ ព្រោះការពិតគង់តែត្រូវបានគេដឹងលឺដដែល ប្រៀបដូចជាមនុស្សល្អទោះបី មិនបានប្រាប់គេថាយើងជាមនុស្សល្អ ក៏គង់តែមានគេទទួលស្គាល់ មានគេនិយាយល្អពីយើងដែរ។
បើយើងរវល់តែអួតប្រាប់អ្នកដទៃថាយើងជាមនុស្សល្អ នោះយើងនឹងគ្មានពេលធ្វើរឿងល្អនោះទេ៕ អត្ថបទដោយ៖ ឈឿន សុជាតិ (ស្មេរសង្គម)៕