លំហូរ​សាច់ប្រាក់​ពី​ធនាគារ​នឹង​ជំរុញ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ឱ្យ​ងើប​វិញ​ឆាប់រហ័ស​បន្ទាប់ពី​វិបត្តិ​កូ​វីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ វិស័យ​ធនាគារ​នឹង​ដើរតួរ​នាទី​សំខាន់ ក្នុងការ​ជំរុញ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ឱ្យ​ងើប​វិញ​ឆាប់រហ័ស តាមរយៈ​ការផ្តល់​ឥណទាន ដល់​អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យនេះ ដែល​អាចជួយ​ដល់​ចរន្ត​ទិញ​លក់​មាន​សកម្មភាព បន្ទាប់​វិបត្តិ​កូ​វីដ១៩ មាន​ធូរស្រាល ឬ​ត្រូវបាន​គ្រប់គ្រង។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​ថ្លែងប្រាប់ Propertyarea.asia កាលថ្មីៗនេះ​ថា ដើម្បីឱ្យ​អចល​លន​ទ្រព្យ​វិស័យនេះ​នៅ​បន្ត​ភាពរឹងមាំ​កាន់​យូរ​តទៅទៀត យើង​គួរតែ​ជួយ​ជំរុញ​ការផ្តល់​ឥណទាន ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អចលនទ្រព្យ​នេះ តាមរយៈ​ធនាគារ ឬ​ធនាគារពាណិជ្ជ ដែលជា​ដៃគូ​របស់​រដ្ឋាភិបាល ដើម្បី​ផ្តល់​កម្ចី​ទៅឱ្យ​អ្នក ដែល​ពាក់ព័ន្ធ មានលទ្ធភាព​យក​កម្ចី​នេះ​ប្រើប្រាស់​បន្តទៀត។ ច្នេះ​វិស័យ​អចលនទ្រព្យ​នៅតែ​បន្ត​កំណើន​របស់ខ្លួន និង​ទ្រទ្រង់​ទៅឱ្យ​ផ្នែកផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែងបន្តថា “ប្រាក់កម្ចី​នៅតែ​បន្ត​កើតមាន ដូច្នេះ​ចរន្ត​ទិញ​លក់​អចលន​ត្រ​ព្យ​នៅតែមាន ទោះបី​ជាមាន​បញ្ហា​ប្រឈម​នឹង​វិបត្តិ​កូ​វីដ១៩ក៏ដោយ។លោក​បន្តថា “ទោះបី​នាបច្ចុប្បន្ន លំហូរ​វិនិយោគ​ពី​ប្រទេស​ត្រូវបាន​រាំងស្ទះ ដោយសារ​វិបត្តិ​កូ​វិដ១៩ ប៉ុន្តែ​វិនិយោគិន​ក្នុងស្រុក​បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​វិស័យ​អចលនទ្រព្យ​ឱ្យមាន​ការរីកចម្រើន” ។

លោក​បាន​ថ្លែង​បន្តទៀតថា ការជំរុញ​ការផ្តល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ​នឹង​ជួយ​វិស័យ​មានការ​រីកលូតលាស់​បាន​ឆាប់រ​ហ័យ​ឡើងវិញ និង​ក៏​ដូច​ចូលរួមចំណែក​ដល់​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​កូ​វីដ១៩ ត្រូវបាន​គ្រប់គ្រង ឬ​បញ្ចប់​ទាំងស្រុង។

នៅ​ត្រីមាស​ចុងក្រោយ​ឆ្នាំ២០២០កន្លងមកនេះ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​ចំនួន ៩,៧៦ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​ការ​របាយការណ៍​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី (CBC)។

របាយការណ៍​បានឱ្យដឹងថា កម្ចី​អចលនទ្រព្យ​មាន​លើស​ពាក់កណ្តាល នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប៥២,០០ភាគរយ ស្មើនឹង​ប្រមាណ៥.០៧ពាន់​លាន​ដុល្លារ។ ចំណែកឯ​សមតុល្យ​ឥណទាន​ហិរញ្ញវត្ថុ ផ្ទាល់ខ្លួន​មាន​ចំណែក៤៧,៤០ភាគរយ។

លោក​ឆា​រស៍ វ៉ាន់​អគ្គនាយករង​ធនាគារ​កាណាឌីយ៉ា បាន​មានប្រសាសន៍​ឲ្យ​ដឹង​កន្លងមក​ថា ធនាគារ​មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​ផ្តល់​ចរន្ត​សាច់ប្រាក់​ទៅក្នុង​សេដ្ឋកិច្ច ដើម្បី​ឲ្យ​សេដ្ឋកិច្ច​មានដំណើរ​ការ​ល្អប្រសើរ ហេតុនេះ​តួនាទី​ធនាគារ​ជា​រឿង​មិនអាច​ខ្វះ​បាន ក្នុងការ​ផ្តល់​តួនាទី​ស្នូល​ក្នុង​សេដ្ឋកិច្ច​ផង និង​សង្គម​ផង។

ទោះជា​យ៉ាងណា​លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​ឧ​ត្ត​ម​ទីប្រឹក្សា​សេដ្ឋកិច្ចជាតិ​ធ្លាប់បាន​ព្រមាន​ថា ការផ្តល់​ឥណទាន​កើនឡើង​ខ្ពស់​ពេក ធៀប​នឹង​ផលទុនជាតិ​សរុប នឹងធ្វើ​ឲ្យ​មាន​ហានិភ័យ​ក្នុង​សេដ្ឋកិច្ច ប៉ុន្តែ​ឥណទាន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​កំនើន។

លោក​បន្តថា “ឥណទាន​ប្រៀបដូចជា​ខ្លាញ់​ក្នុង​ខ្លួន​របស់​មនុស្ស ដែល​រាងកាយ​មនុស្ស​ត្រូវការ​ខ្លាញ់​ដើម្បី​ដំណើរការ ប៉ុន្តែ​ការដែល​រាងកាយ​មាន​ខ្លាញ់​ច្រើនពេក ក៏​សុខភាព​រាងកាយ​មិនល្អ​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here