ការបញ្ចុះ​ពន្ធ​លើ​អ​ល​ចនទ្រ​ព្យ​ធ្វើឱ្យ​តម្លៃ​ផ្ទះ​នៅ​អង់គ្លេស ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់មាន​ចាប់តាំងពី​ឆ្នាំ២០០៤មក

ដោយៈ សុខុម

អង់គ្លេស: តម្លៃ​ផ្ទះ​នៅ​ប្រទេស​អង់គ្លេស បាន​កើនឡើង២,១%នៅក្នុង​ខែមេសា ដែលជា​ការកើនឡើង​ប្រចាំខែ​ខ្ពស់បំផុត ក្នុង​រយៈពេល​ជាង១៧ឆ្នាំ​មកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការ​ហក់​ឡើង​តម្លៃ​លំនៅដ្ឋាន​នេះ បាន​កើតឡើង​ក្រោយពី​លោក Rishi Sunak រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ បានសម្រេច​ពន្យារ​ការ​បញ្ចុះ​ពន្ធ លើ​ការទិញ​លក់​អចលនទ្រព្យ​ដោយ​មិន​នឹកស្មាន​ដល់។ នេះ​បើ​យោងតាម​ស្ថាប័ន​ផ្ដល់​កម្ចី​ទិញ​ផ្ទះ Nationwide បានលើកឡើង​កាលពី​ថ្ងៃ​សុក្រ ទី៣០ មេសា។

តម្លៃ​ផ្ទះ​នៅពេលនេះ​គឺ​ខ្ពស់ជាង៧,១%បើ​ធៀប​នឹង​កម្រិត​ក្នុង​ខែមេសា ឆ្នាំ២០២០ នៅពេល​ការបិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ និង​កំណើន​ធ្វើការ​ងារ​ពី​ផ្ទះ​បន្ត​ជំរុញ​តម្រូវការ​ផ្ទះ​ដែល​ធំ​ទូលាយ​ជាង​មុន។

លោក Robert Gardner ដែលជា​អ្នកជំនាញ​សេដ្ឋកិច្ច​ជាន់ខ្ពស់ នៅ​ស្ថាប័ន​ផ្ដល់​កម្ចី​ទិញ​ផ្ទះ Nationwide បាន​លើកឡើងថា ការឡើង​ថ្លៃ​ផ្ទះ​ខ្លាំង​ក្នុង​ខែមេសា នេះ​គឺ​ដោយសារ​ការពន្យារពេល បញ្ចុះ​ពន្ធ​លើ​ការទិញ​លក់​អចលនទ្រព្យ។

តាមពិត​ការបញ្ចុះ​ពន្ធ លើ​ការទិញ​លក់​អចលនទ្រព្យ ត្រូវផុត​កំណត់​នៅ​ចុងខែ​មីនា។ ប៉ុន្តែ​ពេលនេះ​ការទិញ​ផ្ទះ​ដំបូង ដែលមាន​តម្លៃ៦៩៧.០៥០ដុល្លារ​អាមេរិក នៅ​អង់គ្លេស ឬ​អៀរ​ឡង់​ខាងជើង នឹង​នៅតែ​រួច​ពន្ធ​ប្រថាប់ត្រា រហូតដល់​ដំណាច់ខែ​មិថុនា ហើយ​ការអនុគ្រោះ​ពន្ធ លើ​ផល​ចំណូល​ត្រឹម៣៤៦.០០០ដុល្លារ​អាមេរិក នឹង​បន្ត​រហូតដល់​ដំណាច់​ខែកញ្ញា។

លោក Rishi Sunak បានដាក់​ចេញ​វិធានការ​បញ្ចុះ​ពន្ធ​នេះ នៅ​ខែកក្កដា ឆ្នាំ២០២០ ក្នុង​គោលបំណង​ជំរុញ​សន្ទុះ​ទីផ្សារ​លំនៅដ្ឋាន បន្ទាប់ពី​ការលក់​ផ្ទះ​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​អំឡុងពេល​ប៉ុន្មាន​ខែ​ដំបូង នៃ​ការផ្ទុះ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

តម្រូវការ​ផ្ទះ​បាន​កើនឡើង​ខ្លាំង នៅពេល​វិធានការ​រឹតបន្តឹង​នានា​ធូរស្រាល។ អ្នកទិញ​ជាច្រើន បាន​ស្វែងរក​ផ្ទះ​ធំ​ទូលាយ​ជាង​មុន ដែល​នៅ​ឆ្ងាយ​ពី​កណ្ដាល​ក្រុង ព្រោះ​ពួកគេ​បានចាប់ផ្តើម​ធ្វើការ​ពី​ផ្ទះ ជាជាង​ធ្វើដំណើរ​ទៅធ្វើ​ការ​នៅ​ការិយាល័យ។

ទិន្នន័យ​ចុងក្រោយ​ពី​ការិយាល័យ​ជាតិ​ស្ថិតិ​បង្ហាញថា តម្លៃ​ផ្ទះ​នៅ​ខែកុម្ភៈ ខ្ពស់ជាង៨,៤% បើ​ធៀប​នឹង​កម្រិត​ក្នុង​ឆ្នាំ២០២០ ដែលជា​ការកើនឡើង​ប្រចាំឆ្នាំ​ខ្ពស់បំផុត​ចាប់តាំងពី​ឆ្នាំ២០១៤ ។

ស្ថាប័ន​ផ្ដល់​កម្ចី​ទិញ​ផ្ទះ Nationwide និយាយថា តម្លៃ​ផ្ទះ​នឹង​កើនឡើង​បន្ថែមទៀត​នៅ​ប៉ុន្មាន​ខែ​ខាងមុខ ដោយសារ​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​លំនៅដ្ឋាន និង​កំណើន​ពលរដ្ឋ​ដែល​ចង់​រើ​ចេញពីផ្ទះ​តូចចង្អៀត នៅ​កណ្ដាល​ក្រុង ទៅ​រស់​នៅផ្ទះ​ជាយក្រុង​ដែល​ធំ​ទូលាយ​អំឡុងពេល​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

ទោះជា​យ៉ាងណា លោក Howard Archer អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​ក្រុមហ៊ុន​ព្យាករណ៍​សេដ្ឋកិច្ច​របស់​អង់គ្លេស EY ITEM Club បាន​ព្យាករ​ថា តម្លៃ​ផ្ទះ​ប្រចាំឆ្នាំ​នឹង​ធ្លាក់ចុះ​វិញ​នៅ​ដំណាច់​ឆ្នាំនេះ ហើយ​ថា​តម្លៃ​អាច​នឹង​ធ្លាក់ចុះ​ប្រចាំត្រីមាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here