ក្រសួងកសិកម្មដាក់ចេញការងារអាទិភាពមួយចំនួន៤ដើម្បីដោះស្រាយការរាំងស្ទះដល់ការអភិវឌ្ឍក្នុងវិស័យនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ក្រសួងកសិកម្ម បាននិងកំពុងផ្តោតជាសំខាន់ លើការងារអាទិភាពមួយចំនួន៤ ដើម្បីឆ្លើយតប និងដោះស្រាយរាល់បញ្ហាប្រឈម ដែលកំពុងរាំងស្ទះដល់កំណើននៃការអភិវឌ្ឍ ក្នុងវិស័យកសិកម្មនៅកម្ពុជា។

លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែង នៅទី២៣ ខែមេសា ឆ្នាំ២០២១ថា ទោះជាកម្ពុជានៅមានបញ្ហាប្រឈមមួយចំនួន ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ពិសេសគឺផលិតភាពកសិកម្មនៅមានកម្រិត និងការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្ម នៅពុំទាន់ដោះស្រាយបានល្អប្រសើរ ដែលទាំងនេះជាហេតុធ្វើឱ្យកសិករកម្ពុជាមានការលំបាក។

លោកបានថ្លែងបន្តថា ហេតុនេះ ដើម្បីឆ្លើយតប និងដោះស្រាយរាល់បញ្ហាប្រឈមដែលកំពុងរាំងស្ទះ ដល់កំណើននៃការអភិវឌ្ឍក្នុងវិស័យកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងផ្តោតជាសំខាន់ លើការងារអាទិភាពមួយចំនួនរួមមានទី១ ជំរុញការអភិវឌ្ឍដំណាំស្រូវ ដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្ម ដោយលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ និងទីផ្សារក្នុងស្រុក តាមរយៈការប្រើប្រាស់ពូជដំណាំមានគុណភាព ការធ្វើពិពិធកម្មប្រភេទដំណាំ ការអនុវត្តបច្ចេកទេសទំនើប ការលើកកម្ពស់ការអនុវត្តកសិកម្មល្អ និងការផ្តល់សេវាបច្ចេក​ទេសកសិកម្មថ្មី និងបច្ចេកវិទ្យាវៃឆ្លាតធន់នឹងអាកាសធាតុដល់កសិករ និងសហគមន៍កសិកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយការរាតត្បាតសមាសភាពចង្រៃ ព្រមទាំងត្រូវត្រៀមបម្រុងគ្រាប់ពូជដំណាំ សម្រាប់ចែកជូនដល់កសិករ ដើម្បីស្តារផលិតកម្មដំណាំនៅ តាមតំបន់ដែលរងគ្រោះដោយសារកត្តាធម្មជាតិ។

បន្ថែមលើសពីនេះ ក្រសួងបន្តជួយដល់ប្រជាកសិករ តាមគ្រប់រូបភាពសំដៅដល់ការបង្កើតកសិដ្ឋានថ្មីៗ ព្រមទាំងគាំទ្រ និងពង្រីកទំហំផលិតកម្មស្បៀង ដែលឆាប់ផ្តល់ផលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទី២ ជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសសាច់ដែលមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់បំពេញតម្រូវការហូបចុក របស់ប្រជាពលរដ្ឋ លើកទឹកចិត្តដល់ប្រជាកសិករ ដែលចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ឱ្យបង្កើនការចិញ្ចឹម និងឈានទៅប្រែក្លា យទៅជាការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម។ ជំរុញផលិតកម្មចំណីសត្វ បង្កើនទុនសម្រាប់ការទិញវត្ថុធាតុដើមក្នុងស្រុក ធានានូវគុណភាព សុវត្ថិភាព និងមានតម្លៃសមស្រប។

ទី៣ ជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាពដល់ប្រជាកសិករ និងអ្នកវិនិយោគ ដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រី រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ បង្កើនការផលិតកូនត្រីពូជឱ្យបានគ្រប់គ្រាន់ ដើម្បីចែកចាយដល់កសិករនៅតំបន់ ដែលមានសក្តានុពលក្នុងការធ្វើវារីវប្បកម្ម ផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុដល់សហគមន៍នេសាទ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។

ទី៤ រៀបចំកសាងគម្រោង ផែនការផលិតកម្មស្បៀង ស្របតាមផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ និងជំរុញការអនុវត្តផែនការសកម្មភាពនេះ ដើម្បីបង្កើនផលិតកម្មស្បៀងអាហារ (បន្លែ ផ្លែឈើ ត្រី សាច់) សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការហូបចុកក្នុងប្រទេ​សឱ្យបានគ្រប់គ្រាន់ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here