សកម្មភាពនៃការវិនិយោគអចលនទ្រព្យត្រូវផ្អាកទាំងស្រុងនៅភ្នំពេញក្រោយវិធានការបិទខ្ទប់

          ដោយៈលក្ខិណា

ភ្នំពេញៈ ក្រោយរដ្ឋាភិបាលបានចាត់វិធានការក្ដៅ ដើម្បីទប់ស្កាត់កូវីដ១៩ ដោយបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ក៏ដូចជាការហាមការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ សកម្មភាពវិនិយោគអចលនទ្រព្យ ត្រូវបានថមថយចុះខ្លាំងជាពិសេសនៅភ្នំពេញត្រូវបានផ្អាកទាំងស្រុង។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានឱ្យដឹងនាព្រឹកថ្ងៃទី២៣ មេសានេះថា ចាប់តាំងពីរាជរដ្ឋាភិបាលដាក់នូវវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាលដើម្បីបញ្ចប់កូវីដ១៩ នៅក្នុងប្រទេសកម្ពុជារាល់សកម្មភាព ការចរចានូវការវិនិយោគក៏ដូចជាសកម្មភាពនានា មិនមានសោះឡើយ។

លោកបន្តថា “វិនិយោគិន ក៏ដូចជាធុរជននានា ក្នុងប្រទេសគ្មានធ្វើអ្វីបានក្រៅតែពីការនៅផ្ទះ ដើម្បីចូលរួមទប់ស្កាត់ជាមួយរដ្ឋាភិបាលនោះទេ ខណៈកូវីដ១៩បាននិងកំពុងរាលដាលកាន់តែខ្លាំងនៅរាជធានីភ្នំពេញនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ពាក់ព័ន្ធនឹងការទិញលក់អចលនទ្រព្យវិញ ក៏មិនមាននោះដែរ ក្នុងពេលដែលព្រឹត្តិការណ៍២០ កុម្ភៈ បាននិងកំពុងរីករាលកាន់តែខ្លាំង ហើយលោកក៏ជឿជាក់ថា រដ្ឋាភិបាលនឹងអាចបញ្ចប់វាបានឆាប់ និងអាចឱ្យសកម្មភាពនៃការទិញលក់អចលនទ្រព្យវិលទៅរកភាពដើមវិញ។ លោកបន្តថា អ្វីដែលពួកយើងអាចធ្វើបាននៅពេលនេះ គឺនៅផ្ទះស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យព្រឹត្តិការណ៍នេះអាចបញ្ចប់នៅពេលឆាប់ៗ ។

លោកបន្តថា “ក្នុងឆ្នាំ២០២១នេះ ក៏មិនខុសពីឆ្នាំ២០២០កន្លងទៅដែរ គឺមិនមានការធ្លាក់ចុះបន្ថែមទៀត និងមិនមានការកើនឡើងវិញដែរ ខណៈកូវីដ១៩នៅតែជាបញ្ហា ហើយបញ្ហានេះ បើសិនជាបញ្ចប់ក្នុងឆ្នាំ២០២១នេះបាន វានឹងធ្វើឱ្យវិស័យអចលនទ្រព្យអាចប្រសើរបន្តិច ដោយមានការទិញលក់នៅក្នុងឆ្នាំ២០២២”។

ចំណែកលោកឌឹត ចណ្ណាប្រធានក្រុមហ៊ុនអចលនទ្រព្យឡាក់គីរៀលធីក៏បានឱ្យដឹងថា សកម្មភាពនៃការវិនិយោគបានធ្លាក់ចុះបន្តិចម្ដងៗ ចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ ២០២១ តែដំបូងៗនៅមានការទិញលក់ហូរហែរដែរ តែដោយសារតែស្ថានភាពកាន់តែធ្ងន់ធ្ងរ ទៅធ្វើឱ្យវិនិយោគិនដែលមានលុយត្រូវទុកលុយសិន ដោយមិនអាចចេញទៅរកមើលទីតាំងអចលនទ្រព្យសម្រាប់វិនិយោគឡើយ។

លោកបន្តថា‍ “អ្នកមានលុយមិនមានអ្វីត្រូវខាតបង់ទេ ព្រោះលុយរបស់ពួកគេនៅតែជារបស់ពួកគេដដែល។ មិនមានអ្វីដែលត្រូវខាតបង់នោះឡើយ ដូច្នេះនៅពេលដែលស្ថានភាពប្រសើរឡើងវិញ គេអាចបញ្ចេញលុយនោះ សម្រាប់វិនិយោគក៏មិនទាន់ហួសពេលដែរ”។

លោកបន្តថា អ្វីដែលពួកយើងអាចធ្វើបាននៅពេលនេះ គឺការចូលរួមទប់ស្កាត់ជាមួយរដ្ឋាភិបាល ក្នុងការបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ នេះឱ្យបានឆាប់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here