អភិបាលរាជធានីភ្នំពេញ ប្រកាសថានឹងចាត់វិធានការចំពោះសំណង់គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

ដោយ វុធ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រកាសថានឹងមានចាត់វិធានការ ចំពោះសំណង់ទាំងឡាយណាដែលបានសាងសង់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងសាងសង់ខុសបច្ចេកទេស។

ប្រកាសរបស់លោក ឃួង ស្រេងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញនេះ ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអភិបាលរងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ និង បន្ទាប់ពីមានឧបទវហេតុធ្លាក់សម្ភារៈសំណង់ទៅលើអ្នកធ្វើដំណើរ និង ខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋនាពេលកន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអភិបាលបានថ្លែងថា “គ្រប់សំណង់អគារទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវតែគោរពតាមបទដ្ឋានបច្ចេកទេសសំណង់ និងមានច្បាប់អនុញ្ញាតសាងសង់ ដើម្បីធានាឱ្យបាននូវគុណភាពសំណង់អគារគង់វង្សយូរអង្វែង ចំពោះសំណង់ដែលមានសភាពចាស់ទ្រុឌទ្រោមរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញសេចក្ដីជូនដំណឹង និងចុះណែនាំជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានការប្រុងប្រយ័ត្នខ្ពស់”។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ធ្លាប់បានចេញបញ្ជាឲ្យអាជ្ញាធរខេត្តក្រុងរាជធានី ចាត់វិធានការឱ្យបានតឹងរឹងតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនសាងសង់ និងម្ចាស់សំណង់ណាដែលមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រុញឱ្យក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ ស្ថាបត្យករ និងវិស្វករគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ ជាពិសេសមានការទទួលខុសត្រូវ និងត្រួតពិនិត្យការដ្ឋានសាងសង់ឱ្យបានហ្មត់ចត់ និងចៀសវាងការធ្វេសប្រហែសដែលអាច បង្កគ្រោះថ្នាក់ជាយថាហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here