ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនបដិសណ្ឋារកិច្ចWA Hospitality ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី នឹងចាប់ផ្តើមដាក់ដំណើរការសណ្ឋាគារលំដាប់ផ្កាយ៥ និងកាស៊ីណូ Won Majestic ដែលមានចំនួន៣០០បន្ទប់ នៅខេត្តព្រះសីហនុ នៅត្រីមាសទី១ ឆ្នាំ២០២២ ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ TTGAsia នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។
ដោយមានទីតាំង ស្ថិតទល់មុខឆ្នេរសុខាដ៏ស្រស់ស្អាត គម្រោងនេះនឹងមានបន្ទប់ប្រណីត និងបន្ទប់ស្ទូឌីយោអាងហែលទឹក កន្លែងហាត់ប្រាណ ភោជនីយដ្ឋានបី កន្លែងទទួលភ្ញៀវ និងកាស៊ីណូ។
ក្រុមហ៊ុន WA Hospitality ទទួលបានកិច្ចសន្យា គ្រប់គ្រងគម្រោងសណ្ឋាគារ និងកាស៊ីណូនេះ ដែលវិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា Won Majestic ដែលមានបទពិសោធន៍យ៉ាងច្រើន នៅក្នុងអាជីវកម្មកាស៊ីណូនៅក្នុងតំបន់។
នេះគឺជាកិច្ចសន្យាគ្រប់គ្រងក្រៅប្រទេសដំបូងបង្អស់ របស់ក្រុមហ៊ុនWA បដិស ណ្ឋារកិច្ច ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន World Avenue ដែលបានបង្កើតឡើងនៅចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៩៥ ។
នាយកប្រតិបត្តិក្រុមហ៊ុន WA Hospitality លោក Ally Bhoonee បានថ្លែងថា “វាមិនមែនជាសណ្ឋាគារ និងកាស៊ីណូធម្មតាទេ ពីព្រោះសណ្ឋាគារនេះ នៅជាប់ឆ្នេរខ្សាច់ ហើយវានឹងក្លាយជាគម្រោង អចលនទ្រព្យទ្រព្យលំដាប់ផ្កាយប្រាំ” ។ លោកបន្តថា “គំនិតនៃការអភិវឌ្ឈ សណ្ឋាគារគឺផ្តល់ជូនការកម្សាន្ត និងសេវាកម្មផ្ទាល់ខ្លួនល្អបំផុត” ។
ផ្អែកតាមការព្យាករ គម្រោងនេះទទួលបានអត្រាស្នាក់នៅ៨០ភាគរយ ក្នុងឆ្នាំប្រតិបត្តិការដំបូង។
លោក Ally បានថ្លែងបន្តថា “យើងនឹងផ្តោតលើអតិថិជនគោលពីប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍” ៕