លោក​យិន លាង​គង់​បង្ហើប​បី​ចំណុច​ដើម្បី​អាច​ក្តាប់​ព័ត៌មាន​ជុំវិញ​ការវិវត្តន៍ក្នុង​វិស័យ​អចលនទ្រព្យ

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ ការ​មាន​លុយ​ទិញ​ដីធ្លី​មិន​ប្រាកដថា ទទួលបាន​ប្រាក់ចំណេញ​លឿន​នោះទេ ហើយ​ជួនកាល​ក៏​ធ្វើ​ឲ្យ​ការវិនិយោគ​របស់ខ្លួន​ត្រូវ​ជាប់គាំង​ផងដែរ ប្រសិនជា​អ្នកវិនិយោគ​មិនដឹង​ពី​គន្លឹះ​ច្បាស់លាស់។

ទីប្រឹក្សា​សមាគម​ជំនាញ​អចលនទ្រព្យ​សកល លោក​យិន លាង​គង់ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​លើ​អ្វីមួយ សុ​ទ្ឋ​តែមាន​ហានិភ័យ ប៉ុន្តែ​ការវិនិយោគ​ដោយ​ប្រើប្រាស់​ចំណេះដឹង ជា​មូលដ្ឋាន និង​ព៌​ត​មាន​គ្រប់​ជ្រុងជ្រោយ​ពិតជា​អាច​កាត់បន្ថយ​ហានិភ័យ​បាន។ តើ​ការវិនិយោគ​បែបណា​អាច​កាត់បន្ថយ​ហានិភ័យ?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិញ​ដីធ្លី​នៅ​តំបន់​មាន​ប្រជាជន​រស់នៅ​ច្រើន

អចលនទ្រព្យ​ឡើងថ្លៃ ពិតជា​អាស្រ័យ​លើ​កត្តា​ប្រជាសាស្ត្រ ព្រោះ​ការឡើង​ថ្លៃ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃ​ពិតជា​ទាក់ទង​នឹង​ចរន្ត​មនុស្ស។ នៅទីណា​មាន​មនុស្ស​រស់នៅ​ច្រើន​ទីនោះ​នឹងមាន​សកម្មភាព​អាជីវកម្ម​ច្រើន ធ្វើ​ឲ្យ​ចរន្ត​សេដ្ឋកិច្ច​តំបន់​នោះ​រីកចម្រើន។

គេ​មិនអាច​ទៅ​ទិញ​ដី​កណ្តាល​ព្រៃ ដែល​គ្មាន​មនុស្ស​រស់នៅ​ដើម្បី​ឲ្យ​តម្លៃ​ដី​កើនឡើង និង​ទទួលបាន​ប្រាក់ចំណេញ​នោះទេ។

ឧស្សាហ៍​អាន​ព័ត៌មាន

នៅពេល​យើង​អាន​ព័ត៌មាន​ច្រើន យើង​នឹង​ទទួលបាន​ព័ត៌មាន​ច្រើន ពី​ការអភិវឌ្ឍន៍ ពី​ផែនការ​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​ការកសាង​ផ្លូវ កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​គំរោង​អភិ​វ​ឌ្ឈ​ន៍​របស់​រដ្ឋាភិបាល​ជាច្រើន​ទៀត។ នៅពេល​យើង​មានចំណេះដឹង មាន​ព័ត៌មាន​ក្នុង​ដៃ​គ្រប់គ្រាន់​ហើយ មូលដ្ឋាន​នៃ​ការសម្រេចចិត្ត​របស់​យើង គឺមាន​ភាពត្រឹមត្រូវ​ជា​ជាង​ការវិនិយោគ​ដោយ​ប្រថុយប្រថាន ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។

ព័ត៌មាន​ដែល​អាច​ទុកចិត្តបាន ប្រកបដោយ​ក្រមសីលធម៌ ពិតជា​មូលដ្ឋាន​សំខាន់ ដែល​អ្នកវិនិយោគ​ត្រូវ​អាន ដើម្បី​យកមក​ធ្វើជា​មូលដ្ឋាន​សំរាប់​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុង ជ្រោយ​មុន​សម្រេចចិត្ត​ទិញ​ដី​នៅ​តំបន់​ណាមួយ។

ឧទាហរណ៍​នៅ​តំបន់​ផ្លូវជាតិ​លេខ៥៥ ពីមុន​ដី​នៅ​តំបន់​នោះ​គ្មាន​ហាងឆេង និង​គ្មាន​អ្នក​ចាប់អារម្មណ៍​ទេ ប៉ុន្តែ​ក្រោយពេល​សាងសង់​ផ្លូច​រួច ដី​នៅតាម​តំបន់​នោះបាន​ឡើងថ្លៃ​យ៉ាងគំហុក ហេតុនេះ​បើ​យើង​នឹង​ព៌​ត​មាន​ពី​ការសាងសង់​ផ្លូវ ហើយ​យើង​ទិញ​នៅពេល​ផ្លូវ​ចាប់ផ្តើម​សាងសង់ ច្បាស់​ណាស់​យើង​នឹង​រក​ផលចំណេញ​បាន​លឿន និង​បាន​ឆាប់រហ័ស។

តាមដាន​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល

រដ្ឋាភិបាល​តែងតែមាន​ចេញ​គោលនយោបាយ​ជា​បន្តបន្ទាប់ រៀងរាល់៣ទៅ៥ឆ្នាំ​ម្តង ដើម្បី​រៀបចំ​ផែនការអភិវឌ្ឍន៍​ប្រទេស ហេតុនេះ​បើសិនជា​យើង​តាមដាន​ដឹង​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ជាមុន យើង​មានឱកាស​ចំណេញ​ច្រើន ពី​ការវិនិយោគ​របស់ខ្លួន។

ឧទាហរណ៍​ជាក់ស្តែង កាលពី​ខែតុលា​ឆ្នាំ២០១៥ រដ្ឋាភិបាល​បានប្រកាស​ដាក់ចេញ​នូវ​គោលនយោបាយ​អភិ​វ​ឌ្ឈ​ន៍ វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ដោយ​ក្នុង​គោលនយោបាយ​នោះ រដ្ឋាភិបាល​បានជ្រើសរើស​យក​ទីក្រុង២ និង​ខេត្ត១ជា​តំបន់​សំរាប់​អភិ​វ​ឌ្ឈ​ន៍​វិស័យ​ឧស្សាហកម្ម​ជាពិសេស។ ខេត្ត​នោះ​រួមមាន ខេត្ត​ព្រះសីហនុ ក្រុង​ប៉ោយប៉ែត និង​ក្រុង​បាវិត។

ជាល​ទ្ឋ​ផល​ក្រុងព្រះសីហនុ ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត កំពុងមាន​ការរីកចម្រើន និង​កំពុង​ស្ថិតក្នុង​ក្រសែភ្នែក​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ចូលទៅ​វិនិយោគ​យ៉ាងច្រើន ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ស្ទើរ​មិន​នឹង​ស្មាន​ដល់។

ហេតុនេះ​ការតាមដាន ការអាន​ព៌​ត​មាន​តាម​ទូរទស្សន៍ វេ​ប​សាយ កាសែត ពិត​ជាមាន​សារៈសំខាន់ ដែល​អ្នកវិនិយោគ​គ្រប់គ្នា​ត្រូវតែ​ដឹង ត្រូវតែ​អាន ដើម្បី​ដឹង​ពី​ផែនការ ដឹង​ពី​ដំណើរ​នៃ​ការ​អភិ​វ​ឌ្ឈ​ន៍​ប្រទេសជាតិ។

សិក្សា​លើ​ទិដ្ឋភាព​ច្បាប់

ទិដ្ឋភាព​និង​មូលដ្ឋាន​ច្បាប់ ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ជា​ឧបករណ៍​មួយ​យ៉ាងសំខាន់ ដែល​អ្នកវិនិយោគ​ជាតិ ពិសេស​អ្នកវិនិយោគ​អន្តរជាតិ​តែងតែ​សិក្សា​មុនគេ មុន​ចូលទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ។ ច្បាប់​ព​ន្ឋ​លើ​ប្រាក់ចំណេញ ច្បាប់​វិនិយោគ ច្បាប់​លើកទឹកចិត្ត​ដល់​ការវិនិយោគ​នានា សុ​ទ្ឋ​តែ​ជា​កត្តា​សំខាន់​នៅក្នុង​ការទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស។

ឧទាហរណ៍ ច្បាប់​វិនិយោគ​កម្ពុជា​បានអនុញ្ញាត ឲ្យ​ជនបរទេស​អាច​បណ្តាក់​ទុន​រកស៊ី១០០ភាគរយ​នៅ​កម្ពុជា​បាន ដោយ​មិនចាំបាច់​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក។ច្បាប់​នេះ​ពិតជា​មាន​សារៈសំខាន់​បំផុត ដែល​បាននិងកំពុង​ធ្វើ​ឲ្យ​កម្ពុជា​ឈានឡើង និង​មានការ​រីកចម្រើន​យ៉ាង​លឿន​ហើយ​សេដ្ឋកិច្ចកម្ពុជា​សម្រេចបាន​កំនើន​ជា​មធ្យម៧,៧ភាគរយ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ។

មូលដ្ឋាន​ទាំងនេះ គឺ​នៅតែ​ឈរលើ​កត្តា​សុខសន្តិភាព ស្ថេរភាព​នយោបាយ ស្ថេរភាព​សង្គម និង​កំនើនសេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​របស់​កម្ពុជា ព្រោះ​បើ​ប្រទេសជាតិ​គ្មាន​ចំណុច​ប៉ុន្មាន​នេះ​ទេ តម្លៃ​អចលនទ្រព្យ និង​ការវិនិយោគ​ក៏​មិនអាច​កើនឡើង​បានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here