ដោយៈ សាវុធ
ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) មិនកំណត់ដើមទុនអប្បបរមាសម្រាប់ការវិនិយោគឡើយ ហើយលោក អ្នកត្រូវមានត្រឹមតែទឹកប្រាក់ ស្មើនឹងថ្លៃមូលបត្រ ដែលត្រូវទិញបូករួមជាមួយថ្លៃកម្រៃសេវា ដែលត្រូវបង់ទៅក្រុមហ៊ុនមូលបត្រ នៅពេលដែលលោកអ្នកបញ្ជាទិញតែប៉ុណ្ណោះ។
ឯកតាបញ្ជាអប្បបរមានៃភាគហ៊ុន និងសញ្ញាបណ្ណនៅផ.ម.ក. គឺត្រឹមតែ ១ ភាគហ៊ុន ឬ ១ឯកតាសញ្ញាបណ្ណ។
ជាមួយគ្នានេះដែរ វិនិយោគិនគ្រប់រូប ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណបណ្ណ (សម្រាប់ជនជាតិខ្មែរ) ឬលិខិតឆ្លងដែន(សម្រាប់ជនបរទេស) អាចបើកគណនីជួញដូរបាន។
លោកអ្នកអាចចាប់ផ្ដើមវិនិយោគ នៅពេលដែលលោកអ្នកគិតថា ខ្លួនមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ មានចំណេះដឹងនិងជំនាញគ្រប់គ្រាន់ក្នុងការជួញដូរ និងអាចរ៉ាប់រងនូវហានិភ័យផ្សេងៗដែលអាចកើតមាន។
ទន្ទឹមនឹងនេះដែឬ លោកអ្នកមិនតម្រូវឱ្យឆ្លងកាត់ការវាយតម្លៃ គុណវុឌ្ឈិណាមួយឡើយ ដើម្បីអាចជួញដូរមូលបត្រដែលបានចុះបញ្ជីនៅ ផ.ម.ក. ។
ប៉ុន្តែលោក អ្នកគួរមានយ៉ាងហោចចំណេះដឹង មូលដ្ឋានមួយចំនួន ទាក់ទងនឹងការវិនិយោគហិរញ្ញវត្ថុ និងការជួញដូរមូលបត្រ ព្រមទាំងការយល់ដឹងពីហានិភ័យ ដែលអាចកើតមាន ដើម្បីធានាបាននូវការសម្រេចចិត្តវិនិយោគដែលត្រឹមត្រូវ៕