អាជ្ញាធរសម្រេចចិត្តផ្អាកដំណើរផ្សារក្នុងរាជធានីភ្នំពេញ១៣ ក្រោយរកឃើញពាក់ព័ន្ធនឹងកូវីដ១៩

ដោយៈ លក្ខិណា
ភ្នំពេញៈ អាជ្ញាធរបានសម្រេចចិត្តផ្អាកដំណើរការផ្សារតូចធំជាច្រើន ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ក្រោយរកឃើញមានពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ដែលជាអាជីវករ ខណៈរហូតមកដល់ថ្ងៃទី២១ មេសា ២០២១ នេះផ្សារតូចធំក្នុងរាជធានីភ្នំពេញចំនួន១៣ បានផ្អាកដំណើរការជាបណ្ដោះអាសន្ន។

យោងតាមរបាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងថា ផ្សារចំនួន១៣ ដែលត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តទៀតនោះរួមមាន៖ ១. ផ្សារអូរឬស្សី ជាផ្សារផ្ទុះជំងឺកូវីដ១៩មុនគេក្នុងចំណោមផ្សារដែលបានបិទ ២. ផ្សារចាស់ ៣. ផ្សារដើមគរ ៤. ផ្សារកណ្ដាល ៥. ផ្សារត្រពាំងថ្លឹង ៦.ផ្សារពោធិ៍ចិនតុង ៧. ផ្សារសេនជូនរីផ្លាហ្សា ៨. ផ្សារធំទួលសង្កែ(ផ្សារសាំហាន់ ) ៩. ផ្សារដើមគរ ១០. ផ្សារនាគមាស ១១. ផ្សារទួលពង្រ ១២. ផ្សារឯករាជ្យមួយ ១២. ផ្សារបឹងត្របែកផ្លាហ្សា និង១៣. ផ្សារដេប៉ូ។

អ្នកវិភាគសេដ្ឋកិច្ចជាច្រើនបានបង្ហាញពីទស្សនរបស់ខ្លួនចំពោះការបិទអាជីវកម្មតាមផ្សារនិងការបិទខ្ទប់ទីក្រុងភ្នំពេញទាំងមូលថាពិតជាប៉ះពាល់ដល់ប្រាក់ចំណូលគ្រួសារ និងសេដ្ឋកិច្ចប្រទេសទាំងមូល តែការវិធានការនេះនឹងជួយដល់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការចម្លងនិងឆ្លងរីករាលដាលបន្តទៀតនិងធ្វើឱ្យខាតសេដ្ឋកិច្ចកាន់តែធំ។

លោកគី សេរីវឌ្ឍន៍អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាមួយរូប បានលើកឡើងថា ពេលនេះ សេដ្ឋកិច្ចកម្ពុជានឹងរងគ្រោះកាន់តែធ្ងន់និងខាតបង់កាន់តែច្រើន ពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២១នេះ ខណៈ២០២០កន្លងទៅរដ្ឋាភិបាលអាចទប់ស្កាត់បានទាំងស្ថានភាពជំងឺ និងស្ថានភាពសេដ្ឋកិច្ច។

គិតត្រឹមរយៈពេល២០ថ្ងៃ នៃខែមេសាឆ្នាំ២០២១នេះប៉ុណ្ណោះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ចំនួនរហូតដល់ជាង៥០០០នាក់ជាពិសេសអាជីវករតាមផ្សារក្នុងរាជធានីភ្នំពេញ និងចង្កោមរោងចក្រក្នុងភ្នំពេញ ដែលធ្វើឱ្យស្ថានភាពនៃជំងឺនេះ កាន់តែអាក្រក់រហូតដល់រដ្ឋាភិបាលចាត់វិធានការក្ដៅបិទផ្សារ ជាច្រើនដែលពាក់ព័ន្ធ និងបង្ខំឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះកុំចេញក្រៅ ដែលធ្វើឱ្យពលរដ្ឋត្រូវបាត់បង់ប្រាក់ចំណូលទាំងស្រុងក្នុងពេលបិទខ្ទប់ទីក្រុងនេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here