សណ្ឋាគារ​ផ្កាយ៧ដ៏​ចម្លែក ដែលជា​សំណង់​ស្ថាប​ត្យ​ដ៏​កំពូល​មួយទៀត​របស់​មហា​យក្ស​ចិន

ដោយ សុខុម

ចិន:  រះ​យ៉ាង​ខ្ពស់ត្រដែត​នៅលើ​មាត់ច្រាំង​ភាគ​ត្បូង​នៃ​បឹង​ថៃ​ហ៊ូ (Taihu Lake) ស្ថិតក្នុង​ក្រុង​ហ៊ូ​ចូ​វ (Huzhou) ខេត្ត​ចឺ​ជាំ​ង (Zhejiang) នោះ​គឺជា​សំណង់​សណ្ឋាគារ​លំដាប់​ផ្កាយ៧ ដំបូងបង្អស់​នៅក្នុង​ប្រទេស​ចិន។

សណ្ឋាគារ Moon Hotel Huzhou ដែលមាន​ឈ្មោះ​ផ្លូវការ Sheraton Huzhou Hot Spring Resort នេះ​គឺជា​សំណង់​ស្ថាបត្យកម្ម​ដ៏​លេចធ្លោ​មួយ​ក្នុងចំណោម​សំណង់​ស្ថាបត្យកម្មកំពូលៗនៅក្នុង​ប្រទេស​ចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគារ​ដែលមាន​រចនា​ប័​ទ្ម​ប្លែក​អស្ចារ្យ​នេះ​ក៏មាន​រហស្សនាម​ថា “Horseshoe Hotel” (សណ្ឋាគារ​ស្បែក​ជើងសេះ) និង “Doughnut Hotel” (សណ្ឋាគារ​នំ​ដូ​ណាត់) ផងដែរ ព្រោះតែ​វា​មាន​សណ្ឋាន​ជា​រង្វង់​មូល ហើយ​មាន​ប្រហោង​កណ្ដាល​ប្រៀប​ដូច​នំ​ដូ​ណាត់ ឬ​ស្បែក​ជើងសេះ​នោះឯង។

ក្រៅពី​មាន​សណ្ឋាន​ជា​រង្វង់​មូល សំណង់​ស្ថាបត្យកម្ម​ដ៏​កំពូល​មួយ​នេះ​ក៏​ស្ថិតនៅ​ទីតាំង​ធម្មជាតិ​ដ៏​ស្រស់ស្អាត ដែល​យើង​មើលទៅ​ឃើញ​វា​ផុស​ត្រដែត​ផុតពី​ផ្ទៃ​ទឹក ហើយ​ចន្លោះ​កណ្ដាល​គឺជា​ផ្លូវទឹក​ដែល​ទូក ឬ​កាណូត​ធំ​ល្មម​អាច​ឆ្លងកាត់​បាន​យ៉ាង​អស្ចារ្យ។

អគារ២៧ជាន់​ដែលមាន​កម្ពស់១០១,២ម៉ែត្រ និង​ទទឹង១១៦ម៉ែត្រ​នេះ​ត្រូវបាន​គូរ​ប្លង់​ដោយ​លោក ម៉ា យ៉ាន​សុង (Ma Yansong) ជា​កំពូល​ស្ថាបត្យករ​ជនជាតិ​ចិន ដែលមាន​ឈ្មោះ​ល្បីល្បាញ​ពេញ​ពិភពលោក និង​ដំណើរ​ការសាងសង់​ដោយ​ក្រុមហ៊ុន Shanghai Feizhou Group។ ការសាងសង់​អគារ​នេះ​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ខែតុលា ឆ្នាំ២០១៣ ហើយ​វា​ជា​ហ្វ្រែ​ន​ឆាយ​មួយ​របស់​សម្ព័ន្ធ​សណ្ឋាគារ​ប្រណីត​អន្តរជាតិ Sheraton Hotels and Resort។

នៅពេល​រាត្រី អគារ​នេះ​បញ្ចេញ​សម្រស់​កាន់តែ​ស្រស់ស្អាត នៅពេល​អំពូល​ភ្លើង LED ដែល​បំពាក់​ក្នុង​សណ្ឋាគារ​នេះ​បញ្ចេញ​ពន្លឺ​ជះ​ស្រមោល​ទៅលើ​ផ្ទៃ​ទឹក​បឹង​ដែល​ខណ្ឌ​ចែក​ក្រុង​ណាន​ជី​ង និង​ក្រុង​សៀង​ហៃ នេះ​បង្កើតបានជា​ផ្ទាំងទស្សនីយភាព​អស្ចារ្យ។

សណ្ឋាគារ​នេះ​មាន​បន្ទប់​ធម្មតា​ចំនួន៣២១បន្ទប់ បន្ទប់​ប្រភេទ Villa Room ចំនួន៣៧បន្ទប់ និង​បន្ទប់​ស្វី​ត (suite) ចំនួន៤៤បន្ទប់ បន្ទប់​ប្រធានាធិបតី (Presidential Suite) ១បន្ទប់ ក្លឹប​ហាត់ប្រាណ១ ភោជនីយដ្ឋាន៤ ហាង​កាហ្វេ១ និង​អាង​ហែល​ទឹក​កុមារ១ ។

វា​គ្មានអ្វី​ចម្លែក​នោះទេ ដែល​សំណង់​ស្ថាបត្យកម្ម​មួយ​នេះ​បាន​ជាប់​ឈ្មោះ​ក្នុងចំណោម​អគារ​ស្រស់ស្អាត​កំពូល​ទាំង៨នៅក្នុង​ប្រទេស​ចិន ដោយសារតែ​រចនាប័ទ្ម​លេចធ្លោ និង​ប្លែក​អស្ចារ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here