ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបន្តដំណើរការជាធម្មតាក្នុងអំឡុងពេលបិទខ្ទប់ ដោយលើកទឹកចិត្តវិនិយោគិនទាំងអស់ដាក់បញ្ជា ទិញ-លក់ ដោយខ្លួនឯង តាមរយៈប្រព័ន្ធជួញដូរចល័ត។ នេះបើយោងតាមក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឱ្យដឹង ថា ផ.ម.ក. នឹងដំណើរការជួញដូរមូលបត្រជាធម្មតា រួមទាំងប្រតិបត្តិការផាត់ទាត់ និងទូទាត់មូលបត្រ និងប្រតិបត្តិការរក្សាទុកមូលបត្រ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។
សម្រេចរបស់រាជរដ្ឋាភិបាល លេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។
ម៉ោងជួញដូរនឹងរក្សានៅដដែល ដោយវគ្គបើកគឺចាប់ពីម៉ោង ៨ព្រឹក ដល់៩ព្រឹក វគ្គនិរន្តន៍ចាប់ពី ម៉ោង៩ព្រឹក ដល់ ២:៥០រសៀល និងវគ្គបិទចាប់ពីម៉ោង ២:៥០រសៀល ដល់៣រសៀល។
ផ. ម. ក. បានលើកទឹកចិត្តវិនិយោគិនទាំងអស់ដាក់បញ្ជា ទិញ-លក់ ដោយខ្លួនឯង តាមរយៈប្រព័ន្ធជួញដូរ ចល័ត (MTS) ជាមួយតំណ mts.csx.com.kh ជាជាងការដាក់ដោយផ្ទាល់នៅក្រុមហ៊ុនមូលបត្រ ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តវិធានការ ៣ការពារ ៣កុំ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ ៕