ក្រុង​សៀង​ហៃ លោត​ផ្លោះ​មកកាន់​តំណែង​ជាទី​ក្រុងមាន​ទំនិញ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក

ដោយៈ​វ​ឌ្ឈ​នៈ

ប្រទេស​ចិនៈ ក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុងចំណោម​ទីក្រុង​ជម្រើស​ទាំង២៥ នៅ​ទូទាំង​ពិភពលោក ដែល​ក្លាយ​ជាទី​ក្រុងមាន​ទំនិញ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក និង​ជាទី​តាំង​សម្រាប់តែ​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ​រស់នៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុង​ហុងកុង ដែល​កាលពី​ឆ្នាំមុន​បានជា​ប់​ចំណាត់ថ្នាក់​លេខ១ បាន​ធ្លាក់​ដល់​ចំណាត់ថ្នាក់​លេខ៣ នៅក្នុង​ឆ្នាំ២០២១នេះ។ ចំណែកឯ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​រក្សា​ចំណាត់ថ្នាក់​លេខ២ដដែល។

ម៉ូ​ណា​កូ ដែលជា​ប្រទេស​មានទ្រព្យ​ស្តុកស្តម្ភ​តូច​មួយ នៅ​អឺរ៉ុប​ខាងលិច បាន​ជាប់​ចំណាត់ថ្នាក់​លេខ៤ ហើយ​ក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ ជាប់​ចំណាត់ថ្នាក់​លេខ៥ ។

យោងតាម​របាយការណ៍​ថ្មី​មួយ​មាន​ឈ្មោះថា “របាយការណ៍​ស្តីពី​ទ្រព្យសម្បត្តិ និង​បែបបទ​រស់នៅ​បែប​ស៊ី​វិ​ល័យ ទូទាំង​ពិភពលោក​ប្រចាំឆ្នាំ២០២១” (Global Wealth and Lifestyle Report 2021) របស់​ធនាគារ​ស្វ‍​៊ី​ស Bank Julius Baer បង្ហាញ​អាស៊ី នៅតែ​បន្ត​ក្លាយជា​តំបន់ ដែលមាន​ទំនិញ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក បើទោះបីជា​ផ្ទុះ​វិបត្តិ​កូ​វីដ-១៩ យ៉ាងណាក្ដី។

យោងតាម​របាយការណ៍​ប្រចាំ​ឆ្នាំនេះ​ឱ្យដឹងថា ទីក្រុង​ចំនួន៤ ក្នុងចំណោម​ទីក្រុង​មាន​ទំនិញ​ថ្លៃ​បំផុត​ទាំង៥ សម្រាប់​ពលរដ្ឋ​ដែលមាន​ទ្រព្យសម្បត្តិ ចាប់ពី១លាន​ដុល្លារ​ឡើងទៅ​នៅពេលនេះ សុទ្ធតែ​ស្ថិតនៅក្នុង​តំបន់​អាស៊ី។  ចំណែក​អឺរ៉ុប និង​តំបន់​មជ្ឈិមបូព៌ា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ២ ។

ទន្ទឹមនេះ ទ្វីបអាមេរិក ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បាន​ក្លាយជា​តំបន់ ដែលមាន​ទំនិញ​ថោក​ជាងគេ​បំផុត ដោយសារ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក និង​ដុល្លារ​កាណាដា ធ្លាក់​ថ្លៃ​ទល់នឹង​រូបិយប័ណ្ណសំខាន់ៗ ផ្សេងទៀត​ទូទាំង​ពិភពលោក។

របាយការណ៍​នេះ​បញ្ជាក់ថា ការដាក់​ចំណាត់ថ្នាក់​នេះ គឺធ្វើឡើង​ផ្អែកទៅលើ​តម្លៃ​ទំនិញប្រណីតៗមួយចំនួន នៅក្នុង​ទីក្រុង​ជម្រើស​ទាំង២៥ទូទាំង​ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here