ដោយៈ រតនៈ
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ នៅកម្ពុជាអះអាងថាទីផ្សារលំនៅដ្ឋាន នៅតែមានតម្រូវការខ្ពស់នៅឡើយ ជាពិសេសលំនៅដ្ឋានកម្រិតមធ្យម បើទោះជាជំងឺកូវីត១៩កំពុងវាយលុកក្តី។
ឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៥ មេសាកន្លងមកថា តម្លៃអចលនទ្រព្យ នៅកម្ពុជាគឺឡើងរហូត ប៉ុន្តែជំងឺកូវីតមិនធ្វើឲ្យប៉ះពាល់ ដល់ជីវភាពប្រជាពលរដ្ឋខ្លាំងដុនដាបដូចនៅប្រទេសជាច្រើន នៅលើពិភពលោកនោះទេ ដែលធ្វើឲ្យអចលនទ្រព្យនៅតែមានតម្រូវការ។
លោកបន្តថា “តម្លៃអចលនទ្រព្យនៅកម្ពុជា ពិតជាមិនធ្លាក់នោះទេ គ្រាន់តែខាតបង់ដោយសារការប្រាក់ ប្រសិនបើគាត់ទិញអចលនទ្រព្យនោះដោយខ្ចីលុយពីធនាគារ” ។
កំនើនលំនៅដ្ឋាននៅកម្ពុជា ត្រូវបានអ្នកជំនាញមើលឃើញថា ដោយសារប្រជាជនកម្ពុជាមានអាយុវ័យក្មេងច្រើន ដែលត្រូវបង្កើតគ្រួសារថ្មី ធ្វើឲ្យមានតម្រូវការលំនៅដ្ឋានថ្មី លក្ខខ័ណ្ឌនៃការបង់រំលស់កាន់តែប្រសើរ ការគាំទ្រពីវិស័យហិរញ្ញវត្ថុកាន់តែសកម្មជាងមុន ពិសេសកំនើនប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
កត្តាសុខសន្តិភាព ការកើនឡើងតម្លៃអចលនទ្រព្យ និងកំនើនសេដ្ឋកិច្ចក៏ជាផ្នែកសំខាន់ជំរុញឲ្យទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការខ្ពសោ់ងដែរ។
ឧកញ៉ាឃាង ពុទ្ឋីបានបន្តថា ប្រសិនបើកម្ពុជាគ្រប់គ្រងបានជំងឹកូវិត១៩បាន ប្រជាពលរដ្ឋភាគច្រើន អាចចេញទៅជួបគ្នាបានច្រើន ហើយការចរចាររឿងដីធ្លីក៏មានច្រើន ដែលធ្វើឲ្យការទិញលក់អចលនទ្រព្យក៏កាន់តែកើនឡើងផងដែរ។
ជាមួយគ្នានេះ លោកស្រីអាន សុធីតា អ្នកឯកទេសផ្នែកអចលនទ្រព្យកម្ពុជាបានយល់ឃើញថា តម្រូវការអចលនទ្រព្យ ពិសេសលំនៅដ្ឋាននៅកម្ពុជា នៅតែមានតម្រូវការ ហើយតម្លៃនៃការលក់ គឺមិនថមថយនោះទេគឹនៅតែមានកំណើន។
លោកស្រីបន្តថា បើទោះជាមានការធ្លាក់ចុះ លើការទិញអចលនទ្រព្យដែលមានតម្លៃចាប់ពី៥ ម៉ឹនដុល្លាសហរដ្ឋអាមេរិក បើធៀបនឹងពេលដែលមិនមានជំងឺកូវីតក្តី ប៉ុន្តែតម្រូវការនៅតែមានធម្មតា ជាសម្រាប់អចលនទ្រព្យកម្រិតសមរម្យ ដែលមានតម្លៃក្រោម៥ម៉ឹនដុល្លាសហរដ្ឋអាមេរិក៕