ដោយៈ ឡុង រិទ្ឋី
ភ្នំពេញៈ លោកជំទាវលឹម ឈីវហូអគ្គនាយិកាក្រុមហ៊ុនអ៊ែតវូដគ្រុប ធ្លាប់បានបង្ហើបពីវិធីសាស្ត្រសន្សំទុន ឬសន្សំប្រាក់ក្នុងវិស័យអចលនទ្រព្យ ចែករំលែកក្នុងកម្មវិធីមួយដែលបានប្រារពធ្វើនៅសណ្ឋាគារសូហវីតែល ក្រុងភ្នំពេញ។
លោកជំទាវបានមានប្រសាសន៍ឲ្យដឹងថា ក្នុងសម័យកាលនេះ វាជាពេលវេលាដ៏សមស្រប និងជាឳកាសមាស ដែលប្រជាពលរដ្ឋខ្មែរអាចសន្សំទុន ឬវិនិយោគលើវិស័យអចលនទ្រព្យ ដូចជា ការទិញផ្ទះបង់រំលស់នៅតាមបុរីនានា ដែលបច្ចុប្បន្នម្ចាស់បុរីភាគច្រើនបានផ្តល់នូវលក្ខខ័ណ្ឌបង់រំលស់ ដោយមិនមានប្រាក់កក់ ជាការផ្តល់ភាពងាយស្រួលឲ្យប្រជាពលរដ្ឋសន្សំលុយទិញផ្ទះបាន។
លោកជំទាវបានបន្តថា “ការសន្សំលុយកាក់ ចាយវាយត្បិតត្បៀត គួរត្រូវអនុវត្តន៍ ដើម្បីយើងអាចសន្សំលុយធំបាននាពេលអនាគត” ។
លោកជំទាវបានលើកជាឧទាហរណ៍ថា បើគ្រួសារមួយមានប្រាក់ចំណូល៦០០ទៅ៨០០ដុល្លារ ដកពាក់កណ្តាលសន្សំទិញផ្ទះ នៅពេលយើងបង់ផ្តាច់បាននៅពេលណាមួយ ឬមុនពេលកំណត់ ផ្ទះយើងចំណេញ យើងអាចលក់ចេញទទួលបានលុយដុំ យកទៅវិនិយោគនៅកន្លែងដទៃ ហើយសន្សំបន្ត យើងនឹងមានលទ្ឋភាពវិនិយោគធំបន្តិចម្តងៗបានមិនខាន។
លោកជំទាវលឹម ឈីវហូ បានបន្តថា ការសន្សំប្រាក់បន្តិចបន្តួច កុំចាយវាយខ្ជះខ្ជាយ នឹងធ្វើឲ្យទ្រព្យសម្បត្តិកើនឡើង ហើយវិធីសាស្ត្រវិនិយោគអចលនទ្រព្យខាងលើក៏ជាកត្តាល្អ សម្រាប់បង្កើនទ្រព្យសម្បត្តិផងដែរ៕