ដោយ ម៉ាលីណា
ភ្នំពេញៈ សញ្ញាប័ណ្ណសាជីវកម្មឬប័ណ្ណបំណុល ជាផលិតផលមួយរបស់ផ្សារហ៊ុនកម្ពុជា ដែលប្រជាពលរដ្ឋមួយចំនួនមិនទាន់បានយល់នៅឡើយថា តើវាមានទម្រង់បែបណាក្នុងទីផ្សារហិរញ្ញវត្ថុ។
គេហទំព័រ Cambodiabanknews.com និង Facebook page ឈ្មោះ Cambodia Bank News សូមលើកយកចំណេះដឹងថ្មីមួយទៀតគឺសញ្ញាប័ណ្ណសាជីវកម្មដើម្បីចែករំលែកចំណេះដឹងដល់អ្នកអាន។
តាមពិត សញ្ញាបណ្ណសាជីវកម្ម ជាប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់ រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រួមមានសាជីវកម្ម សហគ្រាសរដ្ឋ) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល) ហើយដែលមានន័យថា អ្នកកាន់កាប់សញ្ញាបណ្ណនេះ ជាអ្នកឱ្យលុយទៅគេខ្ចី ដោយទទួលបានមកវិញនូវការប្រាក់ ដែលបានកំណត់ទុកជាមុន (អត្រាគូប៉ុង) ហើយថ្លៃរបស់វាប្រែប្រួលនៅក្នុងដែន ដែលកំណត់ដោយអត្រាការប្រាក់។
អ្នកកាន់កាប់សញ្ញាបណ្ណសាជីវកម្ម នឹងត្រូវបានទូទាត់ប្រាក់សងវិញពេញលេញ (ទាំងប្រាក់ដើម និងការប្រាក់) នៅពេលដល់ឥណប្រតិទាន (Maturity date) ដែលជាទូទៅមានរយៈពេលពី១ឆ្នាំ ទៅ១០ឆ្នាំ ឬ២០ឆ្នាំ។
លើសពីនេះអ្នកកាន់កាប់សញ្ញាបណ្ណសាជីវកម្ម ក៏អាចបំលែងសញ្ញាបណ្ណទៅជាសាច់ប្រាក់ តាមរយៈការលក់នៅលើទីផ្សារផងដែរ ប៉ុន្តែការបំប្លែងទៅជាសាច់ប្រាក់មានភាពយឺតយ៉ាវ ដោយសារសន្ទនីយភាពទីផ្សារ (Market liquidity) នៅមានកម្រិតទាបនៅឡើយបើធៀបនឹងភាគហ៊ុន។ ដោយឡែកក្នុងករណីក្រុមហ៊ុនក្ស័យធន ម្ចាស់បំណុលត្រូវបានទូទាត់សងមុនម្ចាស់ភាគហ៊ុន៕