ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តស្ទុះងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ដោយសារការដាំក្បាលចុះនៃប្រាក់ដុល្លារអាមេរិក និងភាពតានតឹងពាណិជ្ជកម្ម ដែលជំរុញឱ្យក្រុមអ្នកវិនិយោគសម្រុកទិញមាស ស្របពេលមានការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច ព្រោះមាសជាទ្រព្យសកម្មដ៏មានសុវត្ថិភាព។
តួយ៉ាង តម្លៃមាស Spot Gold បានកើនឡើង១,៨៩ភាគរយដល់ត្រឹម៣.៤៨៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានកើនឡើង២,២៣ភាគរយដល់៣៥០១,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានដាំក្បាលចុះដល់៩៨,១ពិន្ទុនាព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,២៨ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៨៤ភាគរយដល់៣២,៧៩ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៩២ភាគរយដល់៩៧៦ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៩៦ភាគរយដល់៩៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕